website_news:2022250402

ពលករខ្មែរជិត ២០នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ

https://www.rfa.org/khmer/ ដោយ ខែ សុណង2022.04.21

ពលករខ្មែរចំនួន ១៧នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដោយសារប៉ុនប៉ងឆ្លងដែនចូលប្រទេសថៃនោះ នឹងត្រូវបញ្ចូនត្រឡប់មកកម្ពុជាវិញ។ ស្នងការរងទទួលបន្ទុកការពារព្រំដែនខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា ពលករទាំងនោះ នឹងបញ្ជូនមកដល់កម្ពុជាវិញនៅល្ងាចថ្ងៃទី២១ ខែមេសា។ លោកបញ្ជាក់ថា អាជ្ញាធរថៃតែងចាប់បញ្ជូនពលករខ្មែរ មកឲ្យអាជ្ញាធរកម្ពុជាវិញជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានចំនួនច្រើនថ្ងៃខ្លះមានចំនួនតិចប៉ុណ្ណោះ។ លោកអះអាងថា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនេះ មិនទាន់មានសន្ទុះពលករខ្មែរ សម្រុកឆ្លងដែនទៅប្រទេសថៃ ច្រើននោះទេ ដោយសារមានអាជ្ញាធរកម្ពុជា និងថៃ បន្តពង្រឹងទប់ស្កាត់។

កាលពីយប់ថ្ងៃទី២០ ខែមេសា អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរចំនួន ១៧នាក់ ក្នុងនោះមានស្ត្រី ៩នាក់ និងក្មេងប្រុសតូចៗចំនួន ៣នាក់។ ការចាប់ខ្លួននេះ ធ្វើឡើងក្នុងពេលដែលពួកគាត់ធ្វើដំណើរតាមរថយន្តរបស់មេខ្យល់ជាជនជាតិថៃ ស្ថិតនៅតាមផ្លូវក្នុងស្រុកក្លងហាត់ (Klong Hat ) ខេត្តសាកែវ (Sakeao) ប្រទេសថៃ។ សារព័ត៌មានក្នុងស្រុកចុះផ្សាយថា ពេលសមត្ថកិច្ចថៃសួរនាំនោះ គឺជនជាតិខ្មែរទាំង ១៧នាក់បានប្រាប់ថា ពួកគេធ្វើដំណើរទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ហើយពលករម្នាក់ត្រូវបង់ប្រាក់ឱ្យមេខ្យល់ ៥.០០០បាត ឬស្មើនឹងប្រមាណ ១៤៧ដុល្លារ ដើម្បីដឹកទៅប្រទេសថៃ។ ក្រោយពីសួរចម្លើយពលករខ្មែរទាំង ១៧នាក់ និងមេខ្យល់ថៃ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកាន់កម្លាំងជំនាញ ដើម្បីចាត់ការតាមច្បាប់ ។

កាលពីថ្ងៃទី១៩ ខែមេសា ក៏មានពលរដ្ឋខ្មែរចំនួន ៧នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួននៅស្រុកអារញ្ញប្រាថេត (Aranyaprathet) ខេត្តសាកែវ។ ក្រុមពលករដែលអាជ្ញាធរថៃចាប់ខ្លួនទាំងនេះ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែរជាច្រើននាក់ទៀត ដែលបាននាំគ្នាឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែងថា បញ្ហាអាជ្ញាធរថៃចាប់បញ្ចួនពលករខ្មែរនេះ គឺជារឿងដដែលៗ ដូច្នេះមិនគួរមានការដាក់ទោសទណ្ឌលើពួកគាត់ជាជនរងគ្រោះ ដោយសារការស្វែងរកការងារចិញ្ចឹមជីវិតនោះទេ។ ទោះជាយ៉ាងណាលោក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ឲ្យបានខ្ពស់លើសុវត្ថិភាព និងពង្រីកការងារសម្រាប់ពួកគាត់ ជាពិសេសលើវិស័យកសិកម្ម និងទីផ្សារការងារ ព្រមទាំងបង្កើតឱកាសងាយស្រួលសម្រាប់ការវិនិយោគផ្សេងៗ ជាដើម។ លោក ឌីថេ ហូយ៉ា ព្រួយបារម្ភថា ប្រសិនបើបញ្ហាទាំងនេះ មិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយទេ នឹងបង្កឲ្យមានបញ្ហាសង្គមធ្ងន់ធ្ងរនៅពេលខាងមុន៕

website_news/2022250402.txt · Last modified: 2022/04/25 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki