website_news:2022250201

សម្តេចតេជោ ស្នើឲ្យមានអនុស្សរណៈយោគយល់គ្នាចំនួន ២ សម្រាប់ការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅម៉ាឡេស៊ី

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៤ កុម្ភៈ ២០២២ដោយ sopheak khoun

នៅក្នុងជំនួបទ្វេភាគីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានពិភាក្សាស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការលើនៅវិស័យជាច្រើន ក្នុងក្របខណ្ឌទ្វេភាគី។ ក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាទៅដល់បញ្ហា បញ្ជូនពលករកម្ពុជាទៅធ្វើការនៅម៉ាឡេស៊ីផងដែរ។

នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិនិត្យរកលទ្ធភាពឲ្យមានកិច្ចព្រមព្រៀង អនុស្សរណៈ នៃការយោគយល់គ្នាចំនួន ២។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះវិស័យការងារ សម្តេចអរគុណរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់ម៉ាឡេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថានទូតកម្ពុជានៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ក៏ដូចជាការបញ្ជូនពលករខ្មែរ ដែលចូលទៅធ្វើការខុសច្បាប់ ក្នុងប្រទេសម៉ាឡេស៊ីត្រឡប់មកកម្ពុជាវិញ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរពិនិត្យលទ្ធភាព ឲ្យមានកិច្ចព្រមព្រៀងអនុស្សរណៈចំនួន ២គឺ៖ ទី១. ការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករទូទៅ។ ទី២.កា រជ្រើសរើស និងការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ពលករធ្វើការងារតាមផ្ទះ ត្រូវជំនួសដោយកិច្ចព្រមព្រៀងអនុស្សារណៈ ដែលបានអស់សុពលភាពកាលពីឆ្នាំ ២០២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានឲ្យដឹងថា អម្បាញ់មិញសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នា អំពីចំណុចទីពីរទាក់ទង ជាមួយនឹងពលករធ្វើការតាមផ្ទះ ហើយដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយយ៉ាងច្បាស់ជាមួយសម្តេចពីការកែសម្រួល ហើយធានាថា នឹងមិនមានការរំលោភបំពានណាមួយនោះទេ ហើយសង្ឃឹមថាដោយសារតែនៅកម្ពុជា មានសហគមន៍ឥស្លាម ហើយដែលមានទំនៀមទំលាប់ប្រហាក់ប្រហែល ជាមួយនិងម៉ាឡេស៊ី។ ដូច្នេះងាយស្រួល ក្នុងការយកទៅធ្វើនៅតាមគេហដ្ឋាន នៅឯប្រទេសម៉ាឡេស៊ីនេះជាចំណុច ដែលសុំឲ្យក្រសួងការងារ និងផ្នែកពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីនឹងចាប់ផ្ដើមឡើងវិញ និងដំណើរការនេះ៕ ណារី

website_news/2022250201.txt · Last modified: 2022/03/01 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki