website_news:2022241002

សមត្ថកិច្ចជំនាញនឹងស្រាវជ្រាវលើព័ត៌មានតៃវ៉ាន់ដែលផ្សាយថា មានករណីប៉ុនប៉ងជួញដូរសរីរាង្គមនុស្សនៅកម្ពុជា

https://www.postkhmer.com/national/2022-10-20-1925-242550.html សំបាន ច័ន្ទដារ៉ា | Publication date 20 October 2022 | 19:25 ICT

ភ្នំពេញៈ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ នឹងស្រាវជ្រាវលើព័ត៌មាន ដែលត្រូវបានចុះផ្សាយនៅលើទំព័រ កាសែតតៃវ៉ាន់ដែលអះអាងថា មានករណីប៉ុនប៉ងជួញដូរសរីរាង្គមនុស្សនៅកម្ពុជា។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងនៅថ្ងៃទី ២០ តុលាថា មន្ត្រីជំនាញនឹងស្រាវជ្រាវចំពោះព័ត៌មានដែលផ្សាយថា មានករណីជួញដូរសរីរាង្គមនុស្ស នៅលើទឹកដីកម្ពុជា ដោយជនជាតិចិនតៃវ៉ាន់ ខណៈកម្ពុជាមិនដែលទទួលបានព័ត៌មានពីភាគីកោះតៃវ៉ាន់ឡើយជុំវិញករណីនេះ។ លោកស្រីបន្តថា ខាងភាគីកម្ពុជា មិនបានទទួលព័ត៌មាន និងរបាយការណ៍ជុំវិញករណីជួញដូរសរីរាង្គមនុស្សដោយជនជាតិចិនតៃវ៉ាន់ក្នុងទឹកដីកម្ពុជាឡើយ ដោយហេតុកម្ពុជាមិនមានកិច្ចសហការណាមួយទ្វេភាគីជាមួយនឹងកោះតៃវ៉ាន់នោះទេ។ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា៖ «ក្នុងករណីតៃវ៉ាន់នេះ យើងមិនបានដឹងព័ត៌មានលម្អិតណាមួយឡើយ ព្រោះកម្ពុជាចាត់ទុកតៃវ៉ាន់គឺជាចិន ដូច្នេះយើងមិនបានដឹងថា មានករណីជួញដូរសរីរាង្គមនុស្សនេះឡើយ។ និយាយដោយស្មោះត្រង់ទៅ យើងមិនដែលបានទាក់ទងគ្នាតែម្តងជាមួយតៃវ៉ាន់ »។

ការឆ្លើយតបបែបនេះ ធ្វើឡើងក្រោយមានការចេញផ្សាយដោយកាសែតតៃវ៉ាន់ Taiwan News ថា កាលពីថ្ងៃ ទី ១៩ ខែតុលា ឆ្នាំ ២០២២ នាយកដ្ឋានប៉ូលិសស្រុក Taoyuan នៃទីក្រុង Chungli បានចាប់ខ្លួន បុរសជនជាតិចិនតៃវ៉ាន់ ៣ រូប ពាក់ព័ន្ធករណីជួញដូរសរីរាង្គមនុស្សនៅលើទឹកដីកម្ពុជា។ កាសែតតៃវ៉ាន់នេះ បានយោងតាមប្រភពរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ETtoday ដែលគូសបញ្ជាក់ថា ក្រុមការងារពិសេសនៃស្រុក Taoyuan បានប្រទះឃើញនូវភ័ស្តុតាងពីទូរស័ព្ទដៃជនរងគ្រោះដែលរៀបរាប់ថា ខ្លួន ត្រូវបានគេបោកបញ្ឆោតទៅប្រទេសកម្ពុជា ដើម្បីយកសរីរាង្គជួញដូរ។ គេបានប្រទះឃើញមានការប្រើពាក្យ «រុះរើគ្រឿងក្នុង ១ ចប់» ដែលមានន័យថា បេះដូង, ថ្លើម, តម្រងនោម និងកែវភ្នែក អាចត្រូវបានយកចេញពីរាងកាយ។ ក្រោយការអង្កេតលើទូរស័ព្ទ ប៉ូលីសបានសង្ស័យថា កិច្ចសន្ទនាតាមទូរស័ព្ទនោះនិយាយពីការ បោកបញ្ឆោតយកទៅលក់សរីរាង្គនៅកម្ពុជា។ កាសែតដដែលផ្សាយទៀតថា ជនរងគ្រោះព្រមសារភាពប្រាប់ប៉ូលិសថា លោកត្រូវបានក្រុមឧក្រិដ្ឋជនឆបោក យកទៅលក់នៅកម្ពុជាតាមរយៈការសន្យាថា នឹងរកការងារផ្នែករដ្ឋបាលមានប្រាក់ខែខ្ពស់ចន្លោះពី ៦ ម៉ឺន ទៅ ៧ ម៉ឺនដុល្លារតៃវ៉ាន់ក្នុង ១ ខែ។ ទោះយ៉ាងណា ការជួញដូរសរីរាង្គករណីនេះបានបរាជ័យក្រោយឈ្មួញជាអ្នកទិញ បដិសេធមិនព្រមចុះកិច្ចសន្យាទិញ-លក់ ហើយឆ្លៀតក្នុងស្ថានការណ៍វឹកវរនេះ បុរសជនរងគ្រោះ បានគេចខ្លួនទៅកាន់កោះតៃវ៉ាន់វិញ។

សម្រាប់បញ្ហានេះលោកស្រី ជូ ប៊ុនអេង បានរៀបរាប់ថា ខាងភាគីកម្ពុជា មិនដែលបានទទួលព័ត៌មានទាំងនេះឡើយ ព្រោះកម្ពុជាចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន ហើយក្នុងបេសកកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ កម្ពុជាធ្វើការសហការជាមួយភាគីប្រទេសចិន។ ទោះជាយ៉ាងណា លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវពីករណីនេះ បើសិនជាកើតមានពិតប្រាកដ នោះស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការជាក់ជាមិនខាន មិនទុកឱ្យកើតមានតទៅទៀតឡើយ ព្រោះគណៈកម្មការជំនាញធ្វើការទៅតាមការប្តឹងផ្តល់ពីសំណាក់ភាគីណាមួយ ឬគ្រួសារជនរងគ្រោះ។ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា៖ «ក្នុងករណីនេះ យើងមិនហ៊ានប្រាកដថាមាន ឬមិនមានឡើយ តែយើងនឹងធ្វើការស្រាវជ្រាវបន្តទៀត »។ លោកស្រីបន្ថែមថា ក្នុងដំណាក់កាលបេសកកម្មនេះ មន្ត្រីជំនាញមិនទាន់អាចធ្វើការបានគ្រប់ជ្រុងជ្រោយឡើយ តែងនៅមានចន្លោះ ព្រោះបទល្មើសនេះ វាស្មុគស្មាញខ្លាំងពេក តែមន្ត្រីពាក់ព័ន្ធកំពុងតែខិតខំចាត់វិធានការ។

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា បញ្ហាជួញដូរសរីរាង្គនេះជាផ្នែកមួយនៃអំពើជួញដូរមនុស្ស បើទោះបីជាមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានខិតខំដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់នូវបទល្មើសជួញដូរមនុស្សនេះក្តី ក៏អាចនៅមានចន្លោះប្រហោងជាមួយកោះតៃវ៉ាន់ដែរ ព្រោះកម្ពុជាជាប្រទេសគោរព «គោលការណ៍ចិនតែ ១» ដែលជាកត្តារារាំងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងតៃវ៉ាន់លើបទល្មើសជួញដូរមនុស្សនេះ។ ទោះជាយ៉ាងណាក្តី លោក អំ សំអាត បានអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ផ្ទៃក្នុង លុបបំបាត់អំពើពុករលួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង តំបន់ និងអន្តរជាតិ ក្នុងការងារទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

website_news/2022241002.txt · Last modified: 2022/10/24 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki