website_news:2022251102

ពួកឧក្រិដ្ឋជនជួញដូរមនុស្សរាលដាលទៅខេត្តផ្សេង បន្ទាប់ពីការបង្ក្រាបនៅខេត្តព្រះសីហនុ

https://www.khmertimeskh.com/501190495//?p=1190495 November 24, 2022

ពួកឧក្រិដ្ឋជនជួញដូរមនុស្សត្រូវបានគេមើលឃើញថា ពួកបានរាលដាលទៅកាន់តាមបណ្ដាខេត្តផ្សេង ជាពិសេសទៅកាន់តំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមួយចំនួនទៀតនៅជាប់ព្រំដែនថៃ បន្ទាប់ពីមានការបង្រ្កាបយ៉ាងខ្លាំងក្លានៅខេត្តព្រះសីហនុ។ បញ្ហាដ៏គួរឱ្យព្រួយបារម្ភនេះត្រូវបានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញបញ្ជាឱ្យអាជ្ញាធរតាមខេត្ត ជាពិសេសពោធិ៍សាត់ត្រូវចាត់វិធានការទប់ស្កាត់កុំអំពើជួញដូរមនុស្សរីករាលដាលកាន់តែខ្លាំង នៅក្នុងតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងខេត្តជាប់ព្រំដែនថៃ។ លោកបានចេញបញ្ជាបែបនេះនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលថ្មីនៃខេត្តពោធិ៍សាត់កាលពីថ្ងៃចន្ទ។ លោកបាននិយាយថា កុំឱ្យតំបន់ថ្មដាក្លាយជាកន្លែងជួញដូរមនុស្សដូចនៅក្នុងខេត្តព្រះសីហនុ។ លោក ស ខេង ថ្លែងថា៖ «ពាក្យបណ្ដឹងដែលខ្ញុំបានទទួលតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ តាមអគ្គស្នងការនគរបាល និងតាមទំព័រហ្វេសប៊ុកអន្តោរប្រវេសន៍ មកដល់ពេលនេះ គឺមានជាង៦០០ករណី។ ក្នុងនោះខេត្តពោធិ៍របស់យើងក៏មានមួយចំនួនធំដែរ។ ពីមុនខេត្តនេះមិនសូវមានប៉ុន្មានទេ ប៉ុន្តែក្រោយពីបែកសម្បុរពីកំពង់សោមមកតំបន់ថ្មដា ស្រុកវាលវែង»។ លោកបន្តថា៖ «នៅតំបន់ថ្មដា អាជ្ញាធរត្រូវបង្រ្កាបពីឥឡូវនេះ កុំឱ្យវាកាច់សម្បុកប្រកបដោយអំពើខុសច្បាប់ដូចកំពង់សោម ដែលក្នុងថ្ងៃណាក៏ឃើញមានការកាប់សម្លាប់គ្នា ខណៈនៅទីនោះរដ្ឋាភិបាលបានវិនិយោគសម្បើមណាស់។ ប៉ុន្តែនៅទីបំផុតវាបានក្លាយជាតំបន់ដែលសម្បូរដោយអំពើឧក្រិដ្ឋកម្មនិងជូញដូរមនុស្សទៅវិញ ដែលនេះយើងមានការសោកស្ដាយណាស់»។ លោក ស ខេង បន្ថែមថា សមត្ថភាពរបស់មន្ត្រីនៅមានកម្រិត ក៏ជាឱកាសសម្រាប់ជនខិលខូលប្រព្រឹត្តអំពើខុសច្បាប់ផងដែរ។ ដូច្នេះលោកជំរុញឱ្យមានការសហការគ្នាដើម្បីកម្ចាត់នូវអំពើជួញដូរខុសច្បាប់ទាំងនោះ។

ខ្មែរថែមស៍មិនអាចទាក់ទងលោក ស ថេង ស្នងការនគរបាល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេពីម្សិលមិញ ខណៈលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និយាយថា គ្មានពួកឧក្រិដ្ឋជនរត់ពីខេត្តព្រះសីហនុមកខេត្តបាត់ដំបងទេ សូម្បីតែអំពើឧក្រិដ្ឋកម្មនិងអំពើជូញដូរមនុស្សក្នុងខេត្តនេះ ក៏មិនមានដែរ។

លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យវិញ បាននិយាយថា ទោះបីជាមានជនបរទេសរត់មកពីខេត្តព្រះសីហនុមកកាន់ខេត្តបន្ទាយមានជ័យក៏ពិតមែន ប៉ុន្តែក្រោយពីបានត្រួតពិនិត្យបានរកឃើញថា ជនបរទេសទាំងនោះពុំមែនជាឧក្រិដ្ឋជនជួញដូរមនុស្សទេ តែជាជនបរទេសដែលមករស់នៅកម្ពុជាកម្ពុជាដោយខុសច្បាប់។ លោកបន្តថា៖ «យើងរកឃើញតែបួនឬប្រាំករណីប៉ុណ្ណោះ ពួកគេជាជនជាតិវៀតណាមនិងជនជាតិចិន ដែលជាអ្នកមករស់នៅកម្ពុជាដោយខុសច្បាប់ ប៉ុន្តែយើងបានឃាត់ខ្លួននិងរៀបចំឯកសារបញ្ជូនពួកគេត្រឡប់ទៅវិញហើយ»។ លោកបន្ថែមថា៖ «ទោះមានឧក្រិដ្ឋជនភៀសខ្លួនពីខេត្តព្រះសីហនុមកកាន់ខេត្តបន្ទាយមានជ័យ យើងគ្មានការព្រួយបារម្ភនេះ ព្រោះយើងបានត្រៀមលក្ខណៈនិងបានធ្វើការនេះជាប់ជានិច្ច»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ប្រាប់កាសែតខ្មែរថាមស៍ថា ពិតជាមានឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើជូញដូរមនុស្សរត់ពីខេត្តព្រះសីហនុទៅតាមខេត្តផ្សេងពិតមែន បន្ទាប់ពីកម្ពុជាបើកប្រតិបត្តិការបង្រ្កាបលើបញ្ហានេះនៅខេត្តព្រះសីហនុ។ លោកស្រីបន្តថា ពេលកម្ពុជាបានបង្កើតគណៈកម្មការត្រួតពិនិត្យឥទ្ធិពលពលករបរទេស ដែលមកលាក់ខ្លួននៅកម្ពុជា និងបន្ទាប់ពីបើកប្រតិបត្តិការបានរកឃើញអ្នកដែលរងគ្រោះ ឬមួយអ្នកដែលប្រព្រឹត្តបទល្មើសជាជនបរទេសពុំមែនជាជនជាតិកម្ពុជាឡើយ។ លោកស្រីបន្ថែមថា មូលហេតុដែលជនក្រិដ្ឋជនរត់គេចខ្លួនទៅតាមបណ្ដាខេត្តផ្សង ដោយសារមុនចុះបង្រ្កាបមានការជូនដំណឹងជាមុន ដើម្បីឱ្យស្របទៅតាមច្បាប់ ប៉ុន្តែការណ៍នេះធ្វើឱ្យឧក្រិដ្ឋជនដឹងខ្លួន ហើយរត់គេចខ្លួន។ លោកស្រីថា៖ «ប្រតិបត្តិការបង្រ្កាបអំពើជូញដូរមនុស្ស ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ជនសង្ស័យ៨៤នាក់ត្រូវបានឃាត់ខ្លួន។ ក្នុងនោះមានជនជាតិចិន ៦២នាក់ វៀតណាម៩នាក់ និងជនជាតិខ្មែរ១៣នាក់។ ចំនួននេះអាចនឹងកើនឡើងគិតមកដល់ពេលនេះ ប៉ុន្តែមិនទាន់មានការបូកសរុបនៅឡើយទេ»។ លោកស្រីនិយាយថា៖ «ឥឡូវនេះយើងបានបន្តធ្វើការជាក្រុមការងារត្រួតពិនិត្យមួយទៀត ដោយយើងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ក្រសួងការងារ និងព្រះរាជ្ញា ពេលយើងចុះទៅត្រួតពិនិត្យនៅតាមទីតាំងដែលមានការសង្ស័យ»៕

website_news/2022251102.txt · Last modified: 2022/11/25 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki