website_news:2022260805

លោកហេងសួរ អំពាវនាវដល់ពលករខ្មែរនៅកូរ៉េកុំជឿទៅលើ «អប្បិយជំនឿ» ដែលមិនសមហេតុផល

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៥ សីហា ២០២២ដោយ Kang Tola

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់បងប្អូនពលករខ្មែរធ្វើការនៅកូរ៉េកុំជឿទៅលើអប្បិយជំនឿដែលមិនសមហេតុផល ដែលបានប្រឌិតឡើងដោយបុគ្គលម្នាក់នោះ ព្រោះវានឹងធ្វើឱ្យបងប្អូននឹងបាត់បង់ប្រាក់ចំណូលនិងឱកាសត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េវិញ។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរនៅកូរ៉េមួយចំនួន ដោយមានអ្នកខ្លះទើបចូលធ្វើការ និងខ្លះទៀតមិនទាន់ដាច់កិច្ចសន្យាការងារបាននាំគ្នាសម្រុកទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសវិញដោយសារតែមានបុគ្គលមេដឹកនាំរបស់ខ្លួនបានទស្សន៍ទាយថា មានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យក្រិនផែនដីហើយមានតែប្រទេសកម្ពុជាទេដែលមានសុវត្ថិភាពនិងសុខសាន្ត។

តាមរយៈសារសំឡេងនៅក្នុងតេឡេក្រាមនៅល្ងាចថ្ងៃទី២៥សីហានេះ លោកហេងសួរបានមានប្រសាសន៍ថា ក្រសួងការងារក៏ដូចជាស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានសហការជាមួយសមាគមគាំពារពលករដើម្បីធ្វើការពន្យល់ដល់បងប្អូនពលករខ្មែរយើងដែលចង់វិលត្រឡប់មកស្រុកវិញតាមការអំពាវនាវរបស់បុគ្គលមួយរូប ដែលជឿលើអបិយជំនឿបានឃោសនាឱ្យបងប្អូនវិលត្រឡប់មកស្រុកវិញដើម្បីនៅក្បែរគាត់។ លោកហេងសួរបានបន្តថា « នេះជាអប្បិយជំនឿមួយដែលមិនសមហេតុមិនសមផល ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនមិនថា ទាំងជនជាតិខ្មែរឬជនជាតិផ្សេងទេ ភាគច្រើនចង់បានទៅធ្វើការនៅកូរ៉េឬជប៉ុន។ ប៉ុន្តែពេលដែលយើងទៅដល់ទីនោះហើយ ស្រាប់តែវិលត្រឡប់មកវិញដោយឈរលើអប្បិយជំនឿមិនសមហេតុផលនេះ គឺវាជាការសោកស្តាយ»។

លោក ហេង សួរបានបន្តទៀតថា « ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនពលករខ្មែរយើងសូមយកលក្ខណៈវិទ្យាសាស្ត្រជាគោលហើយសូមគិតពីផលប្រយោជន៍របស់ខ្លួនផងដែរ។ បើបងប្អូនចេញមកទាំងបង្ខំបែបនេះមិនមានច្បាប់វិលត្រឡប់ទៅកូរ៉េវិញបានទេ ដែលធ្វើឱ្យបងប្អូនបាត់បង់ឱកាសល្អនិងបាត់បង់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារផងដែរ។ដូច្នេះសូមគិតបញ្ហារបស់ខ្លួន»៕ ដោយ ៖ សំអឿន

website_news/2022260805.txt · Last modified: 2022/08/26 12:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki