website_news:2022251006

ជនបរទេសចំនួន២៦៣នាក់បន្ថែមទៀត ត្រូវបានបណ្តេញចេញពីកម្ពុជាភាគច្រើនជាជនជាតិវៀតណាម

https://www.kampucheathmey.com/local-news/401056 ថ្ងៃអាទិត្យ ២៣ តុលា ២០២២ដោយ vann sokunthea

ជនបរទេសចំនួន២៦៣នាក់បន្ថែមទៀត ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជាអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ក្នុងចំណោមនោះ គឺភាគច្រើនជាជនជាតិវៀតណាម។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៍មានចុះថ្ងៃទី ២២ ខែតុលាថា នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសចំនួន២៦៣នាក់ មាន០៤សញ្ជាតិ ក្នុងនោះ ជនជាតិបង់ក្លាដេសចំនួន០២នាក់ ជនជាតិថៃចំនួន១៦នាក់ ជនជាតិចិនចំនួន៧៤នាក់(តៃវ៉ាន់០៩នាក់) និងជនជាតិវៀតណាមចំនួន១៧១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង។ អ្នកនាំពាក្យបានបន្តថា ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានធ្វើការបណ្ដេញជនបរទេសចំនួន ១៥៧នាក់ ស្រី២៦នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម ចំនួន១៥៣នាក់ ស្រី២៦នាក់ និងជនជាតិចិនចំនួន០៤នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផងដែរ៕ ដោយ៖ សំអឿន

website_news/2022251006.txt · Last modified: 2022/10/25 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki