website_news:2022240801

លោក គួច ចំរើន ប្រាប់អ្នកជំនាញសិទ្ធិមនុស្សUNថា បញ្ហាជួញដូរមនុស្សក្នុងខេត្តព្រះសីហនុមិនអាក្រក់ដូចការចោទឡើយ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 21/08/2022 - 08:30 ដោយ៖អោ ស្រីពេជ្រ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុតតាបន នៅថ្ងៃសុក្រថ្មីៗនេះ បានធ្វើដំណើរទៅដល់ខេត្តព្រះសីហនុ ដើម្បីសិក្សាបន្ថែមពីបញ្ហាដ៏ចម្រូងចម្រាសមួយចំនួន ជុំវិញការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត។ ទឹកដីខេត្តព្រះសីហនុ បច្ចុប្បន្នដែលសម្បូរហូរហៀរទៅដោយជនជាតិបរទេស ត្រូវបានចុះផ្សាយព្រោងព្រាតថា មានឧក្រិដ្ឋកម្មប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងច្រើន តែអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អះអាងថា វាមិនដូចការចោទប្រកាន់នោះឡើយ ដោយស្នើឱ្យលោក វិទិត មុតតាបន ធ្វើរបាយការណ៍ឱ្យត្រឹមត្រូវនិងច្បាស់លាស់។

ជាជំនួបលើកទីមួយរបស់ លោក វិទិត មុតតាបន ជាមួយ លោកគួច ចំរើន ក្នុងការស្វែងយល់អំពីកង្វល់ និងបញ្ហាប្រឈមនានាជុំវិញស្ថានភាពសិទ្ធិមនុស្ស ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តព្រះសីហនុ។ ក្នុងជំនួបនៅថ្ងៃសុក្រទី១៩សីហាជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការពារនូវអ្វីដែលចោទប្រកាន់ថា ខេត្តព្រះសីហនុ ជាទឹកដីដែលមានបរិយាសកាសអំណោយផលដល់ជនទុច្ចរិតបរទេសប្រព្រឹត្តិឧក្រិដ្ឋកម្ម ដោយសំអាងតែទៅលើការចុះផ្សាយដោយគ្មានការពិត។ ការចុះផ្សាយគ្មានការពិត ដោយផ្អែកតែលើការលើកឡើងរបស់អ្នកដែលតាំងខ្លួនជារងគ្រោះក្នុងករណីចាប់បង្ខាំង ដើម្បីប្តូរកន្លែងធ្វើការ និងហើយករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ហើយក៏មិនមានករណីចាប់បង្ខាំងឡើយ គឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ ហើយអភិបាលខេត្តព្រះសីហនុ បានស្នើឱ្យលោក វិទិត មុតតាបន ធ្វើរបាយការណ៍ការងារនៅចុងឆ្នាំរបស់ខ្លួន ឱ្យត្រឹមត្រូវនិងច្បាស់លាស់។ លោកអភិបាលខេត្តព្រះសីហនុ បានប្រាប់បន្ថែមទៀតថា កន្លងមកកម្ពុជានិងថៃមានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយមានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុតាមរយៈការអូសទាញដោយខុសច្បាប់។ តែយ៉ាងណាមិញ ការចុះប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចមិនដែលបន្ធូរដៃឡើយ។

នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក សំ សំអាត នៅថ្ងៃទី២១សីហានេះ ប្រាប់ពីកង្វល់ថា បញ្ហាជួញដូរមនុស្សនៅកម្ពុជា កាន់តែអាក្រក់ទៅៗ ដែលពុំមែនមានតែនៅក្នុងខេត្តព្រះសីហនុមួយទេ តែវាមានកើតមាននៅក្នុងខេត្តជាប់ព្រំដែនដូចជា កោះកុង កណ្តាល និងពោធិ៍សាត់ជាដើម។ បញ្ហានេះ លោកថា ទាមទារអោយសមត្ថកិច្ចកម្ពុជាចុះប្រតិបត្តិបង្ក្រាបដោយឆន្ទៈខ្ពស់ និងបន្ថែមកិច្ចសហការជាមួយបរទេសឱ្យកាន់តែមានប្រសិទ្ធិភាព។

ទាក់ទិនករណីបង្ខាំង អំពើឆបោក និងការជួញដូរមនុស្សនៅកម្ពុជានេះ ក្រសួងការបទេសអាមេរិកកាលពីខែកក្កដា បានចេញរបាយការណ៍មួយដាក់កម្ពុជាក្នុងបញ្ជីខ្មៅ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់នោះទេ។ តែពីខាងកម្ពុជាវិញ តួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញបង្ក្រាបល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ៧៤ករណី ថយចុះ១២៤ករណី។ ជាតួលេខថយចុះ១០០ករណី បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

website_news/2022240801.txt · Last modified: 2022/08/24 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki