website_news:2022250807

មន្ត្រីសង្គមស៊ីវិលស្នើស៊ើបអង្កេតអគារកាស៊ីណូដែលសង្ស័យថា មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់

https://www.rfa.org/ ដោយ សេក បណ្ឌិត 2022.08.24

មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា អាជ្ញាធររដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានប្រកបដោយតម្លាភាព ពាក់ព័ន្ធនឹងទីតាំងអគារសហគ្រាសមួយចំនួនគ្រប់គ្រងដោយជនជាតិចិន ដែលសង្ស័យថាមានករណីចាប់បង្ខាំងមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់នៅលើទឹកដីកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីជនជាតិវៀតណាមជាង ៤០នាក់ ថ្មីៗនេះបានសម្រុករត់គេចខ្លួនចេញពីអគារបនល្បែងកាស៊ីណូមួយកន្លែងនៅជ្រៃធំ ខេត្តកណ្តាល ហើយហែលឆ្លងព្រែកទៅត្រើយម្ខាងនៃទឹកដីវៀតណាមរបស់ខ្លួនវិញ។ ជនជាតិវៀតណាមទាំងនោះថា មូលហេតុដែលនាំឱ្យពួកគេរត់គេចខ្លួនចេញពីអគារបនល្បែងកាស៊ីណូ គឺដោយសារមានថៅកែជនជាតិចិនបានចាប់ឃុំឃាំងពួកគេបង្ខំឱ្យធ្វើទាសករឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ។

អំពើជួញដូរមនុស្ស ឬករណីជនជាតិចិនចាប់បង្ខាំងជនបទេសបង្ខំឱ្យធ្វើការខុសច្បាប់នៅកម្ពុជា ហាក់កំពុងល្បីល្បាញខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជនបរទេសដែលរំដោះខ្លួនចេញពីអគារគ្រប់គ្រងដោយជនជាតិចិនភាគច្រើនពួកគេសុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេត្រូវបានថៅកែជនជាតិចិនបោកបញ្ឆោតឱ្យធ្វើការខុសច្បាប់ តាមរយៈការល្បួងបញ្ចុះបញ្ចូលឃោសនាការងារដែលទទួលបានប្រាក់ខែខ្ពស់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា អាជ្ញាធររដ្ឋាភិបាលគួរតែមានការស៊ើបអង្កេតដោយឯករាជ្យលើករណីជនបរទេសមកធ្វើការនៅកម្ពុជា ជាពិសេសអគារសហគ្រាស ឬបនល្បែងកាស៊ីណូដែលគ្រប់គ្រងដោយជនជាតិចិន ដែលសង្ស័យថា មានករណីចាប់បង្ខាំងមនុស្សនៅកម្ពុជា។

នាយកទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ សីហាថា បើករណីជនបរទេសមួយចំនួនមកធ្វើការនៅកម្ពុជាអះអាងថា ខ្លួនរងការចាប់បង្ខាំងមនុស្សឱ្យធ្វើការខុសច្បាប់ ហើយមន្ត្រីអាជ្ញាធរនៅតែគ្មានការស៊ើបអង្កេត បកស្រាយឱ្យបានច្បាស់លាស់លើករណីនេះ នោះកម្ពុជានឹងអាចក្លាយជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះអាក្រក់។ លោកព្រួយបារម្ភថា បើករណីជនជាតិចិនចាប់បង្ខាំងជនបរទេសឱ្យធ្វើការខុសច្បាប់នៅកម្ពុជាពិតមែននោះ វានឹងធ្វើប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងគំរាមកំហែងដល់ប្រជាពលរដ្ឋខ្មែរធ្ងន់ធ្ងរ។ លោក អំ សំអាត ជំរុញដល់អាជ្ញាធរកម្ពុជាគួរមានការពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសជិតខាងមួយចំនួនដែលអះអាងថា មានពលរដ្ឋខ្លួនជាប់គាំងបង្ខាំងក្នុងអគារ ដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដ។ លោក លើកឡើងបន្តថា ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងករណីចាប់បង្ខាំងមនុស្សនៅកម្ពុជានេះ គឺទាមទារដល់រដ្ឋាភិបាល និងអាជ្ញាធរជំនាញ មានឆន្ទៈ និងការតាំងចិត្តខ្ពស់ ទើបមានការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជានេះមានប្រសិទ្ធភាព៖ «ហើយទីពីរពង្រឹងការអនុវត្តច្បាប់។

ប្រសិនបើមានអ្នកពាក់ព័ន្ធ ជាមួយនឹងការជួញដូរមនុស្សហ្នឹង ទោះបីជាឋានន្តរសក្តិ ឬអំណាចប៉ុណ្ណាក៏ត្រូវតែមានការតាមផ្លូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ហ្នឹងទើបអាចធ្វើការទប់ស្កាត់ទៅបាន។ ទីបីត្រូវសហការជាមួយបណ្តាប្រទេសជិតខាង ព្រោះលំហូរចូល មិនដែលជនបរទេស ចូលមកស្រុកខ្មែរដោយខុសច្បាប់ ធ្លាក់ពីណាមកទេ គឺ មានការឆ្លងដែន។ អ៊ីចឹងត្រូវតែមានការ កិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសជិតខាង ដើម្បីធ្វើទប់ស្កាត់»។ ក្តីបារម្ភរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ កើតឡើងក្រោយពេលដែលកំណើននៃករណីចាប់បង្ខាំងមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់ដែលប្រតិបត្តិការដោយក្រុមហ៊ុនចិននៅកម្ពុជាហាក់កំពុងរីកដុះដាលយ៉ាងខ្លាំង ខណៈសង្វាក់អាជីវកម្មក្រុមហ៊ុនចិនឆបោកទាំងនោះភាគច្រើនជ្រកក្រោមស្លាកអគារបនល្បែង ដែលកំពុងដំណើរការហាក់មានភាពអាថ៌កំបាំងច្រើន។

កាលពីថ្ងៃទី១៨ ខែសីហា សារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា យ៉ាងហោចណាស់មានពលរដ្ឋតៃវ៉ាន់ជិត៤រយនាក់(៣៧៣នាក់) ត្រូវបានក្រុមជនល្មើសបោកបញ្ឆោតឱ្យធ្វើការឱ្យក្រុមហ៊ុនឆបោកតាមអនឡាញនៅកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយ។ ក្នុងនោះមានពលរដ្ឋតៃវ៉ាន់ជាង១រយនាក់ (១៤៤នាក់) ត្រូវបានបង្ខាំងទុកក្នុងអគារ បង្ខំឱ្យធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ដោយឡែក កាលពីថ្ងៃទី១៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) បានរាយការណ៍ថា កម្មករកាស៊ីណូជនជាតិវៀតណាមប្រមាណ ៤២នាក់ ធ្វើការឱ្យកាស៊ីណូមួយឈ្មោះ ហ្គោលដឹនភិននិក អ៊ីនដឹថេនមេន កាស៊ីណូ (Golden Phoenix Entertainment Casino) ស្ថិតក្នុងឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានគេបង្ខំឱ្យធ្វើការដោយពុំបើកប្រាក់ឈ្នួល។ វីដេអូដែលគេបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបានបង្ហាញថា កម្មករជនជាតិវៀតណាមទាំងនោះបានរត់ចេញពីអគារក្រុមហ៊ុនចិនទឹកមុខរបស់ពួកគាត់ហាក់មានអារម្មណ៍តក់ស្លុត និងភ័យខ្លាច។ ជាងនេះទៅទៀត ភ្លាមៗក្នុងពេលដែលជនជាតិវៀតណាមទាំងនោះបានរត់គេចខ្លួនពី កាស៊ីណូមួយឈ្មោះ ហ្គោលដឹនភិននិក អ៊ីនដឹថេនមេន កាស៊ីណូ ជនជាតិចិន និងក្រុមសន្តិសុខ ក៏បានទាញបំពងដែក និងដំបងដេញវាយទៅលើជនជាតិវៀតណាមទាំងនោះ ដែលបណ្តាលឱ្យរងរបួសមួយចំនួនទៀតផង។ ជនជាតិវៀតណាមទាំងនោះ បានបង្ខំចិត្តសម្រុករត់គេចចេញពីទីតាំងកាស៊ីណូ ដោយបានលោតចូលក្នុងទឹកទន្លេស្ថិតក្នុងតំបន់ព្រែកបិនយី (Binh Di) ឆ្លងទៅត្រើយម្ខាងទៀតនៃប្រទេសវៀតណាមវិញ។ ក្នុងនោះជនជាតិវៀតណាមម្នាក់បានស្លាប់ពេលដែលកំពុងហែលទឹកទន្លេចាកចេញពីកម្ពុជាសំដៅទៅប្រទេសកំណើតវិញ។ កម្មករជនជាតិវៀតណាម ដែលរំដោះខ្លួនចេញពីអគារក្រុមហ៊ុនចិននៅកម្ពុជា ពួកគេមួយចំនួនបានអះអាងប្រាប់អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសពួកគេ ថាពួកគេពិតជាត្រូវបានជនជាតិចិនឃុំឃាំងក្នុងអគារដែលមានសភាពងងឹត ហើយបង្ខំឱ្យធ្វើការងារខុសច្បាប់នៅកម្ពុជា។

ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ ដើម្បីការបំភ្លឺពីបញ្ហានេះបានទេ ដោយទូរស័ព្ទហៅចូលតែលោកចុចផ្ដាច់។ ចំណែក អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី២៣ សីហា។ ប៉ុន្តែ អភិបាលរងខេត្តកណ្ដាល លោក គ្រុយ ម៉ាឡែន បានប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ថ្មីៗនេះថា ករណីជនជាតិវៀតណាមរត់គេចខ្លួនពីអគារកាស៊ីណូក្នុងខេត្តកណ្តាលកន្លងទៅនេះ មិនមែនជាករណីចាប់បង្ខាំងឡើយ។ លោកអះអាងថា កម្មករជនជាតិវៀតណាមទាំងនោះក្រុមហ៊ុនក៏បើកប្រាក់ខែឱ្យពួកគេត្រឹមត្រូវជាប្រចាំខែដែរ។ បន្ថែមពីនេះទៀត លោកចោទថា ក្រុមកម្មករជនជាតិវៀតណាមរត់គេចខ្លួននោះ គឺពួកគេព្យាយាមគេចពីការទទួលខុសត្រូវលើការងាររបស់ខ្លួនពាក់ព័ន្ធនឹងការខ្ចីបំណុលពីក្រុមហ៊ុនយកមកលេងល្បែង។

កាលពីថ្ងៃទី១៨ សីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើសន្និសីទកាសែតមួយ ដោយអះអាងថា កម្លាំងនគរបាលធ្វើប្រតិបត្តិការឆែកឆេរការស្នាក់នៅរបស់ជនបរទេសប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្នុងបេសកកម្មសង្គ្រោះជនរងគ្រោះ និងចាប់មេខ្លោងយកមកផ្ដន្ទាទោស។ លោកឱ្យដឹងថា ករណីជនជាតិវៀតណាមរត់ចេញពីអគារបនល្បែងក្នុងខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនមេការ និងជនរងគ្រោះមួយចំនួន។ លោកថា នៅខេត្តព្រះសីហនុក៏ដូចគ្នាដែរ សមត្ថកិច្ចកំពុងត្រួតពិនិត្យលើការស្នាក់នៅរបស់ជនបរទេសនេះ ហើយមានអ្នកខ្លះបានអះអាងថាខ្លួនជាជនរងគ្រោះដែលសមត្ថកិច្ចពិនិត្យជាក់ស្ដែងគឺមានជនជាតិអាមេរិកខ្មែរអាមេរិក និងឥណ្ឌូណេស៊ី ជាដើម។

លោក ស ខេង បញ្ជាក់ទៀតថា ចំពោះអ្នកហែលទឹកទៅប្រទេសវៀតណាមនោះ ប្រហែលពួកគេមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ព្រោះពេលមកដល់ជជែកមិនត្រូវគ្នារឿងកិច្ចសន្យាការងារក៏នាំគ្នារត់ចេញ ហើយហែលឆ្លងព្រែកទៅខាងវៀតណាមវិញ៖ «ស្ថានភាពខ្លះ មិនពិតទាំងស្រុងទេ ប៉ុន្តែខ្លះក៏ពិត យើងសង្គ្រោះ ព្រោះបេសកកម្មរបស់យើងទីមួយសង្គ្រោះជនរងគ្រោះ ទីពីរគឺយើងចាប់មេខ្លោងពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់»។

ជុំវិញរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីជនជាតិវៀតណាមរត់គេចខ្លួនពីអគារបនល្បែងនៅកម្ពុជានេះ អាជ្ញាធរកម្ពុជាគួរតែមានការសិក្សាឱ្យបានស៊ីជម្រៅ ជាពិសេសត្រូវជជែកពិភាក្សាជាមួយជនជាតិវៀតណាមទាំងនោះ ដើម្បីរកឱ្យឃើញបញ្ហាពិតប្រាកដ ដើម្បីអនុវត្តការងារមានប្រសិទ្ធភាព។ លោកលើកឡើងថា សារព័ត៌មានអន្តរជាតិធំៗបានផ្សព្វផ្សាយជាបន្តបន្ទាប់ចំពោះករណីជនបរទេសរាប់រយនាក់ ត្រូវបានក្រុមជនឆបោកចាប់បង្ខាំងឱ្យធ្វើការខុសច្បាប់នៅកម្ពុជា។ លោកថា បញ្ហានេះ បើអាជ្ញាធរតែបន្តបដិសេធដោយគ្មានការស៊ើបអង្កេតជាមុននោះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ជាតិ និងធ្វើឱ្យអ្នកវិនិយោគល្អៗនៅកម្ពុជាមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពបន្ថែមទៀត៖ «ខ្ញុំជឿជាក់ថា សារព័ត៌មានទាំងអស់នោះគេគ្មានហេតុផលអ្វីទៅប្រឌិតព័ត៌មានដើម្បីឱ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជាទេ ប្រសិនបើមិនមានករណីបែបនេះកើតឡើង។ អ៊ីចឹងសមត្ថកិច្ចគប្បី បើកការស្រាវជ្រាវ ឱ្យបានល្អិតល្អន់ ហើយរកឃើញហើយហ្នឹងគួរតែមានការទប់ស្កាត់ និងចាត់វិធានការទៅលើជនទាំងអស់នោះឱ្យខ្លាំងក្លា ដើម្បីបង្ហាញទៅឱ្យសហគមន៍អន្តរជាតិថា រដ្ឋាភិបាលកម្ពុជាមិនបាន នៅស្ងៀមចំពោះអំពើបង្ខាំងមនុស្ស ឬអំពើធ្វើទុក្ខបុកម្នេញទៅលើមនុស្សគ្រប់ជាតិសាសន៍ដែលមកកម្ពុជាបែបហ្នឹងទេ»។

ស្ថាប័នសារព័ត៌មានអន្តរជាតិល្បីៗមួយចំនួន បន្តរាយការណ៍ជាបន្តបន្ទាប់អំពីប្រតិបត្តិការអាជីវកម្មបែបឧក្រិដ្ឋកម្មពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា។ ស្ថាប័នសារព័ត៌មានអន្តរជាតិមួយចំនួនក៏បានលាតត្រដាងថា ជំនួញអាជីវកម្មទាំងនោះភាគច្រើនកំពុងគ្រប់គ្រងដោយក្រុមហ៊ុនចិន និងបានឃុបឃិតគ្នាជាមួយបុគ្គលមានលុយមានអំណាច ដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល លោក ហ៊ុន សែន កំពុងប្រតិបត្តិការចាប់បង្ខាំងមនុស្សបង្ខំឱ្យធ្វើជាទាសករតាមប្រព័ន្ធអ៊ីនធឺណិត។ ទោះជាយ៉ាងណា ទន្ទឹមនឹងមានការរកឃើញករណីបែបនេះ មន្ត្រីជាន់រដ្ឋាភិបាលមួយចំនួនក៏បានចេញមុខប្រតិកម្មថាប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានអន្តរជាតិទាំងនោះជាយុទ្ធនាការរបស់ក្រុមបក្សប្រឆាំងទៅវិញ៕

website_news/2022250807.txt · Last modified: 2022/08/25 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki