website_news:2022240304

ក្នុងខែកុម្ភៈ សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកខេត្តបាត់ដំបង

https://btv.com.kh/ 03/22/2022 02:03 PM

បាត់ដំបង៖ ក្នុងរយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈសកម្មភាពបណ្តាញមេខ្យល់នាំមនុស្ស ឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃនៅតែបន្តកើតមាន។

របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ បាន ឱ្យដឹងថា អាជ្ញាធរនិងកងកម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែនខុសច្បាប់ ចំនួន២លើក មនុស្ស១១នាក់ និងសមត្ថកិច្ចថៃ បានចាប់បញ្ជូនមកវិញ ចំនួន១៦០លើកមនុស្ស៥៦៩៦នាក់។ របាយការណ៍ បានឱ្យដឹងបន្ថែមថា ការល្បាតតាមព្រំដែន វរសេនាតូចនគរបាលការពារព្រំដែន គោកសហការជាមួយកងទ័ពភាគីថៃ និងផ្នែកសឹករងវរសេនាតូច នៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបង កងការពារព្រំដែនលេខ៥០២ និង៥០៤ ចំណែកការងារទំនាក់ទំនងព្រំដែន បានជួបប្រជុំជាមួយភាគីថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អ និងផ្លាស់ប្តូរព័ត៌មានចំនួន១១លើក។ ចំពោះសភាពការណ៍ប្រជាពលរដ្ឋចេញ-ចូលឆ្លងកាត់ព្រំដែន មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែន អន្តរជាតិដូង ច្រកព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល និងច្រក (៤០០) ទាំងចេញ និងចូល សរុបចំនួនជិត១ម៉ឺន៦ពាន់នាក់។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា នៅតាមច្រកនេះ រំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ក្នុងមួយរយៈពេល ចុងក្រោយនេះ មិនទៀងទាត់ឡើយ ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានកែសម្រួល និងរឹតបន្តឹង។ របាយាករណ៍ បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញទិសដៅការងារបន្តដោយ បង្កើនសកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និង ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។លើកកម្ពស់អនុវត្តស្មារតី នៃកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋ បាលខេត្តបាត់ដំបង និងខេត្តចាន់បុរី និងរវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ដើម្បីសម្រួលដល់ពលករ ទៅធ្វើការនៅខេត្តចាន់បុរី។ រដ្ឋបាលខេត្ត បានប្ដេជ្ញាជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាព ជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់៕ អត្ថបទ៖ នឿត សុភក្ត្រ

website_news/2022240304.txt · Last modified: 2022/03/24 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki