website_news:2022250703

នាយករដ្ឋមន្ត្រីថៃស្វាគមន៍ចំពោះភាពប្រសើរឡើងរបស់ប្រទេសថៃនៅក្នុងរបាយការណ៍ TIP

https://www.information.gov.kh/ AKP ភ្នំពេញថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា បានសាទរចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យប្រសើរឡើងចំពោះប្រទេសថៃពីបញ្ជីចំណាត់ទី២ ដោយមានការឃ្លាំមើលទៅជាចំណាត់ថ្នាក់ទី២ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស (TIP) របស់សហរដ្ឋអាមេរិកឆ្នាំ២០២២ ដោយបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដោយគ្មានទីបញ្ចប់។

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសថៃបានកែលម្អការងាររបស់ខ្លួនយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការចាប់ខ្លួនជនល្មើស។ ទីភ្នាក់ងារសហរដ្ឋអាមេរិកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនោះរួមមាន ការបង្កើនចំនួនការស៊ើបអង្កេត ការបញ្ចប់យន្តការបញ្ជូនបន្តថ្នាក់ជាតិ (NRM) ការអនុញ្ញាតឱ្យមានការឆ្លុះបញ្ចាំងរយៈពេល ៤៥ថ្ងៃ ក៏ដូចជាការបញ្ចប់គោលការណ៍ណែនាំសម្រាប់ការអនុវត្តបទញ្ញតិពលកម្មដោយបង្ខំនៃច្បាប់ប្រឆាំងការជួញដូរមនុស្ស និងចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងមន្ត្រីចំនួន ១៧នាក់ដែលត្រូវបានចោទប្រកាន់ថាជាសហការីនៅក្នុងបទល្មើសជួញដូរមនុស្សកាលពីក្នុងឆ្នាំ២០២១។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាកន វ៉ាងប៊ុនគង់ចាណា បាននិយាយថា រដ្ឋបាលថៃបានកំណត់អាទិភាពទៅលើការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្សជាបញ្ហាបន្ទាន់ ដោយបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងសហការជាមួយអង្គការក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងប្រទេសថៃ។ យោងតាមលោក ថាណាកន បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុធ ក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារពាក់ព័ន្ធ និងអ្នកដែលចូលរួមទាំងអស់នៅក្នុងបេសកកម្មដើម្បីកែលម្អស្ថានភាពរបស់ប្រទេសថៃសម្រាប់របាយការណ៍ TIP ។

នៅក្នុងរបាយការណ៍ TIP កាលពីឆ្នាំមុន ប្រទេសថៃត្រូវបានទម្លាក់ពីចំណាត់ថ្នាក់ទី២ ទៅជាចំណាត់ថ្នាក់ទី២ ដោយមានការឃ្លាំមើល។ ប្រសិនបើប្រទេសនេះនៅតែស្ថិតក្នុងការឃ្លាំមើលរយៈពេលពីរឆ្នាំជាប់គ្នា វានឹងធ្វើឱ្យប្រទេសថៃប្រថុយទៅនឹងការទម្លាក់ចំណាត់ថ្នាក់ដោយស្វ័យប្រវត្តិទៅចំណាត់ថ្នាក់ទី៣៕(ប្រភព NNT បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2022250703.txt · Last modified: 2022/07/25 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki