website_news:2022251002

១០ ខែឆ្នាំនេះ ក្រុមការងារ ត្រួតពិនិត្យពលករបរទេសជាង ៣ ម៉ឺននាក់ និងផាកពិន័យអ្នកគ្មានប័ណ្ណការងារជាង ២៤០០ នាក់

https://www.kampucheathmey.com/local-news/400578 ថ្ងៃសៅរ៍ ២២ តុលា ២០២២ដោយ Inn Pisey

នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ នេះ ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស បានចុះត្រួតពិនិត្យគោលដៅជាង ៣ ពាន់គោលដៅ ត្រួតពិនិត្យពលករបរទេសជាង ៣ ម៉ឺននាក់ ព្រមទាំងផាកពិន័យជនបរទេសគ្មានប័ណ្ណការងារជាង ២៤០០ នាក់។

នាយឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេសកាលពីថ្ងៃទី ២១ តុលា ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្រោមការអនុវត្តប្រកាសអន្តរក្រសួងស្ដីពីអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មជារៀងរាល់ឆ្នាំ ដោយបានរៀបចំក្រុមការងារចុះអធិការកិច្ចតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជននានាទូទាំង ប្រទេស។ នាយឧត្ដមសេនីយ៍បានបន្តទៀតថា ជាលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យគោលដៅចំនួន ៣.០៨០ គោលដៅ ត្រួតពិនិត្យពលករបរទេសចំនួន ៣០.៨៣៤ នាក់ ព្រមទាំងផាកពិន័យជនបរទេសគ្មានប័ណ្ណការងារចំនួន ២.៤១៦ នាក់។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ក្រុមការងារអធិការកិច្ចរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ត្រូវបន្តកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន និងក្រុមហ៊ុនរោងចក្រ សហគ្រាស អ្នកវិនិយោគិននានា ព្រោះថាការងារនេះ ពិតជាបានរួមចំណែកក្នុងការពង្រឹងការងាររក្សាសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារ បន្តអនុវត្តផែនការត្រួតពិនិត្យពលករបរទេសនេះឲ្យបានហ្មត់ចត់ ស្របតាមវិជ្ជាជីវៈ ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យឈានដល់គោលដៅដែលយើងចង់បាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងមហាផ្ទៃនៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី ១៤ តុលា នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២២ នេះ កម្ពុជា បានបណ្ដេញជនបរទេសខុសច្បាប់ឲ្យវិលត្រឡប់ទៅប្រទេសវិញប្រមាណជាង ១ ម៉ឺននាក់ ខណៈនាពេលខាងមុខនេះ យើងនឹងបណ្ដេញជនបរទេសខុសច្បាប់ប្រមាណជាង ១ ពាន់នាក់បន្ថែមទៀត ចេញពីប្រទេសកម្ពុជា ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនសាធារណៈ។ លោក ខៀវ សុភ័គ បញ្ជាក់ថា ក្នុងការគ្រប់គ្រងជនបរទេសនេះដែរ ក្រសួងមហាផ្ទៃ បានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ក្នុងនោះរួមមាន ទី១-ទប់ស្កាត់ម៉ឺងម៉ាត់មិនឲ្យកំណើនបន្ថែមនូវជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ ដោយផ្តើមចេញពីការចុះធ្វើជំនឿនស្ថិតិជនបរទេសអន្តោប្រវេសន៍ឡើងវិញ។ ទី២-យកចិត្តទុកដាក់ជំរុញការដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសឲ្យស្ថិតនៅក្រោមដំបូលច្បាប់។ ទី៣-គ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះការស្នាក់នៅរបស់ជនបរទេសមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ៕ អត្ថបទ ៖ សំអឿន

website_news/2022251002.txt · Last modified: 2022/10/25 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki