website_news:2022261201

ក្រសួងមហាផ្ទៃ បន្តចុះអនុស្សរណៈជាមួយអង្គការក្រៅរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស

https://www.btv.com.kh/article/18467 2022/12/23 09:28:22 am

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២២នេះ បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាជាមួយអង្គការដែនដីមនុស្សហូឡងដ៍-ប្រចាំកម្ពុជា ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានលើកុមារ ដោយអនុស្សរណៈបានធ្វើ ឡើងរវាងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងប្រធានអង្គការខាងលើនេះ។

ថ្លែងបន្ទាប់ពីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ការចុះអនុស្សរណៈ ជាមួយអង្គការក្រៅរាជរដ្ឋាភិបាលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានលើកុមារនៅកម្ពុជាឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយក ចិត្តិទុកដាក់យ៉ាងខ្លាំងនោះ។ លោកជំទាវ ជូ ប៊ុនអេង បានបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាន ធ្វើការជាមួយដៃគូជាច្រើនរួមទាំងអង្គការសហប្រជាជាតិផងនោះ បានខិតខំយ៉ាងសកម្មក្នុងការទប់ស្កាត់ ការជួញដូរមនុស្ស និងការរំលោភបំពានលើមនុស្សគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។

យ៉ាងណាក៏ដោយ លោកជំទាវ ជូ ប៊ុនអេង បានសំដែងនូវ ក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហការល្អ ជាមួយដែនដីមនុស្សហូឡងដ៍នាពេលនេះ បានក្លាយទៅជាដៃគូមួយទៀត ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការចុះអនុស្សរណៈជាមួយអង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូនានានេះ គឺមានគោលបំណងដូចជា៖ ការសហការប្រមូលព័ត៌មាន សម្រាប់ជំនួយដល់នីតិវិធីច្បាប់, ការសហការក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះ ការសហការសម្របសម្រួល ក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាព ការសហការសិក្សាស្រាវជ្រាវ និងតស៊ូមតិ ដើម្បីវិភាគ ចងក្រងរបាយការណ៍ អំពីរបកគំហើញ និងអនុសាសន៍ជាដើម៕ អត្ថបទ៖បាន ចក់

website_news/2022261201.txt · Last modified: 2022/12/26 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki