website_news:2022250701

សម្ដេច ស ខេង ភ្ញាក់ផ្អើលចំពោះការសម្រេចរបស់អាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ លើការជួញដូរមនុស្ស

https://www.kampucheathmey.com/ ២៥ វិនាទី មុន នៅ ថ្ងៃអាទិត្យ ២៤ កក្កដា ២០២២ដោយ Sovath

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងនូវការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ លើការជួញដូរមនុស្ស។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញឲ្យដឹងថា កម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅ ឬចំណាត់ថ្នាក់កម្រិត៣ ដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្សតាមស្តង់ដារជាអប្បរមា។ ក្នុងបញ្ជីខ្មៅ ឬកម្រិត៣ កម្ពុជានឹងអាចប្រឈមការរឹតត្បិតជំនួយ ឬឈានទៅដល់ការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាក្នុងស្រុកអង្គស្នួល កាលពីថ្ងៃទី២៣ ខែកក្កដា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាចំពោះការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចមានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញ គឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយបញ្ហានេះ។

ចំពោះបញ្ហាគ្រឿងញៀនវិញ សម្ដេចស ខេង បានបន្តថាបច្ចុប្បន្នកម្ពុជាកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមានការបង្វែរយកទៅផលិតជាគ្រឿងញៀន។ សម្ដេចបន្ថែមថាបញ្ហាគ្រឿងញៀននេះ ក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អំពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យផងដែរ។

ជាមួយគ្នានេះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌៕ អត្ថបទ៖ សំអឿន

website_news/2022250701.txt · Last modified: 2022/07/25 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki