website_news:2022251004

វៀតណាមថា ពលរដ្ឋខ្លួនរាប់រយនាក់ដែលត្រូវបានបោកបញ្ឆោតនៃការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានជួយសង្គ្រោះ

https://www.khmertimeskh.com/501173068//?p=1173068 Khmer Times October 23, 2022

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទកាសែតទៀងទាត់របស់ក្រសួងការបរទេសកាលពីថ្ងៃទី២០ ខែតុលា ថា ពលរដ្ឋវៀតណាមរាប់រយនាក់ដែលត្រូវបានបោកបញ្ឆោតមកធ្វើការខុសច្បាប់នៅកម្ពុជាត្រូវបានជួយសង្គ្រោះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ អ្នកនាំពាក្យរូបនេះបន្តថា ករណីដែលពលរដ្ឋវៀតណាមចាញ់បោកការងារខុសច្បាប់ និងត្រូវបានបង្ខាំងខ្លួននៅកម្ពុជា ដែលសារព័ត៌មានបានរាយការណ៍ បានកើតឡើងនៅតំបន់ក្រោមការចោទប្រកាន់របស់អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។ លោកស្រី Hang បាននិយាយថា ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានកម្ពុជា ដើម្បីចាត់វិធានការជួយសង្គ្រោះពលរដ្ឋវៀតណាម ដែលគេបោកប្រាស់ឱ្យធ្វើការខុសច្បាប់ នៅតាមតំបន់នានាជាប់ព្រំដែនកម្ពុជា-ថៃ។

យោងតាមលោកស្រី ស្ថានអគ្គកុងស៊ុលបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាមប្រហែល១០០នាក់ នៅចន្លោះខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ។ ចាប់តាំងពីចុងខែកញ្ញាមក ស្ថានអគ្គកុងស៊ុលក៏បានសម្របសម្រួលជាមួយរដ្ឋបាលមូលដ្ឋាន ដើម្បីដោះលែងពលរដ្ឋចំនួន ១៧១នាក់ផ្សេងទៀតផងដែរ។ បន្ទាប់ពីបានជួយ សង្គ្រោះពលករពីថៅកែខុសច្បាប់ ស្ថានអគ្គកុងស៊ុលបានបញ្ជូនមន្ត្រីទៅជួបពួកគេ និងដាក់ចេញនូវវិធានការការពារប្រជាពលរដ្ឋ ដូចជាការផ្តល់សម្ភារចាំបាច់ និងដំណើរការធ្វើមាតុភូមិនិវត្តន៍ជាដើម។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នាយកដ្ឋានកុងស៊ុល ស្ថិតក្រោមក្រសួងការបរទេស ក៏កំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋដែលត្រូវបានជួយសង្គ្រោះ និងទទួលពួកគេត្រឡប់ពីកម្ពុជាវិញ។ អ្នកនាំពាក្យបាននិយាយថា នាពេលខាងមុខ ទីភ្នាក់ងារវៀតណាម (ក្រសួងការបរទេស និងបេសកកម្មតំណាងនៅកម្ពុជា) នឹងបន្តសហការជាមួយអាជ្ញាធរកម្ពុជា និងស្នើឱ្យភាគីកម្ពុជា ពង្រឹងការចុះត្រួតពិនិត្យតំបន់ខាងលើ ដើម្បីជួយសង្គ្រោះពលរដ្ឋវៀតណាមណាដែលគេបោកបញ្ឆោតឱ្យធ្វើការងារខុសច្បាប់ ខណៈកំពុងចាត់វិធានការការពារពលរដ្ឋ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។ VNA

website_news/2022251004.txt · Last modified: 2022/10/25 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki