website_news:2022260802

សម្ដេច ស ខេង ប្រាប់ UN ថា កម្ពុជា ជាប្រទេសរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងជាកន្លែងដើម្បីឆបោក

https://dap-news.com/ ByDR103Posted on August 25, 2022

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នករាយការណ៍ពិសេស UN ថា កម្ពុជា ជាប្រទេស រងគ្រោះដោយសារអំពើជួញដូរមនុស្ស ដោយហេតុថា ពួកឧក្រិដ្ឋជនយកកម្ពុជា ជាទីកន្លែងដើម្បីធ្វើការឆបោក ប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្ស។

នាឱកាសអនុញ្ញាតជូន លោក វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេស សិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ សីហា សម្ដេច ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្ត ក្នុងការចាត់វិធានការជាបន្តបន្ទាប់ ហើយបានបង្ក្រាបក៏ដូចជាជួយសង្គ្រោះ ជនរងគ្រោះបានអស់ជាច្រើននាក់ នៅក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះ ជាប្រចាំផងដែរ។ សម្ដេចបញ្ជាក់ថា «កម្ពុជាក៏ជាប្រទេស ដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួកឧក្រិដ្ឋជន បានឆ្លៀតការកេងចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជា ជាកន្លែងដើម្បីធ្វើការឆបោក ប្រព្រឹត្តអំពើជួញដូររត់ពន្ធ មនុស្សនេះ»។

សម្ដេចឲ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេច នឹងបន្តដឹកនាំ ដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ព្រមទាំងដើម្បីកៀរគរការចូលរួមចំណែក ផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធ ឈានទៅបង្ក្រាបមេខ្លោង ប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។ ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង ក៏បានលើកឡើងដែរថា ក្រសួងមហាផ្ទៃ ក៏កំពុងសហការជាមួយ ក្រសួងយុត្តិធម៌ ដើម្បីអនុវត្តវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សា ទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ ជំនួសឲ្យការឃុំឃាំង ដោយកិច្ចការទាំងនេះ ត្រូវតែអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយ នូវភាពមិនចង្អៀតណែនក្នុងពន្ធនាគារផង៕

website_news/2022260802.txt · Last modified: 2022/08/26 12:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki