website_news:2022240302

សកម្មភាពនៃការលួចឆ្លងដែនរបស់ពលករខ្មែរនៅតែមាន,ខណៈការវិលត្រឡប់ហាក់មានសន្ទុះច្រើនជាងមុនបន្តិច

http://nokorwatnews.com/ 23/03/2022

ខេត្តបាត់ដំបង ៖ ក្នុងបរិបទជំងឺកូវីដ-១៩ កំពុងរីករាលដាលអាជ្ញាធរតាមព្រំដែនរឹតបន្តឹងការឆ្លងដែនយ៉ាងណាក៏ដោយក៏សកម្មភាពលួចឆ្មក់ឆ្លងដែនខុសច្បាប់នៅតែកើតមាន។ ជាក់ស្ដែងនៅតាមព្រំដែនខេត្តបាត់ដំបងជាប់ជាមួយប្រទេសថៃ នៅតែមានប្រជាពលរដ្ឋចេញចូល ដោយខុសច្បាប់ និងលួចឆ្លងដែនចូលប្រទេសថៃជាដដែល។ សកម្មភាពខុសច្បាប់ទាំងនេះត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញជារឿយៗ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈសកម្មភាពបណ្តាញមេខ្យល់នាំមនុស្សឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃនៅតែបន្តកើតមាន។ របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឱ្យដឹងថា អាជ្ញាធរនិងកងកម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែនខុសច្បាប់ ចំនួន២លើក មនុស្ស១១នាក់ និងសមត្ថកិច្ចថៃ បានចាប់បញ្ជូនមកវិញចំនួន១៦០លើកមនុស្ស៥៦៩៦នាក់។ អាជ្ញាធរមានសមត្ថកិច្ចទាំងភាគីថៃ ក៏ដូចកម្ពុជាបានព្យាយាមសម្របសម្រួលឲ្យមានការចេញចូលដោយស្របច្បាប់ ។ ប៉ុន្តែជនខិលខូចជាពិសេសពលរដ្ឋដែលមិនមានឯកសារគ្រប់គ្រាន់នៅតែបន្តលួចឆ្លងដែនខុសច្បាប់។ ទីបំផុតប្រជាពលរដ្ឋនោះត្រូវអាជ្ញាធរថៃចាប់បានហើយបញ្ជូនប្រគល់មកឲ្យភាគីកម្ពុជាវិញជារឿយៗផងដែរ ។ ជនខិលខូចក៏ដូចជាប្រជាពលរដ្ឋ ដែលមិនមានឯកសារគ្រប់គ្រាន់នៅតែបន្តព្យាយាមលួចឆ្លង ដែនបំពានច្បាប់បង្កឲ្យមានបញ្ហាឈឺក្បាលជាញឹកញាប់ដល់សមត្ថកិច្ច។

របាយការណ៍ដដែលបន្ថែមថា ចំពោះសភាពការណ៍ ប្រជាពលរដ្ឋចេញ-ចូលឆ្លងកាត់ព្រំដែន មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែន អន្តរជាតិដូង ច្រកព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល និងច្រក (៤០០) ទាំងចេញ និងចូល សរុបចំនួនជិត១ម៉ឺន៦ពាន់នាក់។ លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា នៅតាមច្រកនេះ រំហូរពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃ ក្នុងមួយរយៈពេល ចុងក្រោយនេះ មិនទៀងទាត់ឡើយ ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានកែសម្រួល និងរឹតបន្តឹង។ យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា នៅក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះហាក់ដូចជាមានចរន្តនៃការវិលត្រឡប់របស់ពលករខ្មែរកើនឡើងជាងសព្វមួយដង។

របាយាករណ៍ បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញទិសដៅការងារបន្តដោយ បង្កើនសកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និង ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ លើកកម្ពស់អនុវត្តស្មារតី នៃកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋ បាលខេត្តបាត់ដំបង និងខេត្តចាន់បុរី និងរវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ដើម្បីសម្រួលដល់ពលករ ទៅធ្វើការនៅខេត្តចាន់បុរី។ រដ្ឋបាលខេត្ត បានប្ដេជ្ញាជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់៕

website_news/2022240302.txt · Last modified: 2022/03/24 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki