website_news:2022250507

ពលរដ្ឋខ្មែរសម្រុកទៅធ្វើបណ្ណចូលទៅធ្វើការលក់ដូរនៅថៃ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 24 May 2022 | 09:16 ICT

បន្ទាយមានជ័យៈ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋនៅតាមព្រំដែន ជាពិសេសពលករខ្មែរពី ៤០០ ទៅ ៥០០ នាក់បានទៅស្នើសុំធ្វើបណ្ណឆ្លងដែន ដើម្បីបានចូលទៅធ្វើការ ឬលក់ដូរស្របច្បាប់ នៅក្នុងប្រទេសថៃ បន្ទាប់ពីភាគីទាំង ២ បានឯកភាពគ្នាបើកច្រកព្រំដែនឡើងវិញ កាលពីថ្ងៃទី ១ ខែឧសភា ក្នុងកម្រិតថ្នាក់តំបន់។

អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក សេក សុខុម បានថ្លែងថា ពលករបានសម្រុកមកធ្វើបណ្ណឆ្លងដែនជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃមានប្រហែល៥០០នាក់ ខណៈបណ្ណនេះធ្វើក្នុងតម្លៃប្រហែល ២ ម៉ឺនរៀល។លោកថា៖ «ក្នុង ១ ថ្ងៃ ពលរដ្ឋគាត់សម្រុកមកធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ប្រហែលពី ៤០០ ទៅ ៥០០ បណ្ណ ជាពិសេសបងប្អូនពលករ និងអាជីវករ គាត់សម្រុកធ្វើបណ្ណនេះ ព្រោះបណ្ណនេះជាតម្រូវការចាំបាច់សម្រាប់ទៅធ្វើការ និងលក់ដូរក្នុងទឹកដីថៃ»។ បណ្ណនេះប្រើបានសម្រាប់តែអ្នកខេត្តជាប់ព្រំដែនប៉ុណ្ណោះ ដូចជាខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ហើយខេត្តប៉ៃលិន និងខេត្តត្រាត ជាដើម ដើម្បីស្រួលដល់ការចេញចូលរវាងតំបន់ទាំង ២ នៅតាមខ្សែបន្ទាត់ព្រំដែន។ ពលរដ្ឋដែលមានបណ្ណនេះអាចមានសិទ្ធិចេញចូលនិងធ្វើការនៅប្រទេសថៃក្នុងកាលបរិច្ឆេទកំណត់មួយ ប៉ុន្តែក្នុងករណីពលករខ្មែរដែលទៅធ្វើការហួសថ្ងៃកំណត់នោះ ថៅកែជនជាតិថៃអាចបន្តពន្យារពេលសុពលភាពបណ្ណព្រំដែននោះបានទៅតាមតម្រូវការជាក់ស្តែង។ លោកឱ្យដឹងដែរថា ក្រោយពេលភាគីថ្នាក់ខេត្តបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ពលករលួចឆ្លងដែននៅតាមច្រករបៀងនៅតែមាន ប៉ុន្តែមិនច្រើនដូចកាលពីសម័យផ្ទុះជំងឺកូវីដ ១៩ ខ្លាំងនោះទេ។ លោកថា៖ «ច្រកព្រំដែនប៉ោយប៉ែតចេញចូលតែពលករដែលស្របច្បាប់ទេ ចំណែកពលករដែលគាត់រកទទួលទានដោយខុសច្បាប់គាត់នៅតែលួចចេញទៅតាមច្រករបៀងដដែល»។

ចំណែកអភិបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក គឿន សត្យា ឱ្យដឹងដែរថា នាពេលបច្ចុប្បន្នថ្នាក់ខេត្តនៅបន្តអនុវត្តគោលការណ៍ចាស់ ដោយក្នុង ១ អាទិត្យ ថៃបើកឱ្យពលករយើងចូល ២ ថ្ងៃ ហើយមិនបើកជាចំហពេកទេ ទាល់តែមានលក្ខខណ្ឌដូចដែលខាងខេត្តបាត់ដំបង និងខេត្តចន្ទបុរីបានចុះអនុស្សរណៈជាមួយគ្នា។ លោកថា៖ «គឺទាល់តែមានបណ្ណចាក់វ៉ាក់សាំងយ៉ាងតិច ២ ដង ហើយមានបណ្ណព្រំដែន ហើយត្រូវមានថៅកែថៃមកទទួលពលករខ្មែរ ឧទាហរណ៍ ១ អាទិត្យថៅកែមកយកម្តងពី ១០០ ទៅ ២០០ នាក់»។ លោកបន្តថា ក្រៅពីនោះក្នុង ១ អាទិត្យ ថៅកៅថៃត្រូវយកបណ្ណព្រំដែននោះទៅពន្យារពេលនៅព្រំដែនដើម្បីបន្តសុពលភាព ខណៈលោកថា បើកាលពីមុនកូវីដ ១៩ បណ្ណព្រំដែនក្នុង ១ ក្បាលអាចពន្យារបាន ២ ឆ្នាំ ប៉ុន្តែឥឡូវនេះអាចពន្យារបានត្រឹម ១ ឆ្នាំប៉ុណ្ណោះ។ មួយវិញទៀត ក្រោយពីបើកព្រំដែនជិត ១ ខែមកនេះ ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនអាចចេញ-ចូលបានធម្មតាដោយភ្ជាប់មកជាមួយបណ្ណព្រំដែន៕

website_news/2022250507.txt · Last modified: 2022/05/25 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki