website_news:2022250307

អាជ្ញាធរនិងសមត្ថកិច្ចស្រុកម៉ាឡៃនិងស្រុកថ្មពួកជួបជាមួយភាគីថៃ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៤ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១០:៥៩

ខេត្តបន្ទាយមានជ័យ៖ ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនខ្លាងាប់ នៃវរសេនាតូចការពារពញរំដែនលេខ៨១៥ ចំនួន០៤នាក់ និងកងកម្លាំងពាក់ព័ន្ធ ជួបប្រជុំពិភាក្សាជាមួយទាហានឈុតខ្មៅថៃអនុសេនាធំ ១៣.០៣ និងទាហានឈុតប៉ារ៉ាថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក គិទិ ប្រាក់ភិតផៃសាន មេបញ្ជាការទាហានឈុតប៉ារ៉ាថៃ នៅមាត់អូរព្រំដែនខាងថៃចំណុចប៉ុស្តិ៍(អ.៤៦) ស្ថិតក្នុងភូមិខៅណយ ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខប៉ុស្តិ៍ខ្លាងាប់ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងទី១-គឺដើម្បីរឹតចំណង សាមគ្គីភាពនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យព្រំដែនមានសុខសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ។ ទី២/-ផ្ដល់ពត៌មានទៅវិញទៅមកនិង ទី៣/-រួមគ្នាទប់ស្កាត់រាល់បទ ល្មើសឆ្លងដែនគ្រប់ប្រភេទ ។

នៅថ្ងៃដដែលនេះផងដែរ វេលាម៉ោង០៩:០០នាទីព្រឹក កម្លាំងការពារព្រំដែនប៉ុស្តិ៍ប្រាសាទត្បែង នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ប៊ុន គឹមហេង នាយរងបុស្តិ៍ បានសហការជាមួយកម្លាំងយោធា វរ:សេនាតូចលេខ០១ ចំនួន០៥នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ហេង វ៉ា មេបញ្ជាការគ៣ បានជួបប្រជុំពិភាក្សាការងារជាមួយភាគីថៃ ចំនួន០៤នាក់ ដឹកនាំដោយលោក វសេនីយ៍ត្រី ថាន់ណាក់ ម៉ាក់ថាយ៉ុមម៉ាក់ មេកង លេខ១២.០១ នៅចំណុចប៉ុស្តិ៍លេខ៣ថៃ ក្នុងទឹកដីថៃ។ ខ្លឹមសារនៃកិច្ចពិភាក្សានេះ គឺសហការគ្នាទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃដដែល ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង៕

website_news/2022250307.txt · Last modified: 2022/03/28 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki