website_news:2022240501

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បង្ហាញលទ្ធផលក្រោយចូលរួម «វេទិកាពិនិត្យឡើងវិញទេសន្ដរប្រវេសន៍អន្ដរជាតិ» នៅទីក្រុងញូវយ៉ក

http://m.freshnewsasia.com/ 2022-05-23 06:45pm

(ភ្នំពេញ)៖ កិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពី «វេទិកាពិនិត្យឡើងវិញនូវទេសន្តរប្រវេសន៍អន្តរជាតិ» (International Migration Review Forum: IMRF) បានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩៥ លើពិភពលោកចូលរួម។ កម្ពុជា ក្នុងនាមជាប្រទេសជ័យលាភី មួយក្នុងចំណោម ប្រទេស៣៣ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំនេះ និងបានត្រឡប់មកវិញដោយសុវត្ថិភាព។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលការចាត់តាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូអន្តរក្រសួងមួយក្រុម ដែលមានតំណាងពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួល និងចូលរួមយ៉ាងសកម្មពីលោក កែ សុវណ្ណ ឯកអគ្គរាជទូត ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ផងដែរ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មានកិច្ចប្រជុំដែលហៅថា ជាព្រឹត្តិការណ៍អម ចំនួន២៣ផ្សេងទៀត ដែលក្រុមនៃប្រទេស ឬជាកិច្ចសហការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ឬអង្គការឯកទេស ជាមួយប្រទេសមួយចំនួន ត្រូវបានរៀបចំឡើងទន្ទឹមនឹងកិច្ចប្រជុំរួមនេះ។ ក្នុងនោះបានផ្តោតលើប្រធានបទពាក់ព័ន្ធ ជុំវិញការអនុវត្ត គោលបំណងអាទិភាពទាំង២៣ របស់កតិការសញ្ញាពិភពលោក ដែលរួមទាំងបទពិសោធន៍ល្អ ភាពប្រឈម ដំណោះស្រាយ និងអនុសាសន៍ឬសំណូមពរផ្សេងៗ ដែលអាចធ្វើឲ្យដំណើរការ នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ប្រព្រឹត្តិទៅបានជោគជ័យក្នុងការការពារ សិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍។

គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួន ដែលពាក់ព័ន្ធនឹងជម្រើសជាអាទិភាពរបស់កម្ពុជា និងបានចូលរួមផ្តល់បទពិសោធន៍ និងធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកាតិការណ៍សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម។បទពិសោធន៍របស់កម្ពុជាបានធ្វើឲ្យបណ្តាប្រទេសអបអរសាទរនិងកោតសរសើរជាខ្លាំង។ទន្ទឹមនឹងនោះ គណៈប្រតិភូនៃប្រទេស ក្រូអាត បង់ក្លាដេស កាណាដា ព្រុយណេដារូសាឡឹម បានស្នើសុំជួបជាទ្វភាគី ដើយបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឲ្យរួចផុតពីគ្រោះមហន្តរាយដោយកូវីដ១៩ បានឆាប់រហ័ស និងធ្វើឲ្យដំណើការសេដ្ឋកិច្ចសង្គម ប្រព្រឹត្តទៅបានដោយរលូនជាថ្មី។ ទន្ទឹមនឹងនោះ ភាពជាអ្នកដឹកនាំអាស៊ានរបស់កម្ពុជា ក៏ជាឱកាសដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាតំបន់ ហើយប្រទេសទាំងនោះ មានបំណងពង្រឹងកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសិក្សាធិការផងដែរ៕

website_news/2022240501.txt · Last modified: 2022/05/24 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki