website_news:2022240503

រថយន្តថៃ៥គ្រឿងដឹកពលករចេញពីព្រំដែន ត្រូវស្ទាក់ចាប់ពលករខ្មែរជាង៣០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៣ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៤:៥៤

ខេត្តបន្ទាយមានជ័យ ៖ រថយន្តថៃចំនួន៥គ្រឿង ដែលលួចដឹកពលករខ្មែរចេញពីចំណុចព្រំដែន ត្រូវសមត្ថកិច្ចថៃស្ទាក់ចាប់បានពលករខ្មែរចំនួន៣៥នាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២កន្លងទៅ នៅក្នុងភូមិសាស្ត្រស្រុកអារញ្ញ ខេត្តស្រះកែវ ។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា កម្លាំងយោធាថៃឈរជើងតាមបន្ទាត់ព្រំដែន ពិតជាបានឃាត់រថយន្តចំនួន៥គ្រឿង ដែលដឹកពលករខ្មែរប្រុស-ស្រីចំនួន៣៥នាក់ ក្នុងនោះមានជនជាតិថៃ៥នាក់ ដោយចាប់បញ្ជូនទៅប្រគល់ឱ្យកម្លាំងប៉ូលិសនៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ចាត់ការតាមច្បាប់ ។ ប្រភពដដែលឲ្យដឹងទៀតថា ក្រោយពីត្រូវឃាត់ខ្លួន ពលករខ្មែរទាំងនោះត្រូវបាននាំយកទៅសាកសួរនៅស្នាក់ការប៉ូលិសស្រុកអារញ្ញ ហើយពួកគាត់ឆ្លើយថា បានលួចឆ្លងចូលមកទឹកដីថៃតាមរយៈមេខ្យល់ខ្មែរ ដែលយកលុយក្នុងម្នាក់៥.០០០បាត ។ នៅពេលជូនចូលដល់ក្នុងទឹកដីថៃ មានមេខ្យល់ថៃបន្តជូនទៅជិះរថយន្ត ក្នុងគោលបំណងទៅរកការងារធ្វើនៅប្រទេសថៃ ។ ប៉ុន្តែ នៅពេលជិះរថយន្តចេញពីព្រំដែន ក៏ត្រូវសមត្ថកិច្ចថៃឃាត់រថយន្តទាំង៥គ្រឿង ដែលដឹកពួកគាត់សរុបចំនួន៣៥នាក់នេះ ។ តាមចម្លើយម្ចាស់រថយន្តថា ពួកខ្លួនគ្រាន់តែស៊ីឈ្នួលដឹកពីព្រំដែនទៅដល់កន្លែងធ្វើការនៅក្រុងបាងកកប៉ុណ្ណោះ ដោយក្នុងម្នាក់យកថ្លៃឈ្នួល៩០០បាត ៕

website_news/2022240503.txt · Last modified: 2022/05/24 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki