website_news:2022250707

ស្ថាប័នពាក់ព័ន្ធឆ្លើយតបចំពោះ UNCRC ដែលព្រួយបារម្ភលើការអនុវត្តការលើកកម្ពស់សិទ្ធិកុមារ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 22 July 2022 | 10:48 ICT

ភ្នំពេញៈ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបង្ហាញការប្ដេជ្ញា និងការឆ្លើយតបចំពោះអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ អង្គការសហប្រជាជាតិ (UNCRC) ចំនួន ៤៨ អនុសាសន៍ ដែលជាការព្រួយបារម្ភរបស់ស្ថាប័ននេះលើការអនុវត្ដការលើកកម្ពស់សិទ្ធិកុមារ ដូចជា ការអប់រំ និងកិច្ចការពារកុមារនៅកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០២២។ ការឆ្លើយតបរបស់តំណាងមកពីក្រសួងនានានេះធ្វើឡើងតាមរយៈកិច្ចពិភាក្សាតុមូលស្តីពីអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ រៀបចំដោយ អង្គការយូនីសេហ្វ នាថ្ងៃទី ២១ កក្កដា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ កាលពីខែមិថុនា ឆ្នាំ ២០២២ UNCRC ពិនិត្យរបាយការណ៍លើកទី ៤ និងទី ៦ ស្តីពី ស្ថានភាពសិទ្ធិកុមារនៅប្រទេសកម្ពុជា។ គណៈកម្មាធិការបានទទួលស្គាល់វឌ្ឍនភាព ដែលសម្រេចបានដោយរដ្ឋាភិបាលកម្ពុជានៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០២២ ប៉ុន្ដែទន្ទឹមនឹងនេះក៏បានបង្ហាញពីចំណុចគួរឱ្យព្រួយបារម្ភ ជុំវិញបញ្ហាមួយចំនួន ដូចជាការអប់រំ និងកិច្ចការពារកុមារ។

លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារថ្លែងពេលធ្វើជាអធិបតីកិច្ចពិភាក្សានេះថា ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក្តី ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និង អន្តរាគមន៍ជាចាំបាច់ និងទាន់ពេលវេលា។ លោកថា ឆ្លើយតបនឹងកាតព្វកិច្ចជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារកាលពីខែឧសភា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានរៀបចំចាត់ប្រតិភូនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារទៅចូលរួមការពាររបាយការណ៍ស្តីពីការអនុវត្តសិទ្ធិកុមាររបស់កម្ពុជាក្នុងកិច្ចប្រជុំលើកទី ៩០ របស់ UNCRC នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកថ្លែងថា៖ «បន្ទាប់ពីកិច្ចប្រជុំ កម្ពុជាបានទទួលអនុសាសន៍មួយចំនួនដែលជាសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារមាន ៤៨ អនុសាសន៍ ដែលយើងនឹងលើកយកមកពិភាក្សានាថ្ងៃនេះ»។

លោក គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះថា កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ កម្ពុជាបានទទួលអនុសាសន៍មួយចំនួនដែលជាសេចក្ដីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារមាន ៤៨ អនុសាសន៍ ដែលជាអនុសាសន៍ក្នុងន័យស្ថាបនា ដើម្បីឱ្យកម្ពុជាបន្តអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារឱ្យកាន់តែល្អប្រសើរឡើង ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា។ លោកថ្លែងថា៖ «ជាទិសដៅបន្ត អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារនឹងជំរុញការអនុវត្តអនុសាសន៍ទាំងអស់នេះឱ្យបានជោគជ័យ ដូចជា រៀបចំសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ និងគោលបំណងជំរុញការអនុវត្តអនុសាសន៍ឱ្យមានប្រសិទ្ធភាព។ លើកកម្ពស់ការផ្សព្វផ្សាយអនុសាសន៍នេះដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងដល់ក្មួយៗកុមារឱ្យបានទូលំទូលាយ»។ លោកស្រី ជូ ប៊ុនអេង ថ្លែងថា កន្លងមក កម្ពុជាតែងតែសហការគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមនូវចំណុចដែលនៅខ្វះចន្លោះ ដើម្បីធានាថា កុមារទាំងឡាយ ទោះបីចេញពីប្រភពណាក៏ដោយនៅក្នុងប្រទេសកម្ពុជាឱ្យនៅក្រោមដំបូលនៃច្បាប់ និងគោលនយោបាយដើម្បីកុមារ។ លោកស្រីថ្លែងថា៖ «ទាក់ទងនឹងក្រសួងមហាផ្ទៃ គឺយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ និងដឹកនាំរៀបចំផែនការច្បាស់លាស់លើការគាំពារកុមារនេះ ពីព្រោះយើងមានគោលនយោបាយ យើងចាំបាច់ត្រូវតែរៀបចំស្ដង់ដានៃការអនុវត្ដកិច្ចការពារកុមារនេះ»។

លោកស្រី ញាណ សុចិត្រា អគ្គនាយិកានៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី ឆ្លើយតបនឹងអនុសាសន៍នេះទាក់ទងនឹងការដាក់ទណ្ឌកម្មលើរាងកាយ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារថា ក្រសួងកិច្ចការនារីកំពុងធ្វើការប៉ាន់ប្រមាណ និងពិនិត្យឡើងវិញនៃការអនុវត្ដច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ លោកស្រីថ្លែងថា៖ «ក្រសួងកិច្ចការនារីបាននិងកំពុងធ្វើការប៉ាន់ប្រមាណ និងពិនិត្យ ឡើងវិញអំពីប្រសិទ្ធភាពនៃការអនុវត្ដច្បាប់នេះ គឺដើម្បីកំណត់ឱ្យឃើញអំពីចំណុចខ្លាំង និងខ្សោយនៃការអនុវត្ដច្បាប់ ដើម្បីធ្វើជាមូលដ្ឋាន ថា តើត្រូវសម្រេចធ្វើវិសោធនកម្មច្បាប់នេះលើមាត្រាណាខ្លះ»។

លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាឆ្លើយតបនឹងអនុសាសន៍នេះដែរថា៖ «យើងមានជំនឿក្នុងការសម្រេចឱ្យបាននូវអនុសាសន៍ ដែលបានដាក់ឱ្យដោយ UNCRC នេះ ដោយសារតែយើងមានសសរស្ដម្ភជាតិចំនួន ២ ធំៗ គឺសន្ដិភាព និងការអភិវឌ្ឍ។ សសរស្ដម្ភ ២ នេះបង្ហាញថា យើងអាចធ្វើអ្វីៗបានទាំងអស់ឱ្យតែប្រទេសជាតិយើងមានសន្ដិភាព និងមានការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល»។

លោកស្រី Foroogh Foyouzat តំណាង យូនីសេហ្វប្រចាំកម្ពុជាថ្លែងក្នុងវេទិកានេះថា UNCRC បានទទួលស្គាល់វឌ្ឍនភាព ដែលសម្រេចបានដោយរដ្ឋាភិបាលកម្ពុជាចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះក៏បង្ហាញពីចំណុចគួរឱ្យព្រួយបារម្ភជុំវិញបញ្ហាមួយចំនួន ដូចជាការអប់រំ និងកិច្ចការពារកុមារ។ លោកស្រីថ្លែងថា៖ «ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលរួមបញ្ចូលអនុសាសន៍នៅក្នុងច្បាប់ ផែនការ គោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមានស្រាប់ និងមានថ្មីណាមួយរបស់ខ្លួន ក៏ដូចជានៅក្នុងផែនការស្តារឡើងវិញនូវកូវីដ ១៩»។ លោកស្រីថា៖ «កិច្ចពិភាក្សាថ្ងៃនេះ គឺជាឱកាសមួយដើម្បីស្តាប់អំពីផែនការរបស់ក្រសួងផ្សេងៗគ្នា ដើម្បីចាត់វិធានការលើអនុសាសន៍ទាំងនេះ ហើយខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការសិក្សាអំពីពួកគេ»៕

website_news/2022250707.txt · Last modified: 2022/07/25 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki