website_news:2022250408

ពលករខ្មែរសម្រុកទៅរកការងារធ្វើនៅថៃ កំពុងជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៤ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១៤:៣៨

ខេត្តបន្ទាយមានជ័យ ៖ ក្រោយបុណ្យចូលឆ្នាំប្រពៃណីរួច ពលករខ្មែរបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ កំពុងជាប់គាំងតាមបន្ទាត់ព្រំដែន ក្នុងទឹកដីថៃ ដើម្បីរង់ចាំរថយន្តមេខ្យល់ថៃ ក្នុងភូមសាស្ត្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលឈមភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមព័ត៌មានពីពលករខ្មែរ បានអោយដឹងថា នៅពេលពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃ ទៅតាមរយៈមេខ្យល់ខ្មែរ ហើយជិះរថយន្តឈ្នួលដោយខ្លួនឯងចេញពីស្រុកមកដល់ចំណុចមេខ្យល់ណាត់ជួប ហើយត្រូវបង់លុយអោយមេខ្យល់ ដោយក្នុង១ម្នាក់ៗតម្លៃ៦.០០០បាត ហើយមេខ្យល់ក៏បានយកឡានមកដឹកបន្តមកដល់ចំណុចព្រំដែនខ្លាងាប់ នឹងមានមេខ្យល់ថៃចាំទទួលនាំឆ្លងដែនទៅដាក់នៅចំការ ក្នុងទឹកដីថៃ ដោយរង់ចាំរថយន្តថៃដឹកបន្តទៅរកការងារធ្វើ ឬជូនទៅដល់កន្លែងការងារធ្វើតែម្តង។

ពលករខ្មែររូបនោះ បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រកភូមិសាស្ត្រខ្លាងា.ប់ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ មានប្រមាណជិត៥០នាក់ ហើយត្រូវបានរថយន្តមេខ្យល់ថៃដឹកចេញជាបន្តបន្ទាប់ ដោយក្រុមចេញមុន១ឡានចំនួន១៨នាក់ តែក៏ត្រូវជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកពលករខ្មែរបុកជាមួយរថយន្តធំ បណ្តាលស្លា.ប់២នាក់ ក្នុងនោះថៃម្នាក់ និងរបួសធ្ងន់-ស្រាល១២នាក់ជាពលករខ្មែរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្រះកែវ ប្រទេសថៃ។ ពលករខ្មែររូបនោះបានបញ្ជាក់ថា ក្រោយពេលពលករខ្មែរជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ តម្រួតថៃក៏រឹតបន្តតាមផ្លូវ ដោយត្រួតពិនិត្យតឹងរឹង បណ្តាលជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ដោយដេកចាំរថយន្តមេខ្យល់ថៃមកដឹកចេញនៅពេលយប់ ឬពាក់កណ្តាលអធ្រាត្រ ទើបដឹកចេញជាបណ្តើរៗ ដោយរថយន្ត១គ្រឿងដឹកពលករខ្មែរជិត២០នាក់ ហើយគេចពីតម្រួតថៃតាមដងផ្លូវ ដែលអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ប៉ុន្តែព្រោះតែជីវភាព គឺត្រូវតែតស៊ូទៅរកការងារធ្វើនៅប្រទេសថៃ ជាកម្មករអន្តោប្រវេសន៍ខុសច្បាប់។

ពាកព័ន្ធនឹងពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃខាងលើ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានប្រាប់ថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធា ចេញល្បាតតាមបន្ទាត់ព្រំដែន និងឃាត់ពលករខ្មែរដែលបម្រុងលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃជាបន្តបន្ទាប់ ហើយត្រូវបាននាំមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយកម្លាំងជំនាញក៏កំពុងតែស្រាវជ្រាវ តាមចាប់មេខ្យល់ផងដែរ ដើម្បីចាត់ការតាមច្បាប់៕

website_news/2022250408.txt · Last modified: 2022/04/25 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki