website_news:2022250401

ប្រទះឃើញប្រុសស្រី២០នាក់នៅមាត់អូរព្រំដែន លុះឃាត់ខ្លួនសួរនាំទើបដឹង

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២២ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩:៥២

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានឃាត់ពលករខ្មែរចំនួន២០នាក់បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ដែលឃាត់នៅវេលាម៉ោង១០ថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានប្រទះឃើញពលករខ្មែរចំនួន២០នាក់ ក្នុងនោះស្រី៦នាក់ និងកុមារ១០នាក់ នៅចំណុចមាត់អូរព្រំដែន ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។ លោកបានបញ្ជាក់ថា ក្រោយឃាត់ពលករខ្មែរខុសច្បាប់ហើយ ត្រូវបាននាំយកមកពីទីបញ្ជាវរការពារព្រំដែនគោកលេខ៨១៥ ដើម្បីសាកសួរ និងបានប្រាប់ថា ពួកគាត់មានបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយក្នុងម្នាក់ៗតម្លៃ៦.០០០បាត ហើយជូនទៅដល់កន្លែងធ្វើការ និងទៅរកការងារបានធ្វើ ។ ប៉ុន្តែនៅពេលមេខ្យល់យកលុយហើយ ក៏នាំទៅទុកនៅចំណុចអូរព្រំដែន ដើម្បីរង់ចាំរថយន្តមេខ្យល់ថៃមកទទួលយកដល់ព្រំដែន តែនៅពេលដែលកំពុងតែរង់ចាំនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយពេលឃាត់ពលករខ្មែរចំនួន២០នាក់ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ ក្រោយសាកសួរ ហើយត្រូវបានធ្វើការណែនាំ និងធ្វើកិច្ចសន្យារួចហើយ ក៏បានអោយត្រឡប់ទៅស្រុកកំណើតវិញ ហើយពេលនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ ដើម្បីចាត់ការតាមច្បាប់ផងដែរ។

website_news/2022250401.txt · Last modified: 2022/04/25 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki