website_news:2022240806

ជនជាតិហុងកុង៥នាក់បង្កើតការងារឆបោកនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវចាប់ខ្លួន

https://kohsantepheapdaily.com.kh/ ២៣ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ០៨:៤៥

ហុងកុង ៖ ជនជាតិហុងកុងចំនួន ៥នាក់ត្រូវបានចាប់ខ្លួនពីបទបង្កើការងារឆបោក ដែលក្នុងនោះជនរងគ្រោះត្រូវបានទាក់ទាញឱ្យមកធ្វើការក្នុងប្រទេសជាច្រើនក្នុងតំបន់ និងត្រូវបានឃុំខ្លួនដើម្បីឱ្យធ្វើការបោកប្រាក់អ្នកដទៃផ្សេងទៀត។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជនរងគ្រោះត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅកាន់ប្រទេសក្នុងតំបន់មានដូចជាកម្ពុជា មីយ៉ាន់ម៉ា ថៃ និងឡាវជាដើមដោយជនឆបោកសន្យាថានឹងផ្តល់ការងារប្រាក់ខែខ្ពស់ដល់ពួកគេ ប៉ុន្តែពួកគេត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការងារ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អាជ្ញាធរហុងកុងបានបង្កើតក្រុមការងារដើម្បីជួយដល់ជនរងគ្រោះដែលធ្លាក់ខ្លួនក្នុងការឆបោកនេះ។ ក្នុងចំណោមសំណើរទាំង ៣៦ដែលដាក់សុំជំនួយពីប៉ូលីស មានភាគច្រើនទាក់ទងទៅនឹងការបោកប្រាស់តាមការងារ។ នេះបើយោងតាមការបញ្ជាក់របស់លោក Tony Ho ស្នងការជាន់ខ្ពស់នៃការិយាល័យឧក្រិ.ដ្ឋកម្ម។

លោកថ្លែងកាលពីថ្ងៃអាទិត្យ ទី ២១ សីហា ដូច្នេះថា ប៉ូលីសបានចាប់ខ្លួនបុរស ៣នាក់ និងស្ត្រី ២នាក់ពីបទសង្ស័យបោកបញ្ឆោតប្រជាជនហុងកុងឱ្យទទួលយកការងារមិនច្បាស់លាស់នៅក្រៅប្រទេស។ ជនរងគ្រោះចំនួន ២២នាក់ត្រូវគេជឿជាក់ថាកំពុងជាប់ឃុំនៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ហើយមនុស្ស ៩នាក់ក្នុងចំណោមពួកគេមិនបានធ្វើការទាក់ទងគ្រួសារ ឬប៉ូលីសហុងកុងនោះទេ។ លោក Tony Ho បញ្ជាក់ទៀតថា ជនរងគ្រោះត្រូវបានគេផ្តល់សំបុត្រយន្តហោះអោយ ហើយនៅពេលធ្វើដំណើរទៅដល់គោលដៅ លិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូតឡើង មុនពេលបញ្ជូនទៅកាន់មណ្ឌលការងារ និងត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់អ្នកដទៃ។

អ្នកនយោបាយមកពីគណបក្ស DAP របស់ហុងកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យដូច្នេះថា គ្រួសាររបស់ជនរងគ្រោះបានស្វែងរកជំនួយពីពួកគេ ខណៈប្រជាជនហុងកុងម្នាក់ត្រូវបានគេបោកប្រាស់ក្នុងការជួញដូរមនុស្សប្រហែលមួយខែមកហើយនៅក្នុងរដ្ឋ Kayin ប្រទេសមីយ៉ាន់ម៉ា។ លោក Woo Cheuk-him អ្នកនយោបាយដែលត្រូវបានគ្រួសារជនរងគ្រោះស្វែងរកជំនួយបាននិយាយថា «គ្រួសាររបស់គាត់សង្ស័យថាគាត់ត្រូវបានរំលោ.ភបំពា.នលើរាងកាយ»។ លោកបញ្ជាក់ថាទៀតថា «ជនរងគ្រោះត្រូវបានបង្ខំឲ្យធ្វើការប្រហែល ១០ម៉ោងក្នុងមួយថ្ងៃ ប្រសិនគាត់ធ្វើការមិនបានល្អទេ គាត់នឹងមិនបានអាហារហូបគ្រប់គ្រាន់នោះទេ»។

មេធាវីការពារសិទ្ធិមនុស្ស Patricia Ho បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ច្បាប់ដែលមានច្រាប់របស់ហុងកុងមិនគ្រាន់គ្រាន់ដើម្បីដោះស្រាយការឆបោកបែបនោះទេ ដោយសារទីក្រុងមិនមានច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ៕ (យោងតាមប្រភព៖ AFP)

website_news/2022240806.txt · Last modified: 2022/08/24 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki