website_news:2022250806

អាជ្ញាធរកម្ពុជាត្រៀមចុះពិនិត្យអគារដែលសង្ស័យថា ប្រើប្រាស់ដើម្បីជួញដូរមនុស្សក្នុងបណ្តាញ Scam

https://khmer.voanews.com/ 22 សីហា 2022

ភ្នំពេញ៖ អាជ្ញាធរពាក់ព័ន្ធនានាត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្ស តាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam។ ចំណាត់ការនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយមានបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យបើកប្រតិបត្តិការត្រួតពិនិត្យនៅទីកន្លែងដែលមានជនបរទេសស្នាក់នៅ។

លោក ស ខេង បានថ្លែងកាលពីសប្តាហ៍មុនថា៖ «ក្រៅពីនេះ យើងក៏រៀបចំនូវផែនការ ប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាក់ស្តែងមួយទៀត ហើយនឹងត្រៀមសម្រាប់ការប្រជុំជាមួយនឹងដៃគូអន្តរជាតិក្នុងការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរ»។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរខេត្តបានកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើលទីកន្លែង អគារនានាក្នុងខេត្តព្រះសីហនុ ដែលសម្បូរអគារខ្ពស់ និងកាស៊ីណូ។ លោកថ្លែងថា៖«សព្វថ្ងៃហ្នឹងមានការចុះត្រួតពិនិត្យទៅតាមអគារ ក៏ដូចជាសហគ្រាសនីមួយៗគឺមានការសហការគ្នារវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាមួយនឹងស្នងការនគរបាលខេត្ត ហើយនឹងមន្ទីរការងាររបស់ខេត្តដើម្បីត្រួតពិនិត្យការស្នាក់នៅ»។

អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលកំពុងតែរៀបចំរចនាសម្ព័ន្ធដើម្បីចាត់ការលើករណីនេះ ខណៈអ្នកស្រីទទួលស្គាល់ថា ពិតជាមានអំពើឆបោកតាមបច្ចេកវិទ្យានៅកម្ពុជា។ ទោះជាយ៉ាងណា អ្នកស្រីថា មិនមែនរាល់ការឆបោកទាំងអស់សុទ្ធតែជាអំពើជួញដូរមនុស្សឡើយ ហេតុនេះហើយការយកករណីទាំងអស់នេះមកលើកឡើងថា ជាអំពើជួញដូរមនុស្ស និងវាយតម្លៃកម្ពុជា វាមិនសមហេតុផលឡើយ។ អ្នកស្រីថ្លែងថា៖ «បើនិយាយពីរឿងបោកបញ្ឆោតតាម បច្ចេកវិទ្យា ជាការណ៍ពិតហើយ ពីព្រោះអ្នកដែលសង្គ្រោះបាន ពួកគាត់ថា ពួកគាត់ចាញ់បោកតាមបច្ចេកវិទ្យាហ្នឹងហើយ។ ប៉ុន្តែបើសិននិយាយថា ទាំងអស់ហ្នឹងសុទ្ធតែជាអំពើជួញដូរមនុស្ស ថា មិនមែនទេ»។

កាលពីថ្ងៃទី២០ ខែសីហា សារព័ត៌មាន Taipei Times បានចុះផ្សាយថា មនុស្សចំនួន១៦នាក់ត្រូវបានចាប់ខ្លួន ដោយប៉ូលិសដាក់ការសង្ស័យថា ពួកគេរួមគំនិតជាមួយអង្គការឧក្រិដ្ឋកម្មបរទេសដើម្បីទាក់ទាញប្រជាជនតៃវ៉ាន់ទៅធ្វើការនៅប្រទេសកម្ពុជាតាមរយៈការសន្យាផ្តល់ឱ្យនូវប្រាក់ខែខ្ពស់។ បើតាម Taipei Times ជនជាតិតៃវ៉ាន់ ដែលត្រូវបានជួយសង្គ្រោះពីការឃុំឃាំងនៅក្នុងប្រទេសកម្ពុជា បានរាយការណ៍ថា ពួកគេរងការវាយធ្វើបាបលើរូបរាងកាយតាមមធ្យោបាយផ្សេងៗដោយឧក្រិដ្ឋជនជួញដូរមនុស្សនៅក្នុងសណ្ឋាគារនានា ក្នុងខេត្តព្រះសីហនុ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិភាក្សា ដូចជាសួរនាំអាជ្ញាធរខេត្តពាក់ព័ន្ធករណីជួញដូរមនុស្ស និងការឆបោកតាមបច្ចេកវិទ្យាផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេថា អ្នករាយការណ៍ពិសេសបានទទួលដំណឹងថា ខេត្តព្រះសីហនុបើកចំហឱ្យមានបទល្មើស ដូចជាការបង្ខាំងមនុស្សដោយខុសច្បាប់ ឬក៏ជួញដូរកម្លាំងពលកម្ម និងជួញដូរមនុស្សជាដើម។ លោកបន្ថែមថា នៅក្នុងជំនួបនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់អ្នករាយការណ៍ពិសេសថា រដ្ឋបាលខេត្តបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ហើយខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការដោះស្រាយបញ្ហាទាំងឡាយ ដែលបានកើតឡើង ជាពិសេសនៅពេលដឹងថា មានអំពើជួញដូរមនុស្សនៅកន្លែងណាមួយគឺអាជ្ញាធរតែងតែចុះបង្ក្រាប។ លោកថ្លែងថា៖ «គឺថាបានខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ ទប់ស្កាត់បទល្មើស ហើយជាពិសេសគឺនៅពេលដែលបានទទួលដំណឹងអំពីបទល្មើសជាក់ស្តែងណាមួយគឺថា កម្លាំងរបស់យើងតែងតែស្រាវជ្រាវ ដើម្បីវែកមុខហើយបង្ក្រាប»។

កាលពីពេលកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។

ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្សនៅលើពិភពលោក កាលពីខែកក្កដា ឆ្នាំ ២០២២។ របាយការណ៍នោះបានបង្ហាញថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2)មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួនដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។ របាយការណ៍នេះក៏បានលើកឡើងអំពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធើណិត ឬហៅថា Scam ផងដែរ៕

website_news/2022250806.txt · Last modified: 2022/08/25 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki