website_news:2022241004

ជនជាតិតៃវ៉ាន់ ៣នាក់ ត្រូវចាប់ខ្លួនក្នុងករណីលក់សរីរាង្គមនុស្សពាក់ព័ន្ធនឹងកម្ពុជា

https://www.rfi.fr/km//20221021-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 21/10/2022 - 07:54

អាជ្ញាធរតៃវ៉ាន់ បានចាប់ខ្លួនជនជាតិតៃវ៉ាន់ ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរសរីរាង្គកាយមនុស្ស តាមរយៈការល្បួងជនរងគ្រោះមកធ្វើការក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានតៃវ៉ាន់ (Taiwan News) ក្នុងសប្តាហ៍នេះ ក្នុងពេលអាជ្ញាធរកម្ពុជា កំពុងចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូរមនុស្ស និងការត្រួតពិនិត្យជនបរទេសនៅកម្ពុជា។

អាជ្ញាធរតៃវ៉ាន់ បានឱ្យដឹងថា ជនជាតិតៃវ៉ាន់ ៣នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានតុលាការក្នុងក្រុង Taoyuan កាលពីថ្ងៃទី ១៩ខែតុលា ចោទប្រកាន់ពីបទល្បួងបោកប្រាស់ជនរងគ្រោះ ដោយសន្យាថា នឹងផ្តល់ការងារ នៅប្រទេសកម្ពុជា ដែលមានប្រាក់ខែខ្ពស់ខ្ទង់ ៦ទៅ៧ម៉ឺនដុល្លារតៃវ៉ាន់ ឬ ជិតប្រមាណជិត ២ពាន់ដុល្លារអាមេរិក ក្នុងមួយខែ។ ប៉ុន្តែដើម្បីទទួលបានការងារនោះ ពួកគេបានតម្រូវឱ្យជនរងគ្រោះ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ ដោយតម្រូវឱ្យថតកាំរស្មី X-rays។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានតៃវ៉ាន់ Taiwan News នៅថ្ងៃទី ២០ខែតុលា។

តាមការចុះផ្សាយដោយយោងលើសម្រង់ប្រភពពីរដ្ឋអាជ្ញាក្រុង Taoyuan បានឱ្យដឹងបន្ថែមថា ក្រោយពីបានឱ្យជនរងគ្រោះទៅពិនិត្យ X-rays ហើយ ជនសង្ស័យទាំងនោះ បានបង្ខំឱ្យជនរងគ្រោះវះកាត់យកសរីរាង្គមួយចំនួនចេញ ក្នុងហេតុផលថា ជនរងគ្រោះមានសុខភាពមិនល្អ បើមិនវះកាត់ចេញ អាចបណ្តាលឱ្យមានជំងឺឆ្លង។ ដូច្នេះហើយ ជនរងគ្រោះទាំងនោះ ក៏ត្រូវបានក្រុមឈ្មួញវះកាត់យកបេះដូង តម្រងនោម និងថ្លើមជាដើមចេញពីរាងកាយ ហើយយកទៅលក់ បានក្នុងតម្លៃដំបូងប្រមាណ ១លានដុល្លារតៃវ៉ាន់ ឬ ប្រមាណ ១សែនដុល្លារអាមេរិក។

គួរជម្រាបជូនថា ករណីជួញដូរសរីរាង្គមនុស្ស ឬ ជួញដូរមនុស្ស ក្នុងរូបភាពឱ្យមកធ្វើការនៅកម្ពុជានេះ កាន់តែលេចឮឡើងស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។

របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីថ្ងៃទី ១៨ខែសីហា ដល់ដើមខែតុលានេះ បានបង្ហាញថា ក្នុងរយៈពេលជាង ៥០ថ្ងៃនៃយុទ្ធនាការ អាជ្ញាធរ បានរកឃើញថា មានជនរងគ្រោះ ១១៨នាក់ មកពី ៥ប្រជាជាតិ បានរងគ្រោះដោយការបង្ខាំងជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម និងល្បែងអនឡាញជាដើម។ ហើយក៏មានជនជាតិខ្មែរ និងបរទេស ៦៧នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

website_news/2022241004.txt · Last modified: 2022/10/24 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki