website_news:2022250501

កម្ពុជាបន្តប្តេជ្ញាក្នុងការចូលរួមគាំទ្រការអនុវត្តកតិកាសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍

https://www.postkhmer.com/ ឡាយ សាមាន | Publication date 24 May 2022 | 20:33 ICT

ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាក្នុងការចូលរួមគាំទ្រដំណើការនៃការអនុវត្ត កតិកាសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច ទទួលរងនូវអំពើហិង្សា អំពើជួញដូរមនុស្ស និងរហូតដល់ជាទាសភាពជាដើម។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានដឹកនាំគណៈប្រតិភូកម្ពុជាពីស្ថាប័នមួយចំនួន រួមមាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញ នូវទេសន្តរប្រវេសន៍អន្តរជាតិ នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២។

បន្ទាប់ពីដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកវិញកាលពីថ្ងៃទី២៣ ខែឧសភា លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់អំពីសកម្មភាព ដែលសម្រេចបាន ក្រោយចូលរួមវេទិកានេះថា ក្នុងនាមកម្ពុជា ជាប្រទេសជយលាភីមួយក្នុងចំណោម ប្រទេស ៣៣ ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំនេះ។ ក្នុងវេទិកាអន្តរជាតិនោះ ក៏មានកិច្ចប្រជុំអង្គការសហប្រជាជាតិដែលហៅថា ជាព្រឹត្តិការណ៍អម ចំនួន២៣ផ្សេងទៀត ដែលក្រុមនៃប្រទេស ឬជាកិច្ចសហការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ឬអង្គការឯកទេសជាមួយប្រទេសមួយចំនួន ត្រូវបានរៀបចំឡើងទន្ទឹមនឹងកិច្ចប្រជុំរួមនេះ។ លោកស្រីបន្តថា ក្នុងនោះបានផ្តោតលើប្រធានបទពាក់ព័ន្ធ ជុំវិញការអនុវត្ត គោលបំណងអាទិភាពទាំង២៣ របស់កតិកាសញ្ញាពិភពលោក ដែលចូលរួមចែករំលែកទាំងបទពិសោធល្អៗ ភាពប្រឈម ដំណោះស្រាយ និងអនុសាសន៍ឬសំណូមពរផ្សេងៗ ដែលអាចធ្វើឱ្យដំណើរការ នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពី “ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់” ប្រព្រឹត្តិទៅបានជោគជ័យក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍ ។

លោកស្រីមានប្រសាសន៍ថា៖« គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួន ដែលពាក់ព័ន្ធនឹងជម្រើសជាអាទិភាពរបស់កម្ពុជា និងបានចូលរួមផ្តល់បទពិសោធ និងធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកតិការសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម»។ លោកស្រីបានឱ្យដឹងទៀតថា បទពិសោធរបស់កម្ពុជាដែលត្រូវបានចែករំលែកនៅក្នុងវេទិកានោះ បានធ្វើឱ្យបណ្តាប្រទេសនានាអបអរសាទរ និងកោតសរសើរជាខ្លាំង។ ទន្ទឹមនឹងនោះ គណៈប្រតិភូនៃប្រទេស ក្រូអាត បង់ក្លាដែស កាណាដា ព្រុយណេដារូសាឡឹម បានស្នើសុំជួបជាទ្វេភាគី ដើម្បីបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឱ្យរួចផុតពីគ្រោះមហន្តរាយដោយជំងឺកូវីដ១៩ បានឆាប់រហ័ស និងធ្វើឱ្យដំណើការសេដ្ឋកិច្ចសង្គម ប្រព្រឹត្តទៅបានដោយរលូនជាថ្មី។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា ថ្លែងថា ការចូលរួមក្នុងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជារឿងល្អ ដែលអាចជួយឱ្យកម្ពុជាមានបណ្តាញកាន់តែធំបន្ថែមទៀត ពាក់ព័ន្ធការជួញដូរពលករទេសន្តរប្រវេសន៍ដោយខុសច្បាប់ ព្រោះ របៀបនៃការជួញដូរ ល្បិចកល របស់ជនល្មើសមានភាពផ្សេងៗគ្នា។ ប៉ុន្តែលោកថា អ្វីដែលសំខាន់នោះ គឺការអនុវត្តន៍ច្បាប់នៅក្នុងស្រុកឱ្យមានប្រសិទ្ធភាពដែលជាកិច្ចការដ៏សំខាន់ ក្នុងចំណោមការងារអាទិភាពផ្សេងទៀត។ លោកថា៖‍«ព្រោះកម្ពុជាយើងក៏ធ្លាប់បានចូលរួមវគ្គផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកច្រើនដែលទោះបីក្នុងបរិបទកូវីដ១៩ ប៉ុន្តែរឿងដែលសំខាន់បំផុត គឺការអនុត្តន៍ច្បាប់នៅក្នុងស្រុកជារឿងសំខាន់ ថាតើយើងមានច្បាប់ហើយ តើការអនុវត្តនោះមានប្រសិទ្ធភាពប៉ុណ្ណា ថាតើប្រព័ន្ធយុត្តិធម៌នៅយើងមានភាពឯករាជ្យ ហានចាត់ការទៅលើមេខ្យល់ដែលមានបណ្តាញជាមួយអ្នកមានអំណាចដែរឬទេ»។

សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់ UN ដែលត្រូវបានអនុម័ត តាមរយៈកិច្ចពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិ ឱ្យមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល។ កតិកាសញ្ញាពិភពលោកនេះ ត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត UN ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស៕

website_news/2022250501.txt · Last modified: 2022/05/25 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki