website_news:2022240206

២ ឆ្នាំ មានមេខ្យល់នាំពលករឆ្លងដែនជាង ៦០ នាក់ នៅស្រុកចំនួន ២ ត្រូវបានចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ

https://www.postkhmer.com/national/ គឹម សារុំ | Publication date 22 February 2022 | 16:04 ICT

បាត់ដំបងៈ គិតចាប់ពីមានការផ្ទុះជំងឺកូវីដប្រមាណ ២ ឆ្នាំកន្លងមក មានមេខ្យល់ជាង ៦០ នាក់ ដែលបាននាំពលករឆ្លងដែនទៅថៃតាមច្រករបៀងក្នុងស្រុកសំពៅលូន និងស្រុកកំរៀងខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្ត រីឯនៅថ្ងៃទី ២១-២២ កុម្ភៈ ឆ្នាំនេះ មានពលករប្រុសស្រី ១៨២ នាក់ ក្នុងស្រុកទាំង ២ខាងលើ បានវិលមកពីប្រទេសថៃវិញ។

លោក ម៉ង់ ស៊ី មេបញ្ជាការវរ ៨១៩ ប្រចាំការនៅតាមតំបន់ជាយដែនកម្ពុជា-ថៃក្នុងស្រុកកំរៀងបានឱ្យដឹងនៅថ្ងៃទី ២២ កុម្ភៈថា កាលពីថ្ងៃទី ២១ កុម្ភៈ សមត្ថកិច្ចរបស់លោកបានទទួលពលករប្រុសស្រីរួមទាំងកូនៗរបស់ពួកគេមកពីប្រទេសថៃ ចំនួន ១៣៤ នាក់ (ស្រី ៤៨ នាក់ បូករួមទាំងក្មេង ១៥ នាក់)។ ក្នុងនោះពលករ ៤៣ នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកសំពៅលូន។ លោកបន្តថា ពលករទាំង ១៣៤ នាក់នេះ ត្រូវបានទាហានថៃបញ្ជូនមកតាមតាមច្រកតំបន់អូរអន្លក់ ស្ថិតនៅក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ពលករទាំងនោះមិនមែនធ្វើដំណើរគ្មានគោលដៅហើយត្រូវទាហានថៃចាប់ទេ តែពួកគាត់បានត្រឡប់មកប្រទេសវិញ តាមបំណងរបស់ពួកគាត់។ ចំពោះពលករខ្លះដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័ក គឺដោយសារតែពួកគេមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ពិសេសអ្នកទើបតែទៅដល់ប្រទេសថៃ ហើយគ្មានការងារធ្វើរួចក៏ត្រឡប់មកស្រុកកំណើតវិញ។ លោកបញ្ជាក់ថា៖ «ករណីនេះខាងសមត្ថកិច្ចយើងបានសហការល្អជាមួយភាគីថៃ ហើយថៃគាត់បញ្ជូនមកឱ្យយើង។ និយាយរួមទៅពួកគាត់ត្រឡប់មកវិញព្រោះអស់ការងារធ្វើនិងអ្នកខ្លះទៀតគាត់ទៅយូរឆ្នាំ និងចង់មកលេងក្រុមគ្រួសារ ឬក៏ក្រុមគ្រួសាររបស់ពួកគាត់មានរវល់ចាំបាច់»។ លោកបានបន្ថែមថា ចាប់ពីក្រោយឆ្នាំ ២០២០-២០២១ រហូតមកដល់ពេលនេះហាក់ដូចជាគ្មានមេខ្យល់លួចនាំពលករឆ្លងដែនទៅប្រទេសថៃទៀតទេ ព្រោះមេខ្យល់ប្រុសស្រីជាង ៤០ នាក់ ដែលសមត្ថកិច្ចរបស់លោកបានចាប់ខ្លួនអំឡុងពេលផ្ទុះជំងឺកូវីដខ្លាំងត្រូវបានបញ្ជូនទៅតុលាការខេត្តបាត់ដំបង ហើយត្រូវតុលាការឃុំខ្លួន។ហេតុដូច្នេះនៅពេលនេះសកម្មភាពរបស់មេខ្យល់នាំពលករទៅប្រទេសថៃ ហាក់ដូចជាស្ងប់ស្ងាត់ហើយ។

ដោយឡែក លោក ប្រាក់ សាយ មេបញ្ជាការវរ ៨១៧ ប្រចាំការនៅតាមតំបន់ជាយដែនកម្ពុជា-ថៃក្នុងស្រុក សំពៅលូនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ កុម្ភៈថា ក្នុងរយៈពេល ២ ថ្ងៃ (២១-២២ កុម្ភៈ) មានពលករប្រុសស្រីចំនួន ៤៨ នាក់ (ស្រី ៧ នាក់ បូករួមក្មេង ២ នាក់ទៀត) បានវិលត្រឡប់មកពីប្រទេសថៃវិញ តាមប៉ុស្តិ៍គីឡូ ១៣ ក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ក្នុងចំណោមនោះ មានពលករខ្លះត្រូវបានគ្រូពេទ្យតម្រូវឱ្យធ្វើចត្តាឡីស័កដោយសារតែអ្នកខ្លះបានចាក់វ៉ាក់សាំងមកពីប្រទេសថៃហើយ តែគាត់មានវិមានកូវីដ ១៩។ លោកបញ្ជាក់ថា៖ «ពលករដែលត្រឡប់មកវិញនោះអ្នកខ្លះក៏បានចាក់វ៉ាក់សាំងបាន ៣ ដង អ្នកខ្លះបាន ២ ដង និងខ្លះបានម្តងហើយ បើគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមានកូវីដទៀតនឹងបញ្ជូនទៅធ្ចើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ»។ លោកបន្តថា ចំពោះបទល្មើសពាក់ព័ន្ធនឹងមេខ្យល់លួចនាំពលករឆ្លងដែនទៅប្រទេសថៃវិញ ក៏មិនឃើញមានសកម្មភាពអីដែរ ហើយបើគិតក្នុងរយៈពេលជាង ២ ឆ្នាំ (២០២០-២០២១) មកនេះសមត្ថកិច្ចចាប់ខ្លួនមេខ្យល់បានប្រមាណជាង ២០ នាក់ហើយ៕

website_news/2022240206.txt · Last modified: 2022/02/24 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki