website_news:2022260404

ឃាត់ពលករឆ្លងដែនខុសច្បាប់ទៅថៃរាល់ថ្ងៃ ខណៈមេខ្យល់មិនដឹងនៅទីណា

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២៥ មេសា ២០២២ដោយ KC Virak

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ច ជាពិសេសនគរបាលការពារព្រំដែនគោក តែងបង្រ្កាបបានពលករបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ខណៈមេខ្យល់ដែលនាំពលករឆ្លងដែននោះ មិនដឹងនៅទីណា។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៥ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥ ទាបភ្លឺ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ មានចំនួន ១៣នាក់ (ស្រី៥នាក់) ត្រង់ចំនុចភូមិក្បាលស្ពាន និងភូមិក្បាល់ទំនុបស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបង្រ្កាបបានពលករជិត១០០នាក់ នៅថ្ងៃទី២៤ ខែមេសា ដោយពុំមានមេខ្យល់ក្នុងនោះឡើយ។ នគរបាលបានឱ្យដឹងថា ពលករដែលលួចឆ្លងដែនខុសច្បាប់ខាងលើមានទីលំនៅក្នុងខេត្តព្រៃវែង បន្ទាប់ពីធ្វេីការសួរនាំ និងធ្វើកិច្ចសន្យារួច បានឱ្យពួកគាត់រង់ចាំនៅទីបញ្ជាការប៉ុស្តិ៍ ដើម្បីប្រគល់ជូនផ្នែកជំនាញនៅអធិការនគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជក់ថា យោងតាមការរៀបរាប់របស់ពលករដែលសមត្ថកិច្ចចាប់កន្លងមក ការចេញទៅថៃគឺតាមរយៈមេខ្យល់ដោយត្រូវចំណាយលុយឱ្យមេខ្យល់ក្នុងមួយនាក់ពី ៥ ០០០ បាត ដោយការទាក់ទងមេខ្យល់តាមទូរស័ព្ទ។ទាក់ទងទៅនឹងបញ្ហាមេខ្យល់នេះ បើតាមមន្រ្តីនគរបាលការពារព្រំដែនបាននិយាយថា ពលករដែលបង្រ្កាបបានគឺមិនដែលស្គាល់មេខ្យល់ទេ គឺគ្រាន់តែដឹងថាធ្វើដំណើរតាមរថយន្តហើយគេទម្លាក់ឱ្យចុះដើរឆ្លងដែនតែម្តង ដែលធ្វើឱ្យសមត្ថកិច្ចមិនអាចរកមេខ្យល់ឃើញ៕ អត្ថបទ៖ ពៅ

website_news/2022260404.txt · Last modified: 2022/04/26 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki