website_news:2022250405

ក្រោយបុណ្យឆ្នាំថ្មីរួច ពលករខ្មែរ ត្រឡប់ទៅរកការងារធ្វើ នៅប្រទេសថៃ ២ថ្ងៃ ថៃចាប់បាន ៤៨នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២២ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ២៣:២៤

បន្ទាយមានជ័យ៖ ក្រោយបុណ្យឆ្នាំថ្មីរួច ពលករខ្មែរ បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញ។ តែ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២០-២១ ខែមេសា សមត្ថកិច្ចថៃ ចាប់បានចំនួន ៤៨នាក់ នៅតាមបន្ទាត់ព្រំដែន ក្នុងទឹកដីថៃ ជាប់ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានប្រាប់ថា រយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចថៃ បានឃាត់ពលករខ្មែរ ដែលលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ចំនួន ៤៨នាក់ ( ស្ត្រី ២៣នាក់ )។ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចបរិវេណភូមិហួយក្រៃតាយ ឃុំវ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ កម្លាំងនគរបាលខេត្តស្រះកែវ បានឃាត់រថយន្ត ១គ្រឿង ម៉ាក់តូយូតា ពាក់លេខ៨៧១១ ស្រះកែវ បានដឹកពលករខ្មែរ ចំនួន ១៧នាក់ ( ស្រី ៩នាក់) និងឃាត់អ្នកបើកបរម្នាក់ ឈ្មោះ ឡាំដួន អៈនុស៊ី ភេទប្រុស អាយុ ៥៣ឆ្នាំ(ជនជាតិថៃ)។ កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិគុតហ៊ីន ក្នុងឃុំខ្លងណាំសៃ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កម្លាំងយោធា ឈុតខ្មៅថៃ បានឃាត់ពលករខ្មែរ ចំនួន ៣១នាក់ ( ស្រី ១៤នាក់ ) ដែលលួចឆ្លងដែនដោយខុសច្បាប់។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា ពលករខ្មែរ ដែលត្រូវបានសមត្ថកិច្ចថៃ ចាប់រយៈពេល ២ថ្ងៃនេះ មានចំនួន ៤៨នាក់ ក្រោយធ្វើការត្រួតពិនិត្យសុខភាព ដោយកម្លាំងជំនាញហើយ បានប្រគល់ជូនទៅប៉ូលិសស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីសាកសួរ ហើយតាមចម្លើយ ពលករខ្មែរ ទៅរកការងារធ្វើតាមរយៈមេខ្យល់ខ្មែរ ទទួលជូនដល់កន្លែងការងារ ក្នុងប្រទេសថៃ ដោយម្នាក់តម្លៃ ៥.០០០ ទៅ ៦.០០០បាត។ ប៉ុន្តែក្រោយជូនឆ្លងដែន និងដឹកតាមរថយន្ត ដែលមានមេខ្យល់ថៃ នាំផ្លូវ ក៏ត្រូវសមត្ថកិច្ច ចាប់បាន។ ចំពោះពលករខ្មែរ ដែលភាគីថៃចាប់នេះ ដោយសារតែលួចឆ្លងដែនខុសច្បាប់ ហើយថៃអនុវត្តន៍តាមនីតិវិធី ដោយត្រូវបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕ ប៊ុន ធឿន

website_news/2022250405.txt · Last modified: 2022/04/25 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki