website_news:2022241103

លោក ហ៊ុន សែន ស្នើអាមេរិកពិនិត្យ MoU ស្តីពីការបញ្ជូនពលរដ្ឋខ្មែរដែលប្រព្រឹត្តទោសនៅសហរដ្ឋអាមេរិក

https://www.postkhmer.com/national/2022-11-23-1021-243850.html រី សុចាន់ | Publication date 23 November 2022 | 10:21 ICT

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសហរដ្ឋអាមេរិកពិនិត្យអំពីការធ្វើវិសោធនកម្មនូវអនុស្ស រណៈ (MoU) ស្តីពីការបញ្ជូនប្រជាពលរដ្ឋខ្មែរដែលប្រព្រឹត្តទោសនៅអាមេរិក ដែលបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌។ លោក ហ៊ុន សែន ថ្លែងថា នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញថ្មីៗនេះ លោកបានលើកឡើងអំពីករណីដែលពលរដ្ឋខ្មែរដែលជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ហើយត្រូវបញ្ជូនមកកម្ពុជាវិញ ហើយលោកបានស្នើអាមេរិកអនុវត្ត MoU ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០០២ រួចហើយធ្វើការសម្ភាសពួកគេតាមអនឡាញ ឬសម្ភាសផ្ទាល់។ លោកថ្លែងថា៖ «អ្វីដែលខ្ញុំសុំ សុំកុំឱ្យមានជនជាតិបរទេស។ កន្លងទៅបញ្ជូនមកស្រុកខ្មែរ ស្រាប់តែមានឡាវ [ជនជាតិឡាវ] ២ នាក់បាត់។ យើងមានកិច្ចព្រមព្រៀងជាមួយអាមេរិក ២០ ឆ្នាំហើយ។ ឆ្នាំនេះជាខួបលើកទី ២០ នៃកិច្ចព្រមព្រៀង គេហៅថា MoU ជាមួយគ្នានោះក្នុងការយកពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ។ អ្នកខ្លះក៏ធ្វើអត្តឃាត អ្នកខ្លះក៏ស្លាប់ អ្នកខ្លះក៏ព្រោះឪពុកម្ដាយជួនកាលខ្លះទៅកើតនៅអាមេរិក។ ដល់ជាប់គុកនៅអាមេរិក គេបញ្ជូនមកស្រុកខ្មែរឪពុកម្ដាយនៅអីអាមេរិក។ ប្រពន្ធកូននៅអាមេរិក»។

ក្នុងពិធីបិទសន្និបាតជាតិខួប ៣០ ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី ២២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញនៅថ្ងៃទី ២២ វិច្ឆិកាលោកថ្លែងបន្តថា៖ «អ៊ីចឹងយើងបានស្នើថា គួរតែពិនិត្យអំពីបញ្ហាការធ្វើវិសោធនកម្ម ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ ប៉ុន្តែអាមេរិកបានចាត់ទុកយើងថា ជាប្រទេសមិនសហការហើយក៏បានដាក់ទណ្ឌកម្មលើបញ្ហាទិដ្ឋាការនៃមន្ត្រីក្រសួងការបរទេសរបស់យើង»។ លោកបញ្ជាក់ថា ពេលដែលលោកលើកបញ្ហានេះទៅកាន់លោក Joe Biden នៅក្នុងជំនួបនោះ លោក Biden ក៏បានឆ្លើយតបថា លោកដូចជាក្ដាប់រឿងនេះមិនទាន់បាននោះទេ ហើយក៏បានសួរទៅកាន់មន្ត្រីរបស់លោកដែលក្តាប់បានរឿងនេះ។ បន្ទាប់មកមានមន្ត្រីរបស់លោកម្នាក់បានសរសេរពីករណីនេះឱ្យលោក Biden។

កាលពីឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានបញ្ឈប់ការចេញទិដ្ឋាការប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយសហរដ្ឋអាមេរិកលើកហេតុផលថា ដោយសារតែប្រទេសកម្ពុជាបដិសេធ ឬពន្យារពេលដោយមិនសមហេតុផលក្នុងការទទួលយកពលរដ្ឋរបស់ខ្លួន ដែលត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។

ក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីខែកក្កដាលោក ប្រាក់ សុខុន បានសម្តែងនូវការខកចិត្ត ដោយលោកថា «កម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថា ជាប្រទេសដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ» ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសកម្ពុជា។

ក្រៅពីនេះ លោក ហ៊ុន សែន ថ្លែងកោតសរសើរដល់សហរដ្ឋអាមេរិកដែលជាប្រទេសឈានមុខគេក្នុងការនាំវត្ថុបុរាណវិលត្រឡប់មកកម្ពុជាវិញ ហើយថា អាមេរិកសកម្មណាស់ក្នុងកិច្ចការនេះ ទោះបីពលរដ្ឋអាមេរិកកាន់កាប់ទ្រព្យសម្បត្តិនោះក៏ដោយ។ លោកថ្លែងថា៖ «រដ្ឋាភិបាលអាមេរិក ទាំងស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ទាំងក្រសួងការបរទេសអាមេរិកនៅវ៉ាស៊ីនតោនសុទ្ធតែបានខិតខំធ្វើកិច្ចការងារនេះ ដើម្បីនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ប្រធានាធិបតី Joe Biden ថា ប្រហែលជានៅទៀត។ គាត់នឹងប្រឹងធ្វើអាកិច្ចការងារហ្នឹងទៀត»។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជា និងសហរដ្ឋអាមេរិកគួរស្វែងយល់អំពីតម្រូវការគ្នាទៅវិញទៅមកជុំវិញបញ្ហានៃការបញ្ជូនជនជាតិខ្មែរដែលប្រព្រឹត្តទោសនៅសហរដ្ឋអាមេរិក។ ជនជាតិខ្មែរមួយចំនួនដែលត្រូវបានអាមេរិកចាត់ទុកថា អ្នកមានទោសនៅអាមេរិក ហើយបញ្ជូនមកកម្ពុជាវិញគឺជួបរឿងមនុស្សធម៌ច្រើនដែរ ដោយសារតែជនជាតិខ្មែរមួយចំនួនបានកើត និងបានរស់នៅទីនោះស្ទើរតែមួយជីវិតរបស់ពួកគាត់ទៅហើយ។ លោកថ្លែងថា៖ «អ្នកខ្លះមានប្ដី មានប្រពន្ធ មានកូននៅទីនោះ ហើយនៅពេលដែលបញ្ជូនពួកគាត់មក ដោយសារតែគេចាត់ទុកថា គាត់អ្នកមានទោសនៅអាមេរិកហ្នឹង អ៊ីចឹង ធ្វើឱ្យគាត់ត្រូវព្រាត់ប្រាសគ្រួសារ បែកខ្ញែកប្ដី ប្រពន្ធ កូន អ៊ីចឹង។ អាហ្នឹង វាជារឿងមនុស្សធម៌មួយដែលគួរតែត្រូវបានពិចារណាយកចិត្តទុកដាក់ដែរថា តើពួកគាត់អាចទទួលទោសតាមច្បាប់សហរដ្ឋអាមេរិក ហើយគាត់អាចរួមរស់ជាមួយនឹងក្រុមគ្រួសារគាត់វិញដែរឬយ៉ាងណា វៀរលែងតែអ្នកដែលទៅថ្មី ហើយទៅប្រព្រឹត្តទោសកំហុសនៅអាមេរិក បញ្ជូនមកគឺជារឿងត្រឹមត្រូវ»។ លោក ភា ថ្លែងថា ជីវិតរបស់ពួកគាត់នៅពេលបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញគឺហាក់ដូចជាថ្មីសន្លាងមួយ សម្រាប់ពួកគាត់ក្នុងការកសាងជីវិតថ្មី ហើយភាគីទាំង ២ កម្ពុជា-សហរដ្ឋអាមេរិកគួរតែស្វែងយល់ពីបញ្ហានេះ៕

website_news/2022241103.txt · Last modified: 2022/11/24 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki