website_news:2022250101

ពលករខ្មែរ ៣ ១៦០ នាក់វិលត្រឡប់ពីថៃ ក្នុងរយៈពេល ៣ សប្តាហ៍ក្នុងខែនេះ និងរកឃើញមានផ្ទុកវីរុសកូវីដ ៥ នាក់

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 23 January 2022 | 18:39 ICT

ភ្នំពេញៈ យ៉ាងហោចណាស់មានពលករខ្មែរចំនួន៣.១៦០នាក់បានវិលត្រឡប់មកពីប្រទេសថៃវិញក្នុងរយៈ ពេល៣សប្តាហ៍ គិតពីថ្ងៃទី ១-២១ មករា ឆ្នាំ ២០២២ ដែលក្នុងនោះមាន ពលរដ្ឋ ៤៥៥ នាក់ កំពុងធ្វើចត្តាឡីស័ក និង ៥ នាក់ រកឃើញមានជំងឺកូវីដ ១៩។ នេះបើតាមលោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៣ ខែមករា ថា រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ មករា មានប្រជាពលរដ្ឋ ដែលជាពលករខ្មែរ បានវិលត្រឡប់មកពីប្រទេសថៃវិញ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង និងច្រករបៀងផ្សេងៗ សរុបចំនួន៣១៦០នាក់ ក្នុងនោះ រកឃើញមានអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់។ លោកថា អ្នកដែលវិលត្រឡប់ចូលប្រទេសវិញ ដោយបានចាក់វ៉ាក់សាំងត្រឹមត្រូវ ត្រូវអនុញ្ញាតឱ្យបន្តដំណើរទៅលំនៅឋានរៀងខ្លួន។ ប៉ុន្តែពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ មិនទាន់ចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃទើបអនុញ្ញាតឱ្យទៅលំនៅឋានវិញ។

លោកថ្លែងថា៖«រាល់ថ្ងៃពលករដែលធ្វើចត្តាឡីស័កហ្នឹងមានចំនួន៤៥៥នាក់។ ចំនួននេះចែកជា២ គឺប្រជាពលរដ្ឋ ដែលនៅខេត្តបាត់ដំបងផ្ទាល់ចំនួន១៩៣នាក់ និងពលករដែលក្រៅខេត្តមានចំនួន២៦២នាក់។ ទាំងអ្នកនៅក្នុងខេត្ត និងក្រៅខេត្ត នឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ក្រោយចត្តាឡីស័ក១៤ថ្ងៃ ហើយគ្មានជំងឺកូវីដ១៩» ។

លោក សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងនៅថ្ងៃទី២៣ ខែមករាថា ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ជិត៤០០នាក់កំពុងធ្វើចត្តាឡីស័ក។ ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំង និងពិនិត្យឃើញអវិជ្ជមានកូវីដ១៩ គឺត្រូវអនុញ្ញាតឱ្យបន្តដំណើរទៅកាន់ទីលំនៅរៀងៗខ្លួន។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ប្រាប់ចំនួនពលករសុរប រយៈពេល៣សប្តាហ៍ក្នុងខែមករានេះទេ ប៉ុន្តែ លោកប្រាប់ថា ក្នុង១ថ្ងៃ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃមានចំនួន ពី ១០០ ទៅ២០០ នាក់ជារៀងរាលថ្ងៃ។ លោកថ្លែងថា៖«ពលករទាំងអស់ដែលត្រឡប់មកពីប្រទេសថៃវិញភាគច្រើនសុទ្ធតែបានចាក់វ៉ាក់សាំងរួចហើយ ដោយសារតែពួកគាត់ចេញ ចូលៗទៅវិញទៅមកចាក់នៅយើងដដែល។ អ៊ីចឹងភាគច្រើនចាក់នៅយើងទាំងអស់ហ្នឹង ព្រោះបើចាក់នៅស្រុកថៃអស់ ៥០០បាត តែចាក់នៅយើងហ្រ្វីហ្នឹង»។ លោកសេក សុខុម បញ្ចាក់ថា ការត្រឡប់ទៅផ្ទះរបស់ពលករលើកនេះ លែងមានការដឹកជញ្ជូនដោយឥតគិតថ្លៃដូចពេលមុនទៀត ហើយ ហេតុនេះ ក្រោយធ្វើការពិនិត្យមើលរួចរាល់ ពលករអាចស្វែងរកមធ្យោបាយធ្វើដំណើរទៅលំនៅឋានរៀងៗខ្លួន។ លោកថ្លែងថា៖«ពេលគាត់ចូលមក យើងវាស់កម្តៅ យើងអីបានត្រឹមត្រូវហើយ។ បើគាត់អត់មានអីទេ មានវ៉ាក់សាំងមានអីត្រឹមត្រូវ យើងឱ្យគាត់ទៅវិញដោយខ្លួនឯង លើកនេះឈប់ហ្វ្រីឡានដូចមុនហើយ»។

លោកផល លឹម អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យថ្លែងថា តាមរបាយការណ៍ប្រចាំថ្ងៃ ដែលលោកទទួលបាន គឺខេត្តឧត្តរមានជ័យនៅតែមានប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃវិញជារៀងរាល់ថ្ងៃ ដែលមានពលករចន្លោះពី១០០ទៅ២០០នាក់។ យ៉ាងណាលោកប្រាប់ថា លោកមិនមានទិន្នន័យសរុបចំនួនពលករត្រឡប់មកវិញក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះទេ៕

website_news/2022250101.txt · Last modified: 2022/01/25 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki