website_news:2022260102

ពលករធ្វើការនៅថៃ ព្រួយបារម្ភជួបវិបត្តិអត់ការងារធ្វើឡើងវិញ ដោយសារជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង កំពុងឆ្លងច្រើនករណី

https://www.rfa.org/ ដោយ ទីន ហ្សាការីយ៉ា 2022-01-24

ពលករមួយចំនួនកំពុងធ្វើការនៅក្នុងប្រទេសថៃ ព្រួយបារម្ភថា ពួកគាត់នឹងអាចជួបវិបត្តិអត់ការងារធ្វើម្ដងទៀត ដោយសារស្ថានភាពជំងឺកូវីដ១៩បំប្លែងថ្មីអូមីក្រុង (omicron) កំពុងឆ្លងច្រើនករណីនៅក្នុងប្រទេសនេះ។ សង្គមស៊ីវិល សង្កេតឃើញថា ការបារម្ភនេះបណ្ដាលឲ្យមានពលករខ្លះបានត្រឡប់មកខ្មែរវិញ ខណៈពលករខ្លះទៀតនៅតែបន្តលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដដែល។ ការផ្ទុះជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនេះ កំពុងបង្កភាពភ័យខ្លាចទាំងផ្នែកសុខភាព និងប្រាក់ចំណូលដល់ពលករម្ដងទៀត។

ពលករធ្វើសំណង់ម្នាក់នៅប្រទេសថៃ លោក ឆន សុខខឿន ឲ្យដឹងថា ស្ថានភាពឆ្លងកូវីដ១៩ អូមីក្រុងនៅថៃ ច្រើនគឺជិតមួយម៉ឺន (១០.០០០) នាក់ក្នុងមួយថ្ងៃ ប៉ុន្តែរដ្ឋាភិបាលថៃមិនទាន់ដាក់ចេញវិធានការតឹងរ៉ឹង ឬឈានដល់ការបិទខ្ទប់ការដ្ឋានសំណង់ដូចមុនទេ។ ទោះយ៉ាងណា ពលកររូបនេះព្រួយបារម្ភថា ប្រសិនបើតួលេខនៅតែឆ្លងខ្លាំងបែបនេះទៀត ពួកគាត់នឹងជៀសមិនផុតពីការបាត់បង់ការងារធ្វើនោះទេ។ លោកបន្តថា បច្ចុប្បន្នពលករភាគច្រើននៅមានការងារធ្វើធម្មតាទេ ប៉ុន្តែប្រាក់ចំណូលបានថយជាងមុន បើធៀបនឹងមុនពេល ដែលមានការឆ្លងកូវីដ១៩៖ «កាលមុនយើងថា ការងារយើងមានជាប់រាល់ថ្ងៃទៅ យើងអាចរកចំណូលបានខ្លះៗ។ សព្វថ្ងៃនេះ ដល់ពេលយើងមានកម្លាំងទៅ ដល់ពេលនេះ ការងារយើងអត់សូវជាប់ប៉ុន្មានទេ។ ការងារវាមានតិចៗ អត់សូវសំបូរដូចពីមុនណា»។

ពលរដ្ឋខ្មែរម្នាក់ទៀត គឺជាអ្នកដើររើសអេតចាយនៅខេត្តសមុទ្រប្រាកាន (Samut Prakan) លោក ណាត យ៉ាន ឲ្យដឹងដែរថា ចាប់តាំងពីជំងឺកូវីដ១៩ អូមីក្រុងឆ្លងច្រើនមក លោកមិនសូវមានសំបកកំប៉ុង ឬសម្ភារៈចាស់ៗរើសទេ។ លោកអះអាងថា ថ្ងៃខ្លះ លោក និងប្រពន្ធ សឹងតែរើសអេតចាយមិនបានលុយទិញអង្ករដាំបាយឲ្យកូនហូបផង។ ទោះជាយ៉ាងណា ពលរដ្ឋរូបនេះមិនទាន់គម្រោងនឹងត្រឡប់មកកម្ពុជាពេលនេះវិញទេ ដោយលោកមានបំណងស៊ូទ្រាំមួយរយៈទៀត ក្រែងអាចរកបានប្រាក់មួយចំនួន៖ «មិនមែនថាមិនទៅ (ស្រុកកំណើត) ទេ។ ក៏ប៉ុន្តែឥឡូវនេះ ម៉ែក្មេកគាត់ខលមក ថា បើឥឡូវបើថាកូនឯងមិនព្រមទៅផ្ទះទេ ឲ្យយកកូន២នាក់ហ្នឹងទៅផ្ទះទៅ ហើយកូនឯងនៅរកស៊ីឯហ្នឹងទៅ។ ខ្ញុំវាខ្មាស់គេ បើនិយាយឲ្យចំទៅ ខ្ញុំវាខ្មាសគេ»។

ស្ថានភាពលំបាកនេះ ទើបតែកើតឡើងថ្មីៗ នេះទេ ដោយសារតែកំណើននៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង។ កាលពីពាក់កណ្ដាលឆ្នាំ២០២១ ពលករខ្មែរនៅប្រទេសថៃ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩ នេះម្ដងហើយ ដោយសារថៅកែបានបញ្ឈប់ពលករស្ទើរទាំងស្រុង ហើយអាជ្ញាធរថៃ បានទុកពលករឆ្លងជំងឺកូវីដ១៩ ចោល។ កាលនោះ មានពលករខ្មែរជាច្រើននាក់ បានធ្លាក់ខ្លួនឈឺធ្ងន់ក្រោយឆ្លងជំងឺកូវីដ១៩ ហើយពួកគាត់មិនទទួលបានសេវាព្យាបាលត្រឹមត្រូវទេ ដោយនាំគ្នាដេកនៅក្នុងតង់សំពត់កៅស៊ូ ទិញថ្នាំលេបខ្លួនឯង និងប្រើវិធីខ្មែរបុរាណ គឺការស្ពង់ ជាដើម។ លើសពីនេះ នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ខ្យល់បោកតង់សំពត់កៅស៊ូប៉ើងដួល ធ្វើឱ្យពួកគាត់ខ្លះ ត្រូវដេកនៅហាលភ្លៀងទាំងយប់ក៏មានដែរ។ ក្នុងស្ថានភាពលំបាកខ្លាំងនោះ រដ្ឋាភិបាលខ្មែរ ក៏បានបិទព្រំដែនហាមពួកគាត់មិនឲ្យឆ្លងមកកម្ពុជាវិញដែរ ក្រោមហេតុផលខ្លាចនាំជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) ចូលកម្ពុជា។ រដ្ឋាភិបាល បានទុកឲ្យពួកគាត់ដេកកណ្ដាលព្រៃក្នុងដីថៃ។

វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីស្ថានភាពពលករ និងការឆ្លងជំងឺកូវីដ១៩ ពីខាងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃបានទេ នៅថ្ងៃទី២៤ មករា។ តែយ៉ាងណា ទំព័រហ្វេសប៊ុក (Facebook page) របស់ស្ថានទូតចុះផ្សាយថា ក្រុមអនុព័ន្ធការងារអមស្ថានទូតកម្ពុជាតែងតែបានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ និងបានអប់រំពន្យល់ណែនាំអំពីបម្រាម ច្បាប់ ការគាំពារ និងសិទ្ធិអត្ថប្រយោជន៍ផ្សេងៗ ដែលពលករស្របច្បាប់ត្រូវទទួលបាន។

ប៉ុន្តែក្រុមពលករ លើកឡើងថា ថៅកែថៃមិនបានអនុវត្តកាតព្វកិច្ចផ្ដល់អត្ថប្រយោជន៍ឲ្យពួកគាត់ ក្នុងអំឡុងពេលឆ្លងកូវីដ១៩ ឬក្នុងពេលបិទខ្ទប់ទេ។ ជុំវិញករណីនេះដែរ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិពលករនៅប្រទេសថៃបារម្ភថា ពលករនឹងអាចជួបវិបត្តិគ្មានការងារធ្វើ ឬផលប៉ះពាល់សុខភាពម្ដងទៀត ប្រសិនបើជំងឺកូវីដ១៩ អូមីក្រុងនៅតែបន្តឆ្លងច្រើនដូចសព្វថ្ងៃ។

មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) ប្រចាំប្រទេសថៃ លោក លឹង សុផុន សង្កេតឃើញថា ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩អូមីក្រុង មិនទាន់ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដូចមុនមែន តែពលករខ្លះបានរាងចាល និងខ្លះទៀតចាប់ផ្ដើមធុញទ្រាន់នឹងស្ថានភាពអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ដោយពួកគាត់មានបំណងចង់វិលត្រឡប់ទៅកម្ពុជាវិញ។ លោក បន្តថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករច្រើនបានត្រឡប់ទៅកម្ពុជាវិញ។ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋផ្សេងទៀតក៏កំពុងរកគ្រប់មធ្យោបាយ ដើម្បីលួចឆ្លងដែនមករកការងារធ្វើនៅក្នុងប្រទេសថៃវិញដែរ៖ «អំឡុងពេលនេះ វាប៉ះពាល់ដែរ។ តែមិនដូចអំឡុងពេលខែ៩ ឬខែ១០ កន្លងមក ដោយសារតែមិនត្រឹមតែរោគកូវីដទេ ថែមទាំងលិចទឹក លិចអ្វីទៀតណា នៅតំបន់ទំនាបខ្លះ ដូចជា ខាងរ៉ាក់យ៉ង សមុទ្រប្រកាន។ ពលករដែលធ្វើការសំណង់ភាគច្រើនលិចទឹក។ អ៊ីចឹង!មិនត្រឹមតែផ្អាកការងារទេ ថែមទាំងលិចទឹក។ អ៊ីចឹង! ធ្វើឲ្យពួកគាត់ហ្នឹងខ្វះខាត ហើយនឹងជីវភាពពួកគាត់ក៏លំបាក»។

របាយការណ៍របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បង្ហាញថា កាលពីថ្ងៃទី២៣ មករាមាន ពលករ ២១៩នាក់ បានឆ្លងដែនតាមច្រកអូស្មាច់ត្រឡប់ពីប្រទេសថៃ។ ក្នុងនោះ អាជ្ញាធររកឃើញពលករ២នាក់ ឆ្លងជំងឺកូវីដ-១៩។ ចំណែកពលរដ្ឋដែលលួចឆ្លងដែនចូលទៅថៃវិញនោះ ក៏មានចំនួនច្រើនដែរ។ ក្រុមពលករដែលបានលួចឆ្លងដែនចូលក្នុងប្រទេសថៃ ឲ្យដឹងថា ក្នុងមួយថ្ងៃៗមានពលរដ្ឋរាប់រយនាក់លួចឆ្លងដែនពីកម្ពុជាចូលប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ តែមានប្រមាណ ១០នាក់ប៉ុណ្ណោះអាចលួចចូលបាន។ ពួកគាត់ ថា ក្នុងករណីប៉ូលិសខ្មែរ ឬ ខាងថៃ ពួនស្ទាក់ចាប់បាន ពួកគាត់ត្រូវចាប់បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ហើយរកវិធី ឬផ្លូវថ្មីលបចូលម្ដងទៀត។ ពួកគាត់អះអាងថា បច្ចុប្បន្នតម្លៃនាំផ្លូវដើរឆ្លងដែនពីខ្មែរទៅថៃ ម្នាក់ខ្ទង់ ៩ពាន់ (៩.០០០) បាត ឬប្រហែល ៣០០ដុល្លារ៕

website_news/2022260102.txt · Last modified: 2022/01/26 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki