website_news:2022250103

នៅឯច្រកអូរស្មាច់ មានកំណើនពលករវិលមកពីថៃ ខណៈថ្ងៃចូលឆ្នាំចិនខិតជិតមកដល់

https://master.btv.com.kh/ 01/24/2022 12:01 PM

ឧត្ដរមានជ័យ៖ ខណៈបុណ្យចូលឆ្នាំចិន ខិតជិតមកដល់ នៅឯច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ គេសង្កេតឃើញថា មានកំណើនរំហូរពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកកម្ពុជា ហើយបញ្ហាកូវីដ-១៩ ក៏មិនកួរឱ្យព្រួយបារម្ភដែរ។ របាយការណ៍របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា កាលពីម្សិលមិញ ពលករឆ្លងដែន មកពីថៃ មានចំនួន២១៩នាក់ ក្នុងនោះរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួនពីរនាក់។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្តឧត្ដរ មានជ័យ ក្នុងពេលចុះពិនិត្យស្ថានភាពតាមព្រំដែន កាលពីម្សិលមិញ បានស្នើដល់ពលករទាំងអស់ ដែល មានបំណងឆ្លងដែនមកកម្ពុជាវិញ តាមច្រកអូរស្មាច់ កុំមានការលួចឆ្លងដែនតាមច្រករបៀង ឬក៏តាមរយៈមេខ្យល់ឲ្យសោះ ប្រសិនបើលួចឆ្លងដែនដោយខុសច្បាប់ មិនមានការត្រួតពិនិត្យសុខភាព ពីមន្រ្តីជំនាញ សុខាភិបាលនោះទេ នឹងប្រឈមមុខចំពោះច្បាប់។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ជាពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី គឺអូមីក្រុង ដែលបាននឹងកំពុងឆ្លងចូលសហគមន៍កម្ពុជាហើយ ដូច្នេះពលករទាំងអស់ ត្រូវតែចូលរួមសហការទប់ស្កាត់ការចម្លងនៃមេរោគនេះ។ តាមការឱ្យដឹងពីមន្ត្រីសុខាភិបាល ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តឧត្ដរមានជ័យ ក្នុង រយៈពេលចុងក្រោយ លែងសូវជាការព្រួបារម្ភទៀតហើយ ដោយសារប្រជាពលរដ្ឋភាគច្រើនបាន ចាក់វ៉ាក់សាំង៕អត្ថបទ៖ ឃិន សារិទ្ធ

website_news/2022250103.txt · Last modified: 2022/01/25 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki