website_news:2022260803

លោក គួច ចំរើន ប្រកាសប្រើ«ធម៌ក្តៅ»បញ្ជាឲ្យតាមចាប់ខ្លួនមេខ្លោងដែលជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៥ សីហា ២០២២ដោយ vann sokunthea

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសប្រើ«ធម៌ក្តៅ»ចំពោះបញ្ហាការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វិធានការដាច់ណាត់របស់លោក គួច ចំរើន នេះ គឺបន្ទាប់ពីមានព័ត៌មានលេចលឺថា នៅក្នុងខេត្តព្រះសីហនុ មានការជួញដូរពលកម្ម និងការបង្ខាំងមនុស្សដោយខុសច្បាប់ ជាពិសេស ទៅលើជនជាតិវៀតណាម ចិន និងឥណ្ឌូនេស៊ីជាដើម។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក គួច ចំរើន បានចេញបញ្ជាដាច់ខាតឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។ ដោយឡែក ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។

មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានអះអាងបន្ថែមថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺអាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕ ដោយ៖ វណ្ណ សុគន្ធា

website_news/2022260803.txt · Last modified: 2022/08/26 12:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki