website_news:2022250802

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រងើយកន្តើយ ចំពោះការទប់ស្កាត់ការជួញដូរមនុស្សទេ

https://www.btv.com.kh/ 2022/08/24 10:17:42 am

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថាគ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនបានប្រងើយកន្តើយចំពោះការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដូចការចោទប្រកាន់ពីមជ្ឈដ្ឋាននានានោះឡើយ ខណៈយុទ្ធនាការនេះកម្ពុជាបានសហការជួយប្រទេស និងអង្គការជាដៃគូ ជាច្រើន។ ថ្លែងប្រាប់អ្នកសារព័ត៌មានមុននឹងឡើងយន្តហោះឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំជាមួយភាគីថៃ ទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីនីតិវិធីច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា កម្ពុជាបានធ្វើការយ៉ាងសកម្មចំពោះកិច្ចការទប់ស្កាត់អំពើជួញដូរមនុស្ស បើទោះបីកម្ពុជាត្រូវបានគេចោទប្រកាន់ និងបានដាក់ប្រទេសស្ថិតនៅក្នុងលេខរៀងទី៣ ក្នុងការប្រងើយកន្តើយ ចំពោះការជួញដូរមនុស្សនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជាបានបង្រ្កាបអំពើជួញដូរមនុស្សបានចំនួន៤៧ករណី ហើយបានចាប់ខ្លួនជនជាតិចិន ម៉ាឡេស៊ី វៀតណាម និងជនជាតិខ្មែរបានចំនួន៦០នាក់បញ្ជូនទៅកាន់តុលាការដោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលជនសង្ស័យទាំងនេះបានបោកបញ្ឆោតជនរងគ្រោះពីប្រទេសផ្សេងៗចូលមកកម្ពុជាដោយសន្យាឲ្យធ្វើការទទួលបានប្រាក់កំរ៉ៃជាច្រើននោះ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា បទល្មើសជួញដូរមនុស្សដែលបានកើតឡើងលើទឹកដីកម្ពុជានេះ គឺពុំមែនកម្ពុជាជាអ្នកធ្វើខ្លួនឯងនោះទេ ពោលគឺជនបោកបញ្ឆោតជាជនបរទេស មេខ្យល់នាំចូលក៏ជាជនបរទេស ហើយបាននាំជនបរទេសមករងគ្រោះនៅប្រទេសកម្ពុជាទៅវិញ រហូតត្រូវបានគេរិះគន់ ហើយបានឈានដល់ការដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅ ដែលជាប្រទេសជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សជាដើមនោះ។ យ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុន អេង បានលើកឡើងថា កម្ពុជាខិតខំប្រឹងប្រែងជានិច្ចចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនូវអំពើជូញដូរមនុស្សនេះ ដោយកម្ពុជាបានសហការជាមួយប្រទេស និងអង្គការ ជាដៃគូជាច្រើននៅលើសកលលោក ដើម្បីធ្វើយ៉ាងណាលុបបំបាត់នូវសកម្មភាពទាំងនេះឲ្យបាន៕ អត្ថបទ៖ បាន ចក់

website_news/2022250802.txt · Last modified: 2022/08/25 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki