website_news:2022240202

រដ្ឋមន្ត្រីមហាផ្ទៃថា ការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់ទទួលបានលទ្ធផលដល់ ៩៣%

https://www.postkhmer.com/ ឡាយ សាមាន | Publication date 23 February 2022 | 09:51 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់ ដោយទទួលបានលទ្ធផលរហូតដល់ ៩៣ ភាគរយ ដែលជាលទ្ធផលល្អប្រសើរ ដោយលោកបន្តជំរុញស្ថាប័នមានសមត្ថកិច្ចខិតខំបន្ថែមទៀតស្របពេលមានវិបត្តិសកលដែលនឹងជះឥទ្ធិពលដល់កម្ពុជា។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផល ការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» នាថ្ងៃទី ២២ កុម្ភៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានធ្វើការកត់សម្គាល់នូវសភាពការណ៍ និងសមិទ្ធផលសំខាន់ៗ ដែលក្រសួងមហាផ្ទៃខិតខំសម្រេចបានក្នុងឆ្នាំ ២០២១ ទាំងសភាពការណ៍ពិភពលោក និងក្នុងតំបន់បានបន្តវិវឌ្ឍប្រែប្រួលឆាប់រហ័សស្មុគស្មាញ និងពិបាកប៉ាន់ស្មានស្របពេលដែលបញ្ហាប្រឈមធំៗមួយចំនួននៅសេសសល់ពុំទាន់មានវិធីដោះស្រាយនៅឡើយ។ លោកថា ទន្ទឹមនោះការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈតានតឹង។ ដើម្បីបម្រើឱ្សសកម្មភាពប្រកួតប្រជែងដ៏ស្រួចស្រាល់ខាងលើនេះ មហាអំណាចមួយចំនួនបានបង្កើនសកម្មភាព ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋតូចៗនិងក្រីក្រ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ស្របពេលទទួលរងសម្ពាធពីសភាពការណ៍សកលទាំងនេះ នៅផ្ទៃក្នុងកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ក្នុងនិងក្រៅប្រទេសបានបន្ត ខិតខំរកឧបាយកល និងសកម្មភាពខុសច្បាប់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលក្នុងគោលបំណងដណ្តើមអំណាច ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ។

លោកថា ទោះបីសភាពការណ៍សកលលោក និងតំបន់មានការវិវឌ្ឍប្រែប្រួលស្មុគស្មាញយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយបញ្ចៀសបានអំពើភេរវកម្ម ព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងធានារក្សាបានសន្តិសុខក្នុងប្រទេសល្អប្រសើរ។ ក្នុងន័យនេះ លោកថា ក្នុងឆ្នាំ ២០២១ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពាររែកពុនការងារជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។ លោកបញ្ជាក់ថា៖ «អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងទាំងនេះបានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានការថយចុះ ៦ ភាគរយ។ ពិសេសបទល្មើសឧក្រិដ្ឋ ដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រសង្គមបានថយចុះ ១៤ ភាគរយ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់រហូតដល់ ៩៣%»។ លោកបន្តថា ទន្ទឹមនឹងនេះយុទ្ធនាការប្រឆាំងបទល្មើសនានាក៏ត្រូវបានចាត់ចែងអនុវត្តជាប្រចាំ ទោះបីត្រូវរំខានខ្លះៗពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ យ៉ាងណាក្តី ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងផ្លូវភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត។ ទន្ទឹមនឹងសមិទ្ធផលខាងលើនេះនៅមានបញ្ហាសេសសល់បញ្ហាប្រឈមនានា ដែលត្រូវបន្តខិតខំពុះពាររួមគ្នាដោះស្រាយ។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា៖ «បទល្មើសព្រហ្មទណ្ឌ ទោះបីឆ្នាំកន្លងទៅមានការថមថយ ប៉ុន្តែបទល្មើសមួយចំនួនមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ មនុស្សឃាតដោយចេតនា អំពើហិង្សាដោយចេតនា អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងការបំពានខាងផ្លូវភេទ»។ ក្នុងនាមក្រសួងមហាផ្ទៃ និងរូបលោកផ្ទាល់ លោក ស ខេង សំណូមពរដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលប្តេជ្ញាស្មារតី ដើម្បីផ្តល់ធាតុចូលធ្វើការងារឱ្យ សម្រេចបានតាមការគ្រោងទុក។

លោក ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃថ្លែងថា ក្នុងឆ្នាំ ២០២១ កើតឡើងនូវសភាពការណ៍គួរឱ្យកត់សម្គាល់ដែលបង្កឡើងនូវហានិភ័យដល់សន្តិសុខជាតិ និងអន្តរជាតិ។ ការរីករាលដាលជំងឺកូវីដ ១៩ អំពើភេរវកម្ម-អន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេសទៀតនោះ បទល្មើសបច្ចេកវិទ្យា និងមានការកើនឡើងការផលិត និងចរាចរគ្រឿងញៀន ព្រមទាំងអំពើជួញដូរមនុស្ស បាននិងកំពុងរីករាលដាលក្នុងតំបន់។ លោកបានបញ្ជាក់ថា ក្នុងកិច្ចការងារ ថែរក្សាសន្តិសុខជាតិបានកើតមាននូវព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយចំនួន មានដូចជា សកម្មភាព បាតុកម្ម កូដកម្មគ្រប់រូបភាពបានថយចុះ ៨៥៨ លើក ហើយត្រូវបានសម្របសម្រួល និងដោះស្រាយ ដោយសន្តិវិធី ដែលបញ្ចៀសបាននូវបាតុភាពបង្កចលាចលក្នុងសង្គម។ ក្នុងនោះកម្លាំងសមត្ថកិច្ច ក៏បានទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ប្រកបដោយប្រសិទ្ធភាពរាល់ព័ត៌មានប្រឌិត បំភ្លៃសភាពការណ៍ និងបំពុលបរិយាកាសសង្គមត្រូវបានស្រាវជ្រាវ និងប្រតិកម្មបកស្រាយបំភ្លឺទាន់ពេលវេលា។

លោកថា៖ «បទល្មើសព្រហ្មទណ្ឌគិតជាលើក ទូទាំងប្រទេសក្នុងឆ្នាំ ២០២១ ធៀបនឹងឆ្នាំ ២០២០ បទល្មើសរួមថយចុះ ១៩៩ លើក បទឧក្រិដ្ឋថយចុះ ៩៣ លើក បទមជ្ឈិមថយ ១០៦ លើក ស្លាប់ថយចុះ ១៥ លើក របួសថយចុះ ៤៩ លើក»។ ស្ថិតិបទល្មើសគិតជាលើកក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំ ២០២១ បទល្មើសរួមថយចុះ ៩៣ លើក លួចមានស្ថានទម្ងន់ថយចុះ ៤២ លើក ឃាតកម្មថយចុះ ១៥ លើក រំលោភសេពសន្ថវៈថយចុះ ៣ លើក បង្ខាំងមនុស្សខុសច្បាប់ថយចុះ ២៣ លើក។ ស្ថិតិបទល្មើសមជ្ឈិមថយចុះ ១០៦ លើក បទល្មើសលួចថយចុះ ៦៨ លើក ឆបោករំលោភទំនុកចិត្ត ថយចុះ ១១ លើក ហិង្សាដោយចេតនាកើនឡើង ៦ លើក បំពានផ្លូវភេទថយចុះ ១ លើក ប្រើប្រាស់អាវុធខុសច្បាប់ថយចុះ ៣ លើក។ លោកបន្តថា លទ្ធផលបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទាំងប្រទេស ឆ្នាំ ២០២១ បទល្មើសសរុបភាគរយនៃការបង្ក្រាបស្មើ ៩៣ ភាគរយ បទល្មើសឧក្រិដ្ឋភាគរយបង្ក្រាប ៩២ ភាគរយ និងមជ្ឈិម ៩៤ ភាគរយ។ បើប្រៀបធៀបការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៃការបង្ក្រាប ៥ ឆ្នាំ ពីឆ្នាំ ២០១៧ ដល់ ២០២១ ក្នុងនោះឆ្នាំ ២០១៧ បង្ក្រាបបាន ៨៦ ភាគរយ និងឆ្នាំ ២០២១ បង្ក្រាប ៩៣ ភាគរយ ។ គ្រោះថ្នាក់ចរាចរណ៍ មាន ២ ៦៥៤ លើក ស្លាប់ ១ ៤៨៥ នាក់ របួស ៣ ៥៩៧ នាក់ អគ្គិភ័យ ៦៧០ លើក ស្លាប់ ១៨ នាក់ របួស ៣៥ នាក់ ឆេះផ្ទះ ៤៧២ ខ្នង ឆេះតូប ២៣១ តូប ករណីផ្ទុះអាវុធកើតឡើង ៣១ លើក ស្លាប់ ៩ នាក់ របួស ៣០ នាក់ និងគ្រោះថ្នាក់ផ្សេងៗ ៣ ៩៩២ លើក ស្លាប់ ៣ ៥៧១ នាក់ របួស ៥៤២ នាក់។ នេះបើតាមលោក ប៉ោ ភក្តិ។

លោកបញ្ជាក់ថាថ្វីបើសម្រេចបានសមិទ្ធផលគួរជាទីមោទនៈយ៉ាងណាក្តី ប៉ុន្តែសភាពការណ៍កម្ពុជានៅពេលខាងមុខនឹងប្រឈម បញ្ហាមួយចំនួនដោយសារការប្រែប្រួល និងភាពស្មុគស្មាញសន្តិសុខសកលលោក។ ក្រសួងមហាផ្ទៃដាក់ចេញយុទ្ធសាស្ត្រជាច្រើនដើម្បីបន្តរក្សាឱ្យបានឯករាជភាពទឹកដី សន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខសាធារណៈ បង្កបរិយាកាសក្នុងការស្តារកំណើន សេដ្ឋកិច្ច ធានា ការពារលើកស្ទួយសិទ្ធិសេរីភាព លើកកម្ពស់ប្រជាធិបតេយ្យសេរីពហុបក្ស៕

website_news/2022240202.txt · Last modified: 2022/02/24 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki