website_news:2022250706

អាស៊ានប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

https://www.postkhmer.com/ រី សុចាន់ | Publication date 22 July 2022 | 11:17 ICT

ភ្នំពេញៈ ស្ថាប័នអនុវត្តច្បាប់ នៃបណ្តារដ្ឋសមាជិកអាស៊ានប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ នៃវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ខណៈបទល្មើសមួយចំនួនបន្តមានការកើនឡើងនៅក្នុងតំបន់។ ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) លើកទី ២២ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី ១៩-២១ ខែកក្កដា តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់នៅថ្ងៃទី ២១ ខែកក្កដា ថា៖ «មន្ត្រីជាន់ខ្ពស់នៃរដ្ឋសមាជិកអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ស្ថាប័នអនុវត្តច្បាប់នៃបណ្តារដ្ឋសមាជិកអាស៊ានក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញនៃវិបត្តិជំងឺកូវីដ ១៩»។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការបន្តសុពលភាពឯកសារសហប្រតិបត្តិការមួយចំនួន ដែលបានផុតសុពលភាព ឬជិតផុតសុពលភាព ដើម្បីកំណត់ និងដាក់ចេញនូវទិសដៅការងារបន្តនៅក្នុងដំណើការកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា ដែលស្ថិតក្រោមឧក្រិដ្ឋកម្មឆ្លងដែន។ យោងតាមប្រភពដដែល មន្ត្រីជាន់ខ្ពស់ទាំងនេះក៏បានកត់សម្គាល់ឃើញថា ទោះបីស្ថិតក្នុងបរិការណ៍នៃការរឹតបន្ដឹងការធ្វើដំណើរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏បទល្មើសមួយចំនួនបន្តមានការកើនឡើងនៅក្នុងតំបន់ រួមមាន ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្សឆ្លងដែន បទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានអំពើជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ និងបទល្មើសសេដ្ឋកិច្ចអន្តរជាតិ ជាដើម។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ «បទល្មើសទាំងនេះក៏ជារបៀបវារៈយ៉ាងសំខាន់ សម្រាប់មន្ត្រីជាន់ខ្ពស់ក្នុងវិស័យអនុវត្តច្បាប់នៃបណ្ដារដ្ឋសមាជិកអាស៊ាន ធ្វើការពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាព ដើម្បីបុព្វហេតុសន្តិសុខ ការអភិវឌ្ឍ វិបុលភាព និងភាពសុខដុមរមនា សម្រាប់សហគមន៍ អាស៊ានទាំងមូល»៕

website_news/2022250706.txt · Last modified: 2022/07/25 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki