website_news:2022240301

សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការងារ ភូម ឃុំ សង្កាត់ មានសុវត្ថិភាព

https://cen.com.kh/ Posted ByPen Srey NeatMarch 23, 2022

ព្រៃវែង៖ ស្ដីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បើគ្មានការចូលរួមពីប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចនោះទេ សមត្ថកិច្ចក៏មិនអាចអនុវត្តគោលការណ៍នេះប្រកបដោយជោគជ័យបានដែរ ដូច្នេះហើយបានជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីរាជការ កងកម្លាំងទាំងអស់បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេស ត្រូវបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូម ឃុំ សង្កាត់មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន។ ការជំរុញបែបនេះរបស់ សម្ដេចក្រឡាហោម ស ខេង ធ្វើឡើង ក្នុងឱកាសសម្ដេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃ២២ ខែមីនា ឆ្នាំ២០២២។

ជាមួយនឹងការជំរុញនេះ សម្តេចក្រឡាហោម ក៏បានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំង មានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តព្រៃវែង និងខេត្តផ្សេងទៀត ដែលបានខិតខំប្រឹងប្រែង រួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញផងដែរថា រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេស ការចូលរួមចាក់វ៉ាក់សាំង ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ, ដោយធ្វើយ៉ាងណា ត្រូវបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូម ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ អំពើហិង្សា ល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

website_news/2022240301.txt · Last modified: 2022/03/24 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki