website_news:2022250805

ក្រុមជួញដូរមនុស្ស ០៤នាក់ ត្រូវប៉ូលិសកំណត់អត្តសញ្ញាណ ក្រោយវៀតណាម៤២នាក់ រត់គេចខ្លួនពីកាស៊ីណូកម្ពុជា

https://kohsantepheapdaily.com.kh/ ២៤ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ២១:០៧

វៀតណាម ៖ ប៉ូលិសវៀតណាម បានកំណត់មុខសញ្ញាក្រុមជួញដូរមនុស្ស ចំនួនបួននាក់ ដែលជាប់ពាក់ព័ន្ធការរត់ពន្ធជនជាតិវៀតណាមចំនួន ៤២នាក់ ដែលបានរត់ចេញពីកាស៊ីណូកម្ពុជា កាលពីសប្តាហ៍មុន នេះបើយោងតាមសារព័ត៌មាន VnExpress ។ លោកវរសេនីយ៍ឯក Dinh Van Noi មន្ត្រីនគរបាលវៀតណាមនៅខេត្ត An Giang បាននិយាយកាលពីថ្ងៃអង្គារថា “ពាក់ព័ន្ធការរត់ពន្ធទាំងនេះ ដំណើរការក្នុងមូលដ្ឋានជាច្រើន ដោយមានសហការជាមួយអ្នកសមគំនិត ក្នុងប្រទេសកម្ពុជា ដើម្បីនាំជនជាតិវៀតណាម ចូលធ្វើការក្នុងកាស៊ីណូដោយខុសច្បាប់” ។

អាជ្ញាធរកម្ពុជា កំពុងសហការជាមួយប៉ូលិសខេត្ត An Giang របស់ប្រទេសវៀតណាម និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីបំពេញនីតិវិធី និងបញ្ជូនជនជាតិវៀតណាម ១១នាក់ផ្សេងទៀតឲ្យទៅប្រទេសកំណើតវិញ តាមរយៈការទូត ។ ខេត្តកណ្តាលរបស់កម្ពុជា មានកាស៊ីណូសរុបចំនួន០៨ ក្នុងចំណោមនោះកាស៊ីណូមួយបានបញ្ឈប់ប្រតិបត្តិការដោយសារជំងឺកូវីដ-១៩ ខណៈកាស៊ីណូផ្សេងទៀត នៅមានសកម្មភាព ដោយជួលកម្មករបរទេសជាច្រើននាក់ រួមទាំងជនជាតិវៀតណាម ។ ហើយក៏កើតមានករណីជនជាតិវៀតណាម ៤២នាក់ បានរត់ចេញពីកាស៊ីណូមួយ ហែលឆ្លងទន្លេចូលទៅកាន់ខេត្តអានយ៉ាង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

កម្មករ បាននិយាយថា ពួកគេត្រូវបានគេបញ្ចុះបញ្ចូលឲ្យមកប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្នកស្គាល់គ្នា ដោយបានទាក់ទាញការសន្យាថា “ការងារងាយស្រួល និងប្រាក់ខែខ្ពស់” ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេទៅដល់កាស៊ីណូ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថា ការងារមិនដូចអ្វីដែលពួកគេស្រមៃនោះទេ ។ ជារៀងរាល់ថ្ងៃ កម្មករត្រូវបង្ខំចិត្តចូលធ្វើការលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីបោកបញ្ឆោតមនុស្សឲ្យចាក់ភ្នាល់ល្បែងតាមអនឡាញ។ ប្រសិនបើពួកគេមិនបានបំពេញកាតព្វកិច្ចទេ ពួកគេនឹងត្រូវគេវាយដំ រឹបអូសយកប្រាក់ខែ ឬត្រូវបានលក់ទៅឲ្យកាស៊ីណូផ្សេងទៀត ហើយប្រសិនបើពួកគេចង់ចាកចេញ ពួកគេត្រូវទាក់ទងក្រុមគ្រួសាររបស់ពួកគេ ដើម្បីបង់ប្រាក់លោះ រាប់ម៉ឺនដុល្លារ ទើបរួចខ្លួន ។

កាលពីថ្ងៃចន្ទ ទី២២ សីហា ប៉ូលិសខេត្ត An Giang បានឃុំខ្លួនជនសង្ស័យ០២នាក់ គឺឈ្មោះ Nguyen Thi Le និងឈ្មោះ Le Van Danh ដើម្បីស៊ើបអង្កេតពីបទ «ឈ្មួញកណ្តាលរត់ពន្ធមនុស្សដោយខុសច្បាប់ក្នុងប្រទេសវៀតណាម» ។ អាជ្ញាធរកម្ពុជា ក៏បានចាប់ខ្លួន ជនជាតិចិនម្នាក់ ដែលជាម្ចាស់កាស៊ីណូ ដែលជនជាតិវៀតណាមទាំង ៤២នាក់ បានរត់គេចពីទីនោះ ផងដែរ ។ វីដេអូឃ្លីបមួយបានបង្ហោះលើបណ្ដាញសង្គម បង្ហាញពីក្រុមជនអន្តោប្រវេសន៍មួយក្រុម បានបុកទម្លុះរបង និងប៉ះទង្គិចគ្នាជាមួយកងសន្តិសុខកាស៊ីណូ យីហោ Golden Phonix Entertainment ស្ថិតនៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល វេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ ពលករវៀតណាមចំនួន ៤២នាក់ បានរត់ទៅលោតចូលទឹកទន្លេ ហែលឆ្លងសំដៅទៅត្រើយម្ខាង នៃប្រទេសវៀតណាម ។ ពលករចំនួន ៤០នាក់រត់គេចដោយសុវត្ថិភាព ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេជាក្មេងប្រុសអាយុ១៦ឆ្នាំ ត្រូវលិចបាត់ក្នុងទន្លេ ហើយម្នាក់ទៀត ត្រូវឆ្មាំកាស៊ីណូចាប់បានមកវិញ ។ ក្នុងចំណោម ៤០នាក់ មានស្ត្រី៥នាក់ ៕

website_news/2022250805.txt · Last modified: 2022/08/25 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki