website_news:2022260408

ពលករខ្មែរ ១នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ១២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

https://www.khmertimeskh.com/ កែវ រចនា / Khmer Times April 25, 2022

ពលករខ្មែរ ១នាក់ និងថៃ ១នាក់បានស្លាប់ ព្រមទាំងរងរបួសធ្ងន់ស្រាល ១២នាក់ទៀត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកពលករខ្មែរបុកជាមួយរថយន្តធំនៅទឹកដីថៃ។ បច្ចុប្បន្នពលករខ្មែរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ។

យោងតាមពលករខ្មែរម្នាក់បានឲ្យដឹង នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្នុងចំណោមពួកគេដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រកភូមិសាស្ត្រខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានប្រមាណជាង៤០នាក់ ហើយត្រូវបានរថយន្តមេខ្យល់ថៃដឹកចេញជាបន្តបន្ទាប់ដោយក្រុមចេញមុន១ឡាន មានចំនួន១៨នាក់ ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកពលករខ្មែរបុកជាមួយរថយន្តធំបណ្តាលស្លាប់២នាក់ ថៃ១នាក់និងរបួសធ្ងន់ស្រាល១២នាក់។ ពលករខាងលើដែលសុំមិនបញ្ចេញឈ្មោះ បន្ថែមថា ក្រោយពលករខ្មែរជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ តម្រួតថៃរឹតបណ្តឹងតាមផ្លូវ ដោយត្រួតពិនិត្យតឹងរឹងបណ្តាលពួកគាត់ជាប់គាំងនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ដោយដេកចាំរថយន្តមេខ្យល់ថៃមកដឹកចេញនៅពេលពាក់កណ្តាលអាត្រាធទើបដឹកចេញជាបណ្តើរៗ ដោយរថយន្ត១គ្រឿងដឹកជិត២០នាក់ ហើយគេចពីតម្រួតថៃតាមដងផ្លូវ ដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល។

ពាកព័ន្ធពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ភូមិសាស្ត្រស្រុកម៉ាឡៃ បានប្រាប់ថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែន និងឃាត់ពលករខ្មែរដែលបម្រុងលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ ជាបន្តបន្ទាប់ហើយបានអប់រំ និងធ្វើកិច្ចសន្យា ចំណែកមេខ្យល់កំពុងស្រាវជ្រាវតាមចាប់ខ្លួនផងដែរ៕

website_news/2022260408.txt · Last modified: 2022/04/26 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki