website_news:2022260402

ត្រឹម៣ថ្ងៃ! ឃាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃជាង១០០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៤ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១៦:៤១

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៣ថ្ងៃ កម្លាំងនគរបាលការពារព្រំដែនគោលលេខ៨១៥ បានឃាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃចំនួន១៣៩នាក់ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងពាក់ព័ន្ធបានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ បានឃាត់ពលករដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់២៣ ខែមេសា ឆ្នាំ២០២២ មានចំនួន១៣៩នាក់ (ស្រី៥៦នាក់កុមារ២៧នាក់)។ លោកបានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងចម្រុះឃាត់ពលករខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន៣៣នាក់ (ស្រី១១នាក់កុមារ១៦នាក់) ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ភូមិបន្ទាយទី១ ឃុំអូរសំព័រ ស្រុកម៉ាឡៃ កម្លាំងចម្រុះបានឃាត់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១១នាក់ (ស្រី៦នាក់) ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងចម្រុះឃាត់ពលករខ្មែរចំនួន៩៥នាក់ (ស្រី៣៩នាក់ កុមារ១១នាក់)។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ចំពោះពលករខ្មែរដែលកម្លាំងឃាត់តាមបន្ទាត់ព្រំដែនរយៈពេល៣ថ្ងៃសរុប ចំនួន១៣៩នាក់ ត្រូវបាននាំយកមកសាកសួរនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ។

តាមប្រភពពីពលករបានឱ្យដឹងថា ពួកគាត់មានបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ក្នុង១នាក់តំលៃ៥.០០០បាត ដោយសន្យាជូនពួកគាត់ទៅរកការងារធ្វើ និងជូនដល់កន្លែងការងារ នៅពេលចាំមេខ្យល់ថៃមកទទួលព្រំដែន ក៏ត្រូវសមត្តកិច្ចឃាត់ការណែនាំ ហើយធ្វើកិច្ចសន្យា ហើយកម្លាំងកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដើម្បីមានវិធានការតាមច្បាប់ ៕

website_news/2022260402.txt · Last modified: 2022/04/26 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki