website_news:2022240101

គម្រោងបញ្ជូនពលករខ្មែរMOUទៅធ្វើការនៅថៃត្រូវបានពន្យារពេលដោយសារជំងឺអូមីក្រុង

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២១ មករា ២០២២ដោយ Sokhom Khon

គម្រោងបញ្ជូនពលករខ្មែរMOUទៅធ្វើការនៅប្រទេសថៃ នៅក្នុងខែមករានេះ ត្រូវបានពន្យារពេលដោយសារការរាតត្បាតជំងឺអូមីក្រុង។ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងថ្ងៃទី២១ ខែមករានេះថា តាមគម្រោងនៅចុងខែមករា ឆ្នាំ២០២២នេះ យើងគ្រោងនឹងបញ្ជូនពលករ MOU ទៅធ្វើការនៅប្រទេសថៃប្រមាណពី២ ទៅ៣ពាន់នាក់។ ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយសារប្រទេសថៃមានបញ្ហាផ្ទុះជំងឺកូវីដ១៩ប្រភេទអូមីក្រុង ពិសេសនៅកន្លែងដែលពលករត្រូវធ្វើចត្តាឡីស័ក។ លោកបានបន្តថា «គម្រោងបញ្ជូនពលករនៅតែដដែលទេ គ្រាន់តែរាងយឺតបន្តិច ដោយសារតំបន់ដែលសម្រាប់ទុកធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរមានឆ្លងជំងឺអូមីក្រុង។ អីចឹងផែនការរបស់យើងគឺនៅដដែលទេ ហើយពលករដែលត្រូវបញ្ជូនទៅនៅចុងខែមករានេះ យើងនឹងយកទៅបញ្ចូលនៅដើមខែក្រោយវិញ»។

បើតាមលោក អន ប៊ុនហាក់ ពលករ MOU ដែលនឹងបញ្ជូនទៅធ្វើការនៅប្រទេសថៃនៅខែក្រោយនេះមានប្រមាណជាង១ម៉ឺននាក់ ដោយពួកគាត់ធ្វើទៅលើវិស័យសំណង់ ផ្នែកចំណីអាហារនិងគ្រឿងសមុទ្រជាដើម។ លោក អន ប៊ុនហាក់ បានបន្តថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃនេះ រដ្ឋាភិបាលថៃបានតម្រូវឱ្យនិយោជកថៃត្រូវទិញប័ណ្ណធានារ៉ាប់រងសម្រាប់ទុកចំណាយទៅលើការព្យាបាលពេលដែលពលករខ្មែរមានឆ្លងជំងឺកូវីដ១៩ ព្រោះថា រាល់ការព្យាបាលជាបន្ទុករបស់និយោជកទាំងស្រុង។ លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំងធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករខ្មែរដែលចាក់វ៉ាក់សាំង២ដូសរួចហើយត្រូវធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃហើយពលករដែលអត់ទាន់បានចាក់វ៉ាក់សាំងទេត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ បើតាមការប៉ាន់ស្មានបច្ចុប្បន្ននេះប្រទេសថៃត្រូវការពលរបរទេសចំនួន៤២០.០០នាក់ ដែលភាគច្រើនក្នុងការងារសំណង់ រោងចក្រ និងឧស្សាហកម្មអាហារសមុទ្រ៕ អត្ថបទ៖ សំអឿន

website_news/2022240101.txt · Last modified: 2022/01/24 08:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki