website_news:2022240805

នគរបាលវៀតណាមចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជនជាតិវៀតណាមចំនួន៤០នាក់ដែលរត់គេចពីការប្រើកម្លាំងពលកម្មដោយបង្ខិតបង្ខំ នៅកម្ពុជា

https://www.khmertimeskh.com/ August 23, 2022

ភ្នាក់ងារសន្តិសុខស៊ើបអង្កេតរបស់ប៉ូលីស An Giang បានចាប់ខ្លួនជនសង្ស័យចំនួន២ នាក់ ដើម្បីស៊ើបអង្កេតលើករណី “រៀបចំច្រកចេញដោយខុសច្បាប់” ក្នុងករណីជនជាតិវៀតណាមចំនួន ៤០ នាក់បានហែលទឹកឆ្លងទន្លេទៅប្រទេសវៀតណាមដើម្បីរត់គេចចេញពីកាស៊ីណូក្នុងប្រទេសកម្ពុជា។ បើតាមលោកវរសេនីយ៍ឯក Dinh Van Noi ស្នងការនគរបាលខេត្ត ជនសង្ស័យមានឈ្មោះ Nguyen Thi Le កើតនៅឆ្នាំ ១៩៨០ និង Le Van Danh កើតឆ្នាំ ១៩៨៨ អ្នកទាំងពីរមានទីលំនៅសង្កាត់ Long Binh ស្រុក An Phu។ ភ្នាក់ងារក៏បានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌលើអ្នកទាំងពីរនិងករណីនេះផងដែរ។ ការសម្រេចចិត្តខាងលើត្រូវបានអនុម័តដោយអយ្យការប្រជាជនក្នុងកម្រិតដូចគ្នា។ ជនជាតិវៀតណាមចំនួន៤០នាក់ ប្រុស៣៥នាក់ ស្រី៥នាក់ ត្រូវបានកម្លាំងការពារព្រំដែនខេត្ត An Giang ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីបានចូលមកប្រទេសវៀតណាមដោយខុសច្បាប់ពីកម្ពុជា។

តាមសាក្សីពួកគេបានព្យាយាមរត់គេចពីកាស៊ីណូមួយនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលប្រទេសកម្ពុជា ហើយហែលឆ្លងទន្លេ Binh Ghi ដើម្បីត្រឡប់ទៅប្រទេសវៀតណាមវិញ។ ពួកគេបាននិយាយថា កន្លងមកពួកគេបានមកកម្ពុជាដើម្បីធ្វើការនៅកាស៊ីណូ។ ការងាររបស់ពួកគេគឺបង្កើតហ្គេមអនឡាញ និងចូលទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមតាមការបញ្ជារបស់ថៅកែនៅកាស៊ីណូ ប៉ុន្តែពួកគេត្រូវបានបង្ខំឱ្យធ្វើការបន្ថែមម៉ោងដោយមិនទទួលបានប្រាក់ឈ្នួលអ្វីនោះឡើយ។

លទ្ធផលស៊ើបអង្កេតដំបូងបង្ហាញថា ៦នាក់ក្នុងចំណោមពួកគេត្រូវបាន Le និង Danh នាំមកកម្ពុជាដោយខុសច្បាប់។ Le បានសារភាពថា ក្នុងខែឧសភាឆ្នាំនេះ នាងត្រូវបានបុរសមិនស្គាល់មុខម្នាក់ស្នើសុំឱ្យចូលរួមក្នុងការនាំមនុស្សខុសច្បាប់ចេញពីប្រទេសវៀតណាមមកកម្ពុជា។ បន្ទាប់មក Le បានធ្វើការជាមួយ Danh ដើម្បីរៀបចំច្រកចេញខុសច្បាប់។ Danh បាននាំមនុស្សទៅច្រាំងទន្លេខាងវៀតណាម ហើយ Leបានដឹកពួកគេមកកម្ពុជា។ អ្នកទាំងពីរត្រូវបានបង់ប្រាក់ចំនួន ១០០,០០០ ដុង (៤.២៧ ដុល្លារ) ក្នុងមនុស្សម្នាក់ដែលពួកគេយកមកប្រទេសកម្ពុជា។ ក្រៅពីមនុស្ស៦នាក់នោះ Le ក៏បានសារភាពថានាង និង Danh បានប្រព្រឹត្តិខុសច្បាប់ជាច្រើនផ្សេងទៀតក្នុងការនាំមនុស្សទៅធ្វើការកាស៊ីណូនៅកម្ពុជា។ ការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ។ VNA

website_news/2022240805.txt · Last modified: 2022/08/24 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki