website_news:2022261204

ជនរងគ្រោះនៃការឆបោកជនជាតិថៃដែលប្រើបណ្តាញសង្គមហ្វេកបុកដើម្បីសុំការជួយសង្រ្គោះ ឥឡូវបានត្រឡប់មកប្រទេសថៃវិញហើយ

https://www.khmertimeskh.com/501208111// December 24, 2022

ជនរងគ្រោះ៧នាក់ ដែលបានសុំការជួយសង្រ្គោះតាមរយៈបណ្តាញសង្គមហ្វេកបុកពីក្រុមជនពាលដែលមានទីតាំងផ្សេង ឥឡូវនេះបានត្រឡប់មកពីកម្ពុជាវិញហើយ។ បុរស២នាក់ និងស្ត្រី៥នាក់ នោះបានត្រឡប់ទៅប្រទេសថៃវិញដោយឆ្លងព្រំដែនក្នុងស្រុកអារញ្ញខេត្តស្រះកែវកាលពីដើមសប្តាហ៍នេះដោយមានបុគ្គលិកស្ថានទូតថៃ និងមន្ត្រីសន្តិសុខកម្ពុជាបានជូនដំណើរផងដែរ។ មានតែ៤នាក់ប៉ុណ្ណោះដែលមានឯកសារធ្វើដំណើរត្រឹមត្រូវ ប៉ុន្តែអ្នកទាំង៧បានអះអាងថា ពួកគេត្រូវបាននាំយកមកកម្ពុជាដោយផ្ទុយនឹងឆន្ទៈរបស់ពួកគេតាមរយៈការឆ្លងដែនដែលគ្មានអ្នកត្រួតពិនិត្យត្រឹមត្រូវ ដែលនេះពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនៅតាមបណ្តាព្រំដែនប្រទេសកម្ពុជា។

ជនរងគ្រោះបានស្នើសុំជំនួយតាមបណ្តាញសង្គមហ្វេសប៊ុក។ ពួកគេបានអះអាងថា ជនឆបោកជនជាតិចិនបានបោកបញ្ឆោតពួកគេឲ្យធ្វើការនៅខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម។ ពួកគេបាននិយាយថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការ១៥ម៉ោងក្នុងមួយថ្ងៃដោយគ្មានប្រាក់ខែ។ បន្ទប់ស្នាក់នៅរបស់ពួកគេត្រូវបានហ៊ុមព័ទ្ធដោយលួសខ្សែភ្លើង ដូច្នេះពួកគេមិនអាចរត់គេចបានទេ ហើយជំនួសមកវិញ ពួកគេបានស្វែងរកការសង្រ្គោះតាមប្រព័ន្ធហ្វេសបុក។ ជនរងគ្រោះដែលត្រូវបានគេជួយសង្គ្រោះបានត្រឡប់មកស្រុកកំណើតពីប្រទេសកម្ពុជាវិញហើយបាននិយាយថាពួកគេត្រូវបានបង្ខំឱ្យបោកប្រាស់ជនជាតិថៃផ្សេងទៀតដើម្បីល្បួងពួកគេអោយខ្ចីប្រាក់។ ប្រសិនបើពួកគេមិនអាចបំពេញការងារបានល្អ ក្រុមជនពាលនឹងវាយដំពួកគេ។

បន្ទាប់ពីឃើញការផ្សាយផ្ទាល់របស់ពួកគេសុំជំនួយតាមបណ្តាញសង្គមហ្វេសបុក មន្រ្តីអន្តោប្រវេសន៍ខេត្តស្រះកែវបានចុះប្រតិបត្តិការជួយសង្គ្រោះ។ ទីតាំងឆបោកតាមប្រព័ន្ធទូរស័ព្ទនៅកម្ពុជាជាច្រើនកន្លែងត្រូវបាននគរបាលខេត្តស្រះកែវចុះបង្រ្កាបកាលពីសប្តាហ៍មុន។ ពួកគេទាំងអស់សុទ្ធតែមានរឿងស្រដៀងគ្នា ដែលចាត់ទុកខ្លួនឯងជាមនុស្សគ្មានកំហុស។ អ្នកគ្រប់គ្នាបានអះអាងថាពួកគេត្រូវបានគេបោក និងជួញដូរ។ ក្រុមជនឆបោកស្ទើរតែទាំងអស់បានអះអាងថាពួកគេគឺជាជនរងគ្រោះពិតប្រាកដ អ្នកដែលគួរតែត្រូវបានចាប់ខ្លួនគឺជនជាតិចិន។

នៅដើមឆ្នាំនេះ នគរបាលបានចាប់បានជនឆបោកជនជាតិថៃចំនួន២១ នាក់នៅក្នុងប្រទេសកម្ពុជា ដែលជាសមាជិកនៃក្រុមបីផ្សេងគ្នាក្រោមការគ្រប់គ្រងដោយជនជាតិចិន។ ប្រធានក្រុមការងារតាមអ៊ីនធឺណិតរបស់នគរបាលបាននិយាយថាទំហំទឹកប្រាក់ដែលបានមកពីការឆបោកនេះមានប្រមាណជាង ៥០០ លានបាត (១៤ លានដុល្លារ)។ ការជួញដូរមនុស្សបានក្លាយជាបញ្ហាដែលកើតមានជាយូរមកហើយនៅអាស៊ីអាគ្នេយ៍។ ពេលនេះបណ្តាញជនឧក្រិដ្ឋកំពុងស្វែងរកបន្ថែមទៀត ដើម្បីល្បួងជនរងគ្រោះប្រភេទផ្សេងគ្នា។ គោលដៅរបស់ពួកគេមានទំនោរទៅរកយុវជនក្មេងៗ មានចំណេះដឹងគ្រាន់បើ ចេះកុំព្យូទ័រ និងចេះនិយាយបានច្រើនភាសា។ ទាំងនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្រ្តរបស់ក្រុមជនពាលដែលត្រូវការកម្លាំងពលកម្មមានជំនាញ ដើម្បីធ្វើសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមមានការក្លែងបន្លំជារបៀបស្នេហា ការក្លែងបន្លំគ្រីបតូ ការលាងលុយកខ្វក់ និងល្បែងស៊ីសងខុសច្បាប់។ Thaiger

website_news/2022261204.txt · Last modified: 2022/12/26 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki