website_news:2022240804

សមត្ថកិច្ចកម្ពុជា-វៀតណាមកំពុងស្រាវជ្រាវករណីបុគ្គលិករត់ចេញពីកាស៊ីណូនៅឃុំជ្រៃធំ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 22 August 2022 | 10:01 ICT

កណ្តាលៈ សមត្ថកិច្ចជំនាញពាក់ព័ន្ធកម្ពុជាកំពុងសហការជាមួយសមត្ថកិច្ចវៀតណាម ដើម្បីធ្វើការស្រាវជ្រាវបន្ថែមលើករណីបុគ្គលិកជនជាតិវៀតណាមជាង ៤០ នាក់ បានបុកទម្លុះទ្វាររត់ចេញពីអគារកាស៊ីណូមួយនៅឃុំជ្រៃធំ ស្រុកកោះធំ ជាប់ព្រំប្រទល់វៀតណាមកាលពីថ្ងៃទី ១៨ សីហា ខណៈសមត្ថកិច្ចបានឃាត់មេការកាស៊ីណូ និងអ្នកពាក់ព័ន្ធសាកសួរ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានបុគ្គលិកជនជាតិវៀតណាមប្រុស-ស្រីជាង ៤០ នាក់បានទម្លុះទ្វារចេញពីកាស៊ីណូឈ្មោះ Golden Phonix Entertainment ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ជាប់ព្រំដែនវៀតណាមកាលពីថ្ងៃទី ១៨ ខែសីហា។

អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២១ សីហាថា បាតុភាពបណ្តាលឱ្យបុគ្គលិកសម្រុករត់ចេញនោះ ដោយសារមានវិវាទការងារកើតឡើងរវាងថៅកែ និងបុគ្គលិកនិយាយមិនត្រូវគ្នា។ យ៉ាងនេះក្តី លោកថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធច្បាប់ការងារ ក៏ដូចជាលិខិតឆ្លងដែនចំពោះអ្នករត់គេចនោះ ថា តើជនអន្តោប្រវេសន៍ទាំងនោះមកធ្វើការដោយស្របច្បាប់ឬយ៉ាងណា? លោកថា៖ «យើងជំនាញខាងខេត្ត ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងស្រាវជ្រាវបន្តទៀត តែលទ្ធផលបែបណានោះមិនទាន់បានលើកឡើងទេ ដោយសាររឿងនេះត្រូវមើលឱ្យសព្វគ្រប់ជ្រុងជ្រោយ ថាតើវិវាទកើតចេញមកពីអ្វី យើងត្រូវមើលច្បាប់ការងារ លិខិតឆ្លងដែន ថាគាត់ជនអន្តោប្រវេសន៍ស្របច្បាប់ដែរអត់?»។ លោកថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនមេការ និងកំពុងសហការជាមួយអាជ្ញាធរវៀតណាមផងដែរ បន្ទាប់ពីបុគ្គលិកទាំងនោះមួយចំនួនបានហែលទឹកឆ្លងដែនចូលដីវៀតណាមដែលជាប់ព្រំប្រទល់កម្ពុជា។

លោកថា៖ «ព្រោះមានមនុស្សហែលទឹកចូលទៅប្រទេសវៀតណាមតាមស្ទឹងជ្រៃធំ ស្ទឹងនេះមានទទឹងប្រហែលជាង ៤០ ម៉ែត្រ អ៊ីចឹងហែលបន្តិចទៅចូលដល់ដីវៀតណាម។ អ៊ីចឹងយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរវៀតណាម ដើម្បីឃាត់ពួកគាត់សួរនាំពីដំណើរដើមទង ប៉ុន្តែវាអត់មានជាបទល្មើសធំធេង គ្រាន់តែជាវិវាទមួយដែលត្រូវការដោះស្រាយរកយុត្តិធម៌ជូនជនរងគ្រោះ»។ លោក គង់ សោភ័ណ្ឌ ឱ្យដឹងដែរថា ក្នុងហេតុការណ៍នោះក៏បង្កឱ្យសន្តិសុខក្រុមហ៊ុន ២ នាក់របួសស្នាមដែរ បន្ទាប់ពីពួកគេព្យាយាមឃាត់បុគ្គលិកដែលសម្រុករត់ចេញ ប៉ុន្តែត្រូវបានបុគ្គលិកនោះយកកាំបិត និងដែកវាយទៅលើសន្តិសុខបង្កឱ្យមានរយះជើង។

ពាក់ព័ន្ធករណីនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស ខេង បានថ្លែងថា ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធមេការ និងជនរងគ្រោះមួយចំនួន ដើម្បីសួរនាំបន្តនីតិវិធី។ លោកបន្តថា៖ «ខ្ញុំមិនទាន់មានព័ត៌មានជាក់លាក់ទេ ប៉ុន្តែព័ត៌មានជាបឋមមកថា បុគ្គលិកទាំងនោះប្រហែលមកធ្វើការខុសច្បាប់ ហើយមានការសន្យាផ្តល់ប្រាក់ខែ ប៉ុន្តែការងារនោះមិនដូចទៅតាមអ្វីដែលគេបានសន្យា»។ លោក ស ខេង បានថ្លែងបែបនេះប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នចំនួន ៦ និងក្រសួង ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី ១ ឆ្នាំ ២០២២ កាលព្រឹកថ្ងៃទី ១៩ សីហា។ លោកថ្លែងថា៖ «តាមខ្ញុំដឹងជនជាតិវៀតណាមនៅជិតព្រំដែន អ៊ីចឹងគាត់រត់ចេញឆ្លងទៅវៀតណាមហើយនៅមានសេសសល់ជនរងគ្រោះខ្លះ ដែលទៅវៀតណាមអត់ទាន់រួច។ បុគ្គលិកទាំងនោះមានទាំងស្របច្បាប់ និងខុសច្បាប់ ប៉ុន្តែមួយចំនួនធំចូលមកស្របច្បាប់ ប៉ុន្តែយើងត្រូវពិនិត្យទៀតថាមានបណ្ណការងារឬអត់»។

សារព័ត៌មានវៀតណាម e.-vnexpress.net បានចុះផ្សាយថា ប៉ូលិសវៀតណាមនៃខេត្ត An Giang បានរកឃើញសាកសពយុវជនម្នាក់ អាយុ ១៦ ឆ្នាំដែលរត់ចេញពីកាស៊ីណូនៅឃុំជ្រៃធំនៃប្រទេសកម្ពុជា ហើយអាជ្ញាធរកំពុងធ្វើកោសល្យវិច័យ។

ភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងសុំការបញ្ជាក់ជុំវិញបញ្ហានេះពីភាគីកម្ពុជា ប៉ុន្តែលោក ស៊ីម ឃាង អធិការស្រុកកោះធំបានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យសួរទៅថ្នាក់លើ ខណៈលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលទូរស័ព្ទចូលតែពុំមានអ្នកទទួល។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត បានសម្តែងការព្រួយបារម្ភ ចំពោះហេតុការណ៍ជួញដូរមនុស្សនៅកម្ពុជា ដែលត្រូវបានលេចឡើងជាបន្តបន្ទាប់។ លោកថា៖ «ថ្មីៗនេះយើងឃើញស្ថាប័នព័ត៌មានជាតិ និងស្ថាប័នអន្តរជាតិបានចុះផ្សាយ និងចេញរបាយការណ៍ទាក់ទងបញ្ហាការជួញដូរមនុស្ស ជាពិសេសការជួញដូរកម្លាំងពលកម្ម ដែលប្រព្រឹត្តទៅតាមអនឡាញ»។ ជាមួយគ្នានេះដែរលោក ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព បើពុំនោះទេកម្ពុជានឹងរងផលប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិ ក៏ដូចជាប៉ះពាល់ដល់ការវិនិយោគជាដើម។ លោកថា៖ «យើងគាំទ្រការបង្ក្រាប និងការទប់ស្កាត់រាល់ករណីនៃការជួញដូរមនុស្ស ប៉ុន្តែយ៉ាងណាក៏ដោយត្រូវពង្រឹងបន្ថែមទៀតនូវយន្តការ ដើម្បីទប់ស្កាត់ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ទោះបីអ្នកពាក់ព័ន្ធនោះមានឋានន្តរស័ក្ដិប៉ុនណាក៏ដោយ»។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថា ក្រសួងកំពុងរៀបចំផែនការប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាក់ស្តែងមួយទៀត និងត្រៀម សម្រាប់ការប្រជុំជាមួយនឹងដៃគូអន្តរជាតិក្នុងការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដោយមានបេសកកម្មទី ១ គឺជួយជនរងគ្រោះ និងទី ២ ចាប់មេខ្លោងពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

website_news/2022240804.txt · Last modified: 2022/08/24 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki