website_news:2022250505

ប្រុសស្រីជិត២០នាក់លួចចេញពីទឹកដីខ្មែរ ចូលដល់ទឹកដីថៃ ស្រាប់តែត្រូវទាហានថៃចាប់ខ្លួន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៤ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៣:៤៩

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរប្រុស-ស្រីចំនួន១៩នាក់ ត្រូវបានទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ ដែលប្រចាំការទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ បានឃាត់ខ្លួននៅវេលាម៉ោង០៥ទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ពីបទលួចឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចភូមិឃុតហ៊ីន ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា តាមការឲ្យដឹងពីសមត្ថកិច្ចថៃ បានឲ្យដឹងថា កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានទទួលព័ត៌មានពីសមត្ថកិច្ចថៃ នៅវេលាម៉ោង០៥ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ហើយទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ ដែលប្រចាំការទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន១៩នាក់ (ក្នុងនោះស្រី០៩នាក់ និងកុមារ០៤នាក់) នៅត្រង់ចំណុចភូមិឃុតហ៊ីន ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខនឹងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកមេបញ្ជាការបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង១៩នាក់ខាងលើនោះ បន្ទាប់ពីសួរនាំ និងពិនិត្យកំដៅរួច ទាហាន (ព្រាន) ឈុតខ្មៅថៃ បានបញ្ជូនពួកគាត់ទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

website_news/2022250505.txt · Last modified: 2022/05/25 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki