website_news:2022270401

សម្ដេចក្រឡាហោម សង្ឃឹមថា អង្គការ IOM នឹងបន្តជួយកម្ពុជា លើការងារទេសន្តប្រវេសន៍ និងការងារបម្រែលប្រម្រួលអាកាសធាតុ

https://cen.com.kh/ Posted ByPen Srey NeatApril 27, 2022

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Nenette Motus នាយិកាប្រចាំថ្នាក់តំបន់ របស់អង្គ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Nenette Motus ហើយក្នុងឱកាសនៃជំនួបនេះ សម្ដេចក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងគណៈកម្មការអន្តរក្រសួង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលអង្គការ IOM បានផ្ដល់មករាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោកស្រី និងបានសម្ដែងក្ដីសង្ឃឹមថា លោកស្រីនឹងបន្តផ្ដល់កិច្ចសហការគាំទ្រ ដល់ការងារទេសន្តប្រវេសន៍ ដែលជាកិច្ចការងារដ៏មានសារៈសំខាន់នេះ។ សម្ដេចក៏បានជម្រាបជូនដែរថា នៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការងារទេសន្តប្រវេសន៍នេះ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែនកម្ពុជាថៃ ហើយដែលការនេះមានការចូលរួមចំណែក យ៉ាងសំខាន់ពីអង្គការIOM។ សម្ដេចក៏បានមានប្រសាសន៍អំពីការផ្ដល់ជំនួយសាងសង់មជ្ឈមណ្ឌលសំចតទេសន្តប្រវេសន៍ពីសំណាក់អង្គការ IOM ដើម្បីទទួលពលរដ្ឋឆ្លងដែនក្នុងស្ថានភាពកូវីដ-១៩។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ទាំងក្រសួងស្ថាប័ន និងដៃគូ រួមទាំងប្រជាពលរដ្ឋ ដែលបានរួមចំណែកធ្វើការងារពាក់ព័ន្ធនឹងទេសន្តប្រវេសន៍នៅកម្ពុជា។

ជាការឆ្លើយតបលោកស្រី Nenette Motus បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការងារ ដ៏មានសារៈសំខាន់នេះ និងទទួលយកការជួយគាំទ្រពីអង្គការ IOM លើការងារទេសន្តប្រវេសន៍ ដោយលោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ១៩៩៣មក ដែលក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់កិច្ចសហការលើការងារនេះ យ៉ាងល្អប្រសើរ។ លោកស្រីក៏បានសម្ដែងការអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដែល ទទួលបានលទ្ធផលប្រសើរល្អជាគេ ក្នុងតំបន់លើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រីក៏បានអបអរសាទរកម្ពុជាដែលជាប្រទេស ទទួលបានជ័យលាភីល្អក្នុងការងារ គ្រប់គ្រងអន្តោប្រវេសន៍ និងបានទទួលធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកស្រីបានជម្រាបជូនសម្ដេចដែរថាអង្គការ IOMមិនត្រឹមតែធ្វើការងារទេសន្តប្រវេសន៍ ការងារទទួល និងជួយធ្វើសមាហរណកម្មពលរដ្ឋ ក្នុងសង្គមប៉ុណ្ណោះទេ តែអង្គការនេះក៏យកចិត្តទុកដាក់ លើបញ្ហាប្រឈមសាកលផងដែរ គឺបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលបានប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យមានចលនាបម្លាស់ទី នាំទៅដល់ការធ្វើទេសន្តប្រវេសន៍ របស់ប្រជាជន។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះ ការវាយតម្លៃអំពីការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយសម្ដេចក៏ចាត់ទុកដែរថា ជោគជ័យមួយផ្នែកនៃការគ្រប់គ្រងជំងឺនេះ ក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកពីអង្គការIOMដែរ ពិសេសការជួយរៀបចំឱ្យមានមណ្ឌលសំចតពលរដ្ឋ វិលចូលប្រទេសតាមច្រកព្រំដែន ដែលកត្តានេះជាការរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។ សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះការវាយតម្លៃ និងការគិតគូរបស់អង្គការ IOM អំពីបញ្ហាបម្រែលបម្រួលអាកាសធាតុ ដែលអាចធ្វើឱ្យមាន ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ សម្ដេចជាថ្មីម្ដងទៀត ក៏សង្ឃឹមជឿជាក់ថា លោកស្រី និងអង្គការIOM នឹងបន្តជួយកម្ពុជាលើការងារទេសន្តប្រវេសន៍ និងការងារបម្រែលប្រម្រួលអាកាសធាតុនេះ ហើយសម្ដេចសូមជូនពរលោកស្រី និងសហការីទទួលបានជោគជ័យ ក្នុងបេសកកម្មការងារនៅកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022270401.txt · Last modified: 2022/04/27 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki