website_news:2022241102

អ្នកមានជីវិតពីការជួញដូរ និងការរំលោភបំពានផ្សេងៗជាង ៤ពាន់នាក់ត្រូវបានជួយឱ្យមានជីវភាពល្អប្រសើរ

https://btv.com.kh/article/17515 2022/11/23 12:13:07 pm

ភ្នំពេញ៖ អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពានផ្សេងៗ ជាង៤ពាន់នាក់ ត្រូវបានជួយសង្រ្គោះឱ្យមានជីវភាព និងជីវិតល្អប្រសើរឡើងវិញ បន្ទាប់ពីជនរងគ្រោះទាំងនេះត្រូវបានបាត់បង់ក្តីសង្ឃឹម អស់ទំនុកចិត្ត និងគុណតម្លៃជីវិតរបស់ពួកគេ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការហាការ ដែលបានផ្តល់ជូនក្នុងកម្មវិធីសិក្ខាសាលាមួយ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា ជនរងគ្រោះទាំងប្រុសទាំងស្រីជាងបួនពាន់នាក់ដែលត្រូវបានជួញដូរ និងរំលោភបំពាន ត្រូវបានអង្គការហាការ សហការជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលនានា រួមទាំងប្រទេសម្ចាស់ជំនួយបានផ្តល់ក្តីសង្ឃឹមដល់ពួកគេឡើងវិញ ហើយការផ្តល់ក្តីសង្ឃឹមឡើងវិញនេះ មិនត្រឹមតែមានស្មារតីល្អនោះទេ ថែមទាំងមានជីវភាពល្អប្រសើរ នៅក្នុងសហគមន៍ថែមទៀតផងដែរ។ សេចក្តីប្រកាសព័ត៌មាន បានបង្ហាញទៀតថា«យើងបានរួមគ្នាជួយជីវិតជនងាយរងគ្រោះ និងអ្នករស់រានមានជីវិតជាច្រើននាក់ ដែលបាត់បង់ក្តីសង្ឃឹម ទំនុកចិត្ត និងគុណតម្លៃជីវិត ទៅកាន់ជីវិតថ្មីដែល ពោរពេញដោយក្តីសង្ឃឹម និងសុភមង្គល ក៏ដូចជាការរួមចំណែកដល់សង្គមជាដើម»។

ប្រភពបាន បញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីពេលដែលអង្គការ និងដៃគូទទួលយកជនរងគ្រោះ មកថែទាំង គឺក្រុមការងារបានធ្វើការជាមួយពួកគេ ដើម្បីវាយតម្លៃពីតម្រូវការរបស់ពួកគេ ហើយផ្តល់ជូននូវសេវាកម្មដែលមានលក្ខណៈបុគ្គលពេញលេញ និងចាំបាច់បំផុត។ ក្រុមការងារ បានកសាងទំនុកចិត្ត និងភាពជាសះស្បើយឡើងវិញ។ អង្គការ និងដៃគូបានផ្តល់នូវកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ការផ្តល់ប្រឹក្សា សេវាកម្មគ្រប់ករណី ជំនួយផ្នែកច្បាប់ ការអប់រំ សុវត្ថិភាព និងផ្តល់សេវារៀបចំការរៀបចំការ ងារដល់ពួកគេផងដែរ។ ក្រុមការងារបានបង្កើតឱកាសដើម្បីធានាថា ពួកគេម្នាក់ៗនោះមិនគ្រាន់តែរស់រានមានជីវិតតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រាកដថាពួកគេម្នាក់ៗនឹងក្លាយជាជើងឯកសម្រាប់ការផ្លាស់ប្តូរក្នុងជីវិតរបស់ពួកគេ និងនៅក្នុងសហគមន៍ជាដើម៕អត្ថបទ៖ បាន ចក់

website_news/2022241102.txt · Last modified: 2022/11/24 09:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki