website_news:2022250204

ក្នុងខែមករាពលករត្រឡប់ពីថៃមាន ៦ ៨៩១ នាក់ ក្នុងនោះរកឃើញវិជ្ជមានកូវីដ ៥៤ នាក់

https://www.postkhmer.com/ រី សុចាន់ | Publication date 23 February 2022 | 10:03 ICT

ភ្នំពេញៈ ក្នុងខែមករា ពលករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃ មានចំនួន ៦៨៩១ នាក់ ដែលក្នុងនោះត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ ចំនួន ៥៤ នាក់ និងដាក់ឱ្យស្ថិតក្នុងមណ្ឌលចត្តាឡីស័កមានចំនួន ៥៩៥ នាក់។ នេះបើតាមរបាយការណ៍របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។ បើតាមរបាយការណ៍ប្រចាំត្រីមាស ដែលបានផ្សព្វផ្សាយនាថ្ងៃទី ២១ ខែកុម្ភៈ បានឱ្យដឹងថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ពលករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃមានចំនួនជាង ២៧ ម៉ឺននាក់។ IOM បានបញ្ជាក់ក្នុងរបាយការណ៍ថា អង្គការ IOM សហការជាមួយក្រសួងសុខាភិបាលបន្តសម្របសម្រួលការបង្កើតផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ សម្រាប់អនុវត្តគោលនយោបាយសុខភាពពលករចំណាកស្រុក ដើម្បីធានាបានការគាំពារសុខភាព និងសិទ្ធិស្មើៗគ្នាក្នុងការទទួលបានសេវាថែទាំសុខភាព សម្រាប់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ។

លោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការ IOM កម្ពុជាថ្លែងក្នុងរបាយការណ៍នេះថា អង្គការ IOM កោតសរសើរចំពោះការបន្តប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ចំពោះសេចក្តីសម្រេចលេខ 70.15 ស្តីពីការលើកកម្ពស់សុខភាពជនភៀសខ្លួន និងជនចំណាកស្រុក ដែលអនុម័តក្នុងខែឧសភា ឆ្នាំ ២០១៧ ដោយអង្គការសុខភាពពិភពលោក។ លោកស្រីថ្លែងថា៖ «យើងសង្ឃឹមថា ការបង្កើតផែនការយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់អនុវត្តគោលនយោបាយសុខភាពជនទេសន្តរប្រវេសន៍ឆ្នាំ ២០២១-២០៣០ នឹងលើកកម្ពស់ការទទួលបានការថែទាំសុខភាព ប្រកបដោយសមធម៌ និងធ្វើឱ្យសុខភាពសហគមន៍ជនទេសន្តរប្រវេសន៍ប្រសើរឡើង»។ កាលពីខែវិច្ឆិកា អង្គការ IOM និងមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) បានចុះទៅកាន់ច្រកព្រំដែន និងមណ្ឌលចត្តាឡីស័ក ដែលសកម្មបំផុតមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង។

អង្គការ IOM និង UNFPA បានផ្តល់ឱ្យជនចំណាកស្រុកនូវស្បៀងអាហារ និងផ្គត់ផ្គង់សម្ភារអនាម័យជំងឺកូវីដ ១៩ នៅពេលពួកគេមកដល់ ហើយបានសហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីធានាថាជនចំណាកស្រុកទាំងអស់ មានលទ្ធភាពទទួលបានវិធានការបង្ការជំងឺកូវីដ ១៩ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ជាមួយគ្នានេះ អង្គការ IOM បានផ្តល់នូវកញ្ចប់អាហារចំនួន ២៥០០០ កញ្ចប់ និងឧបករណ៍ អនាម័យ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ជនចំណាកស្រុកដែលវិលត្រឡប់មកពីថៃវិញក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបងនៅច្រកព្រំដែន និងមណ្ឌលចត្តាឡីស័ក។ កាលពីខែធ្នូ ឆ្នាំ ២០២១ កញ្ចប់អាហារចំនួន ១១៣៦៥ កញ្ចប់បន្ថែមទៀត និងកញ្ចប់សម្ភារអនាម័យចំនួន ៤៣១០ កញ្ចប់ត្រូវបានផ្គត់ផ្គង់ទៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង សម្រាប់ចែកដល់ជនចំណាកស្រុក ដែលទើបវិលត្រឡប់មកវិញនៅច្រកព្រំដែន មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល។

អង្គការ IOM ដោយមានការគាំទ្រពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានសហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ជនចំណាកស្រុកត្រឡប់មកពីប្រទេសថៃ។ គោលបំណងរួម គឺដើម្បីធានាថា ពលករ ចំណាកស្រុកដែលវិលត្រឡប់មកវិញអាចទទួលបានវ៉ាក់សាំងកូវីដ ១៩ យ៉ាងហោចណាស់ដូសដំបូង មុនពេល ត្រឡប់ទៅសហគមន៍របស់ពួកគេវិញ។ របាយការណ៍ពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ខែមករា ២០២២ បានឱ្យដឹងថា អង្គការ IOM បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងវ៉ាក់សាំង និងការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់បុគ្គលិកសុខាភិបាលចំនួន១១៨ នាក់នៅខេត្តបន្ទាយមានជ័យក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបុគ្គលិកសុខាភិបាលលើវ៉ាក់សាំងកូវីដ ១៩ ការកត់ត្រាទិន្នន័យវ៉ាក់សាំង ការរាយការណ៍ និងការអប់រំសុខភាពស្តីពី វ៉ាក់សាំងកូវីដ ១៩៕

website_news/2022250204.txt · Last modified: 2022/03/01 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki